FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lopetegui នឹង​ដឹកនាំ Real ក្រោយ​បញ្ចប់​ការងារ​ជាមួយ​អេ​ស្ប៉ា​ញ​នៅ World Cup
13, Jun 2018 , 3:38 pm        
រូបភាព
ដោយ: រួបរួម
​ក្លិប Real Madrid កាលពី​ថ្ងៃទី​១២ ខែមិថុនា បានប្រកាស​ពី​ការតែងតាំង​លោក Julen Lopetegui ជា​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។ លោក Lopetegui ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ត្រូវ​ជំនួស​តំណែង​លោក Zinedine Zidane ។



​លោក Julen Lopetegui វ័យ​៥១​ឆ្នាំ កំពុង​ជាប់​បេសកកម្ម​នាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។ ក្រោយ​ចប់​ព្រឹត្តិការណ៍​នេះ លោក​នឹង​ទៅ​នាំ​ក្លិប​យក្ស Real Madrid បន្ត​ពី​គ្រូបង្វឹក​បារាំង Zinedine Zidane​។​

​មុន​កាន់តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ​ខែកក្កដា ឆ្នាំ​២០១៦ លោក Lopetegui ធ្លាប់​ដឹកនាំ​ក្លិប Porto រយៈពេល​២​ឆ្នាំ បន្ថែម​លើ​បទពិសោធន៍​ដែល​លោក​ដឹក​ឈុត​យុវជន​នៅ​អេ​ស្ប៉ា​ញ​។​

​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ មាន​ទំនាក់ទំនង​ល្អ​ស្រាប់​ជាមួយ Sergio Ramos និង Isco ជាដើម ហេតុដូច្នេះ ការងារ​របស់លោក​ក្រោយ World Cup ទំនងជា​មិនមាន​បញ្ហា​ចោទ​អ្វី​នោះឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ត្រូវ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្រោយ​ការចាកចេញ​ពីរ​បស់ Zidane ដែល​នាំ Real ឈ្នះ​ពាន Champions League ៣​លើក​ជាប់​គ្នា​។​

​កន្លងមក សារព័ត៌មាន​ជាច្រើន បានលើកឡើង​ពី​ឈ្មោះ​លោក Mauricio Pochettino លោក Jurgen Klopp លោក Antonio Conte ឬ​លោក Michael Laudrup ជាដើម​។ ការប្រកាស​ពី​ការតែងតាំង​លោក Lopetegui ផ្តល់នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​មនុស្ស​ជាច្រើន​សុទ្ធតែ​មិនបាន​គិតដល់​៕

Tag:
 បាល់ទាត់​
  Real Madrid
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com