ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្នើឲ្យថៃ ចាត់វិធានការលើអ្នកក្លែងបន្លំនិមិត្តសញ្ញាខ្មែរដាក់លើបាវអង្ករថៃ ដើម្បីនាំចេញទៅកាណាដា រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ កម្ពុជា ស្នើឲ្យភាគីថៃ ចាត់វិធានការលើឈ្មួញ ដែលបានបន្លំនិមិត្តសញ្ញាកម្ពុជា នៅលើបាវអង្កររបស់ថៃ ដើម្បីនាំចេញទៅក្រៅប្រទេស។ ការស្នើរបស់កម្ពុជា ធ្វើឡើងក្រោយរកឃើញថា មានឈ្មួញខិលខូច ប្រើប្រាស់រូបប្រាសាទអង្គរវត្តលើអង្ករ យកទៅលក់ក្នុងទីផ្សារប្រទេសកាណាដា កាលពីថ្មីៗនេះ។
បញ្ហាបន្លំម៉ាកអង្ករ ត្រូវបានលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ និងលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ។ តាមរយៈចំណងការទូតរវាងប្រទេសទាំងពីរផងនោះ លោក ប៉ាន់ សូរស័ក្តិ បានស្នើឲ្យភាគីថៃ ជួយពិនិត្យមើលលទ្ធភាពជួយដោះស្រាយ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះបញ្ហាប្រើប្រាស់រូបសញ្ញានិមិត្តអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានឈ្មួញបន្លំដាក់នៅលើបាវអង្ករថៃ យកទៅលក់នៅទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។
តបតាមសំណើររបស់កម្ពុជានេះ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប សន្យាថា អាជ្ញាធរថៃ នឹងព្យាយាមទប់ស្កាត់បញ្ហាបន្លំម៉ាកអង្ករនេះ មិនឲ្យមាននៅលើទីផ្សារប្រទេសកាណាដាទៀតឡើយ។«ចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងក្រុងម៉ុងរ៉េអាល់»។ នេះជាការបញ្ជាក់របស់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។
កាលពីពេលថ្មីនេះ ក្រសួងពាណិជ្ជកម្ម ទទួលបានព័ត៌មានពីការបន្លំអត្តសញ្ញាណរបស់ទំនិញអង្ករបរទេស (ថៃ) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា អង្ករក្រអូបពិសេស ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ពីប្រភពដើមទំនិញ។ ក្រសួងពាណិជ្ជកម្ម នឹងស្វែងរកប្រភពបទល្មើសដែលបានក្លែងបន្លំអង្ករខ្មែរនៅទីផ្សារប្រទេសកាណាដា ដើម្បីចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់ចំពោះករណីនេះ។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ពីស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋាភិបាល ចាប់តាំងពីដំណាក់កាលផលិត រហូតដល់មាត់ច្រកនាំចេញ ដោយមានការចូលរួមសហការពីវិស័យឯកជន និងក្រុមហ៊ុននាំចេញ៕
Tag:
ប៉ាន់ សូរស័ក្តិ
អង្ករ
និមិត្តសញ្ញា
កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com