ជាតិ
រថយន្ត
បេសកកម្មទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងឆ្ពោះទៅកាន់ខេត្តរតនគិរី នៅពេលឆាប់ៗនេះ!
× បន្ទាប់ពីជោគជ័យបេសកកម្មលើកទី១ និងទី២ រួចមក កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងចាប់ផ្តើមបេសកកម្មលើកទី៣ របស់ខ្លួនជាបន្តទៀត ដោយងាកទៅកាន់តំបន់ភូមិភាគឦសាន គឺនៅក្នុងខេត្តរតនគិរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Star Auto Cambodia បានលើកឡើងពីបេសកកម្មលើកទី៣នេះថា ក្រុមការងារនឹងធ្វើដំណើរទៅកាន់ខេត្តរតនគិរី ដោយផ្ដោតលើអេកូទេសចរណ៍, ទេសចរណ៍វប្បធម៌ និងការអភិរក្សសត្វដំរី។
តាមរយៈដំណើរបេសកកម្មនេះ ក្រុមការងារក៏នឹងសម្ភាសន៍ផ្ទាល់ជាមួយជនជាតិភាគតិច ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រពៃណីក្នុងតំបន់របស់ពួកគាត់។ ជាពិសេស ការចូលរួមអភិរក្សសត្វដំរីខ្មែររបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តាផងដែរ។ នេះជាលើកឡើងបន្ថែមរបស់លោក ឃុន ចាន់ថា មុននឹងលោកបញ្ជាក់ថា «តាមរយៈបេសកកម្មនេះ នឹងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅទីនោះកាន់តែប្រសើរជាងមុន»។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
សូមបញ្ជាក់ថា បេសកកម្មលើកទី១ និងទី២ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » ដែលបានរៀបចំកន្លងទៅ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់ និងការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com