អត្ថបទពាណិជ្ជកម្ម
បារី 555 រួចពន្ធ និងក្លែងក្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងវាយលុកទីផ្សារបារីកម្ពុជា
× នៅស្ទើរតែគ្រប់ទីតាំងលក់រាយ បោះដុំផលិតផលបារីក្នុងទីផ្សារទូទាំងប្រទេស គឺសុទ្ធតែមានការតាំងលក់ និងការលក់លួចលាក់នូវផលិតផលបារី555 រួចពន្ធ (duty free) និងក្លែងក្លាយ ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមរបាយការណ៍ របស់ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលបារី555។
លោក អ៊ុំ រតនា ជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា បានគូសបញ្ជាក់ដូច្នេះ៖«យើងគឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយលក់ ផលិតផលបារី555 ។ ដូច្នេះរាល់អាជីវករដែលដាក់តាំងលក់ ឬលក់លួចលាក់ផលិតផលបារី555 រួចពន្ធ នៅក្រៅពីលក់នៅក្នុងទីផ្សាររួចពន្ធ (duty free) និងក្លែងក្លាយ គឺសុទ្ធតែជាអំពើខុសច្បាប់ទាំងអស់ ដែលត្រូវប្រឈមមុខនឹងការរឹបអូសយកទៅកម្ទេចចោល ក៏ដូចជាជាប់ទោសទណ្ឌតាមផ្លូវតុលាការ។ ដូចករណីចុះបង្ក្រាបថ្មីៗ សមត្ថកិច្ចរឹបអូសយកជាង ១.០០០ សុងពីទីតាំងលក់ក្នុងផ្សារធំថ្មី និងកន្លែងស្ដុកបារីរបស់អាជីវករមួយកន្លែង កាលពីសប្ដាហ៍មុន។
បើតាម លោក អ៊ុំ រតនា គ្រប់បារីក្លែងក្លាយទាំងអស់ គឺសុទ្ធតែផលិតឡើងចេញពីសារធាតុគីមីម្យ៉ាង ដែលគេហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងចំណីអាហារ ហើយវានឹងហុចផលអាក្រក់ដល់អ្នកជក់ ក្នុងរយៈពេលមួយដ៏ខ្លី។ ដើម្បីសម្គាល់ថាជាផលិតផលបារី 555 ពិតប្រាកដ និងស្របច្បាប់ គឺគេមើលនៅលើកញ្ចប់ និងសុងរបស់បារី 555 គឺមានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរ ទំហំ ៥៥% ហើយនៅផ្នែកចំហៀងខាងក្រោយកញ្ចប់ គឺមានបិតតែមប្រិ៍អាករ។ រីឯបារី 555 ក្លែងក្លាយវិញ គឺមានសារព្រមានជាភាសាអង់គ្លេស ពុំមានបិតតែមប្រិ៍អាករ ហើយលក់នៅក្រៅទីផ្សាររួចពន្ធ (duty free shop)។ នេះជាការបញ្ជាក់របសលោក អ៊ុំ រតនា ។
គួររំឭកថា កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយស្ថាប័យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងស្ដុកបារី នៅទីតាំងក្នុងផ្សារធំថ្មី និងរឹបអូសបានបារីខុសច្បាប់ និងបារីគេចពន្ធជាង ១.០០០ សុង ។ ករណីនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធី និងត្រូវកម្ទេចចោល៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com