ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលប្រកាសផ្អាកគម្រោងសង់ផ្លូវពីកំពង់ធំ ទៅកំពង់ឆ្នាំងមួយខ្សែ
× កំពង់ធំ៖ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានប្រកាសផ្អាកគម្រោងសិក្សាសាងសង់ផ្លូវតភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំងមួយខ្សែ ដោយត្រូវលើកគម្រោងទៅពេលក្រោយ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់ប្រជាលរដ្ឋដែលធ្វើដំណើរ ឬប្រកបរបរលើផ្ទៃទឹកទន្លេសាប។ សម្ដេចបានថ្លែងបែបនេះនៅក្នុងពិធីដាក់ឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៦ នៅថ្ងៃទី១១ខែមិថុនា។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ ៖
ក្នុងកម្មវិធីមួយកន្លងមក ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសថានឹងសាងសង់ផ្លូវចំនួនពីរខ្សែ ដែលមួយខ្សែតភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តក្រចេះ ហើយគម្រោងនេះត្រូវបានរដ្ឋាភិបាលដាក់ស្នើសុំប្រភពថវិកាពីរដ្ឋាភិបាលចិនរួចហើយ។
ឯផ្លូវមួយខ្សែទៀតតភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង ដែលត្រូវឆ្លងកាត់ទន្លេសាប ហើយត្រូវបានប៉ាន់ស្មានថាអាចចំណាយថវិកាស្ថាបនាជាង ១០០លានដុល្លារ។ ប៉ុន្តែផ្លូវមួយខ្សែនេះ ត្រូវបានរដ្ឋាភិបាលប្រកាសផ្អាកគម្រោងទៅវិញ ដោយការសាងសង់ផ្លូវ ស្ពាន ក្នុងភូមិសាស្ត្រនេះ ទាមទារការសិក្សាល្អិតល្អន់ ដើម្បីធានាមិនឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលធ្វើដំណើរ និងប្រកបរបរលើផ្ទៃទឹកទន្លេសាប៕
© រក្សាសិទ្ធិដោយ thmeythmey.com