ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្នើ​ឲ្យ​ថៃ ចាត់វិធានការ​លើ​អ្នក​ក្លែងបន្លំ​និមិត្តសញ្ញា​ខ្មែរ​ដាក់​លើ​បាវ​អង្ករ​ថៃ ដើម្បី​នាំចេញ​ទៅ​កាណាដា​
12, Jun 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ កម្ពុជា ស្នើ​ឲ្យ​ភាគី​ថៃ ចាត់វិធានការ​លើ​ឈ្មួញ ដែល​បាន​បន្លំ​និមិត្តសញ្ញា​កម្ពុជា នៅលើ​បាវ​អង្ករ​របស់​ថៃ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​។ ការស្នើ​របស់​កម្ពុជា ធ្វើឡើង​ក្រោយ​រកឃើញថា មាន​ឈ្មួញ​ខិលខូច ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​លើ​អង្ករ យកទៅលក់​ក្នុង​ទីផ្សារ​ប្រទេស​កាណាដា កាលពី​ថ្មីៗ​នេះ​។



​បញ្ហា​បន្លំ​ម៉ាក​អង្ករ ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន់ សូរ​ស័ក្តិ និង​លោក ប៉ានី​យ៉ា​រ៉ា​ក់ ពូ​ល​ធុ​ប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ។ តាមរយៈ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផង​នោះ លោក ប៉ាន់ សូរ​ស័ក្តិ បានស្នើ​ឲ្យ​ភាគី​ថៃ ជួយ​ពិនិត្យមើល​លទ្ធភាព​ជួយ​ដោះស្រាយ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​បញ្ហា​ប្រើប្រាស់​រូប​សញ្ញា​និមិត្ត​អង្គរវត្ត​របស់​កម្ពុជា ដែល​ត្រូវបាន​ឈ្មួញ​បន្លំ​ដាក់​នៅលើ​បាវ​អង្ករ​ថៃ យកទៅលក់​នៅ​ទីផ្សារ​មួយចំនួន ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​។​

​តប​តាម​សំណើរ​របស់​កម្ពុជា​នេះ លោក ប៉ានី​យ៉ា​រ៉ា​ក់ ពូ​ល​ធុ​ប សន្យាថា អាជ្ញាធរ​ថៃ នឹង​ព្យាយាម​ទប់ស្កាត់​បញ្ហា​បន្លំ​ម៉ាក​អង្ករ​នេះ មិន​ឲ្យ​មាន​នៅលើ​ទីផ្សារ​ប្រទេស​កាណាដា​ទៀតឡើយ​។​«​ចំណាត់ការ​របស់​អាជ្ញា​ធរ​ថៃ ក្នុងការ​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ តាមរយៈ​កិច្ចសហការ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កាណាដា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ទំនិញ​អង្ករ​ខាងលើ​មាន​វត្តមាន​តទៅទៀត នៅតាម​ទីផ្សារ​ក្នុង​ក្រុង​ម៉ុងរ៉េអាល់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​។​

​កាលពីពេល​ថ្មី​នេះ ក្រសួងពាណិជ្ជកម្ម ទទួលបាន​ព័ត៌មាន​ពី​ការបន្លំ​អត្តសញ្ញាណ​របស់​ទំនិញ​អង្ករ​បរទេស (​ថៃ​) ដែលមាន​ដាក់​រូប​ប្រាសាទអង្គរវត្ត និង​ឈ្មោះ​ជា​ខេមរៈភាសា​ថា អង្ករ​ក្រអូប​ពិសេស ដើម្បី​បំភ័ន្ត​អ្នកប្រើប្រាស់​ពី​ប្រភពដើម​ទំនិញ​។ ក្រសួងពាណិជ្ជកម្ម នឹង​ស្វែងរក​ប្រភព​បទល្មើស​ដែល​បាន​ក្លែងបន្លំ​អង្ករ​ខ្មែរ​នៅ​ទីផ្សារ​ប្រទេស​កាណាដា ដើម្បី​ចាត់វិធានការ​តាម​មធ្យោបាយ​ការទូត និង​ផ្លូវច្បាប់​ចំពោះ​ករណីនេះ​។

​ជាមួយគ្នានេះ​ក្រសួងពាណិជ្ជកម្ម បាន​សង្កត់ធ្ងន់ថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា គឺ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល ចាប់តាំងពី​ដំណាក់កាល​ផលិត រហូតដល់​មាត់ច្រក​នាំចេញ ដោយមាន​ការចូលរួម​សហការ​ពី​វិស័យ​ឯកជន និង​ក្រុមហ៊ុននាំចេញ​៕


Tag:
 ប៉ាន់ សូរ​ស័ក្តិ​
 ​អង្ករ​
  និមិត្តសញ្ញា​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com