ជាតិ
រដ្ឋមន្ត្រី​អប់រំ ហាម​អ្នកគ្រប់គ្រង​សាលារៀន យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះច្នៃ​ធ្វើជា​ជួង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់
12, Jun 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ប្រាប់​ឲ្យ​ប្រធាន​មន្ទី​រអប់រំ​ទូទាំងប្រទេស​ណែនាំ​ដល់​នាយក​គ្រប់គ្រង​សាលារៀន​ទាំងអស់ បញ្ឈប់​ការយក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មក​កែច្នៃ​ធ្វើជា​ជួង នៅតាម​សាលារៀន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដល់​កុមារ​កម្ពុជា​។



​លោក ហង់ ជួនណា​រ៉ុ​ន បាន​លើកយក​ការណែនាំ​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​នៅ​កម្ពុជា និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បានបញ្ជាក់​នៅក្នុង​លិខិត​ដូច្នេះ​ថា​៖«​ទោះបី​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ស្ថិតនៅក្នុង​សភាព​ល្អ​ស្អាត ឬ​ខូចខាត​ទ្រង់ទ្រាយ​ដើម​ក៏ដោយ ក៏​នៅតែ​អាច​ផ្ទុះ និង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គ្រប់ពេល ខណៈ​ដែលមាន​នរណាម្នាក់ យកមក​ដុំ កែច្នៃ ឬ​គ្រវែង​លេង​ជាដើម​»​។​

​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នេះ ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញថា សាលារៀន​មួយចំនួន នៅតែ​បន្ត​យក​អាវុធ​មិនទាន់​ផ្ទុះ​មក​ច្នៃ​ធ្វើជា​ជួង សម្រាប់​ប្រើ​(​គោះ​)​កំណត់​ពេលវេលា​សិក្សា​៕


Tag:
 គ្រាប់​យុទ្ធភណ្ឌ​
  ហង់ ជួនណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com