កីឡាជាតិ
ជាតិ
វឌ្ឍនាកា ពិតជាបានចរចាជាមួយក្លិបក្រៅប្រទេស ប៉ុន្តែមិនទាន់សម្រេចផ្លូវការ
× ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា កំពុងចរចាជាមួយក្លិបនៅក្រៅប្រទេស ប៉ុន្តែមិនទាន់ច្បាស់ថា ក្លិបសិង្ហបុរី Home United និងក្លិបរបស់ថៃ Chiangrai United នៅឡើយទេ ខណៈការចរចាមិនទាន់ឈានដល់ការឯកភាព១០០ភាគរយ។
ក្រោយចែកផ្លូវជាមួយក្លិបបាល់ទាត់ក្របខណ្ឌកំពូលម៉ាឡេស៊ី Pahang FA ពាក់កណ្តាលទីនៃជើងទី១នោះ ស្រាប់តែមានពាក្យចចាមអារ៉ាមថ្មីថា ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា កំពុងចរចាជាក្លិបលីគកំពូលសិង្ហបុរី Home United និង Chiangrai United របស់ថៃ។ វាជាព័ត៌មានលេចឡើងតៗគ្នា ប៉ុន្តែមិនទាន់មានចម្លើយច្បាស់លាស់ពីកីឡាករ ចាន់ វឌ្ឍនាកា នៅឡើយទេ។
សម្រាប់ ចាន់ វឌ្ឍនាកា ក៏មិនទាន់បដិសេធទាំងស្រុងថា ខ្លួនគ្មានអ្នកទាក់ទងទៅលេងក្រៅប្រទេសដែរ។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន ខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះ បានសរសេរដូច្នេះថា៖« ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា ខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លិបណាទេ ហើយក៏មិនទាន់យល់ព្រមជាមួយក្លិបណាដែរ។ ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លិបបរទេសពិតមែន ប៉ុន្តែមិនមែនក្លិបដែលព័ត៌មានមួយចំនួនលើកឡើងនោះឡើយ»។
តែយ៉ាងណា កីឡាករមានដើមកំណើតនៅខេត្តកំពតរូបនេះ មិនបានប្រាប់លម្អិតពីឈ្មោះក្លិប ដែលរូប កំពុងចរចានោះទេ ដរាបណាការចរចាមិនទាន់ឈានដល់ការព្រមព្រៀង១០០ភាគរយ។
កីឡាករ ចាន់ វឌ្ឍនាកា បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Pahang FA សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ តែក្រោយរួមរស់ជាមួយគ្នាបានប្រមាណជា៣ខែ វឌ្ឍនាកា ត្រូវបានក្លិបការពារតំណែងជើងឯកមួយនេះ បញ្ចប់កិច្ចសន្យាមុនពេលកំណត់ ក្រោមហេតុផលធ្វើមិនបានតាមអ្វីដែលក្លិបចង់បាន។ មុនមករួមរស់ជាមួយក្លិប Pahang FA នេះ វឌ្ឍនាកា ធ្លាប់បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិបក្របខណ្ឌទី៣របស់ជប៉ុន Fujieda My FC ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨៕
Tag:
បាល់ទាត់
ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com