នាយករដ្ឋមន្ត្រី​ឡាវ មិន​ព្រួយបារម្ភ​ថា ឡាវ​អាច​វ័ណ្ឌក​នឹង​បំណុល​ចិន​ឡើយ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ មិន​ព្រួយបារម្ភ​ថា ឡាវ​អាច​វ័ណ្ឌក​នឹង​បំណុល​ចិន​ឡើយ
14, Jun 2018 , 8:39 am        
រូបភាព
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​មួយចំនួន​ដែល​យល់ឃើញថា ឡាវ​អាច​នឹង​វ័ណ្ឌក​ដោយសារតែ​បំណុល​ពិសេស​ការបង្កើត​កិច្ចសហប្រតិបត្តិការ​កសាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាមួយ​ចិន​។ ក្រុង​វៀងចន្ទន៍ លើកឡើងថា ឡាវ​មានលទ្ធភាព​ហើយ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ជួយ​ខ្លួន​ឲ្យ​អាច​រួច​ផុតពី​ភាពក្រីក្រ​ទៅវិញ​ទេ​។​



​ពី​វេទិកា The Future of Asia នៅ​ទីក្រុង​តូ​ក្យូ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃ​១២ មិថុនា បាន​ពន្យល់​ពី​គម្រោង​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន​យ៉ាង​ដូច្នេះ​ថា​៖« ក្រុមហ៊ុន​ឡាវ និង​ចិន នឹង​ជួយ​សម្រួល​បន្ទុក​គ្នា​ទៅវិញទៅមក ហើយ​រដ្ឋាភិបាល​ឡាវ​ក៏​នឹងមាន​ហិរញ្ញវត្ថុ​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​កញ្ចប់​ថវិកាជាតិ​សម្រាប់​ការសាងសង់​នេះ​ផងដែរ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន  Nikkei​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​មិន​ព្រួយបារម្ភ​ពេក​ឡើយ​ពី​បញ្ហា​បំណុល ឬ​ពី​ផែនការ​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នោះ​។ លោក​សង្កត់ធ្ងន់ថា បទបញ្ញត្តិ​ជាច្រើន​នៃ​កិច្ចព្រមព្រៀង ជា​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ឡាវ​ថែម​ទៀតផង​។ 

​សម្រាប់​លោក​ផ្ទាល់ ការសាងសង់​ផ្លូវ​រថភ្លើង​នេះ​នឹង​ជួយ​ជំរុញ និង​ទាក់ទាញ​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រទេស​ឡាវ ដែល​កំពុងតែ​ព្យាយាម​កែប្រែ​ខ្លួន​ពី​ប្រទេស​ដែល​បិទ​ជិត​ដោយសារតែ​គ្មាន​សមុទ្រ ទៅជា​ប្រទេស​ដែលមាន​ការតភ្ជាប់​លើ​ដែន​គោក​វិញ​។​

​គួរកត់សម្គាល់​នោះ ការអត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ឡាវ​រូបនេះ ធ្វើឡើង​ក្នុង​គោលបំណង​ច្រានចោល​នូវ​ការលើកឡើង​របស់​នាយិកា​រ​ប្រតិបត្តិ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោកស្រី Christine Lagarde កាលពី​ខែ​មុន​។ នាយិការ​ប្រតិបត្តិ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​បាន​ព្រមាន​ថា គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន អាច​នឹង​បង្កើតជា​បញ្ហា​ធ្ងន់ធ្ងរ​ជាពិសេស​ការ​ផុងខ្លួន​នឹង​បញ្ហា​បំណុល​ងើប​មិន​រួច របស់​ប្រទេស​ពាក់ព័ន្ធ ដែល​ក្នុងនោះ​រួមមាន​ទាំង​ឡាវ​ផង​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន​ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​វិថី​មួយ ខ្សែក្រវាត់​មួយ​មាន​រយៈពេល​ប្រាំ​ឆ្នាំ  ហើយ​គម្រោង​នេះ​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ចុងឆ្នាំ​២០១៥ មកម្ល៉េះ​។ គម្រោង​ផ្លូវ​រថភ្លើង​នេះ មាន​ចម្ងាយ​សរុប ៤២៧,២ គីឡូ​ម៉ែត ដែលជា​ការតភ្ជាប់​ពី​ព្រំដែន​ចិន​រហូតដល់​រដ្ឋធានី​វៀងចន្ទន៍​៕



Tag:
 ឡាវ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65860 [1] => 10 [2] => នាយករដ្ឋមន្ត្រី​ឡាវ មិន​ព្រួយបារម្ភ​ថា ឡាវ​អាច​វ័ណ្ឌក​នឹង​បំណុល​ចិន​ឡើយ [3] => content [4] => [5] => ឡាវ​, ចិន [6] => 118 [7] => 0 [8] => )