អន្តរជាតិ
នាយករដ្ឋមន្ត្រីឡាវ មិនព្រួយបារម្ភថា ឡាវអាចវ័ណ្ឌកនឹងបំណុលចិនឡើយ
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានប្រតិកម្មទៅនឹងការលើកឡើងមួយចំនួនដែលយល់ឃើញថា ឡាវអាចនឹងវ័ណ្ឌកដោយសារតែបំណុលពិសេសការបង្កើតកិច្ចសហប្រតិបត្តិការកសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន។ ក្រុងវៀងចន្ទន៍ លើកឡើងថា ឡាវមានលទ្ធភាពហើយកិច្ចសហប្រតិបត្តិការនេះ នឹងជួយខ្លួនឲ្យអាចរួចផុតពីភាពក្រីក្រទៅវិញទេ។
ពីវេទិកា The Future of Asia នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្ត្រីឡាវ ថុងលួន ស៊ីសូលីត នៅថ្ងៃ១២ មិថុនា បានពន្យល់ពីគម្រោងផ្លូវរថភ្លើងឡាវ-ចិនយ៉ាងដូច្នេះថា៖« ក្រុមហ៊ុនឡាវ និងចិន នឹងជួយសម្រួលបន្ទុកគ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលឡាវក៏នឹងមានហិរញ្ញវត្ថុប្រហែលមួយភាគប្រាំនៃកញ្ចប់ថវិកាជាតិសម្រាប់ការសាងសង់នេះផងដែរ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា លោកមិនព្រួយបារម្ភពេកឡើយពីបញ្ហាបំណុល ឬពីផែនការកសាងផ្លូវរថភ្លើងល្បឿនលឿននោះ។ លោកសង្កត់ធ្ងន់ថា បទបញ្ញត្តិជាច្រើននៃកិច្ចព្រមព្រៀង ជាលក្ខខណ្ឌអនុគ្រោះសម្រាប់ឡាវថែមទៀតផង។
សម្រាប់លោកផ្ទាល់ ការសាងសង់ផ្លូវរថភ្លើងនេះនឹងជួយជំរុញ និងទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជានាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសឡាវ ដែលកំពុងតែព្យាយាមកែប្រែខ្លួនពីប្រទេសដែលបិទជិតដោយសារតែគ្មានសមុទ្រ ទៅជាប្រទេសដែលមានការតភ្ជាប់លើដែនគោកវិញ។
គួរកត់សម្គាល់នោះ ការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលឡាវរូបនេះ ធ្វើឡើងក្នុងគោលបំណងច្រានចោលនូវការលើកឡើងរបស់នាយិការប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Christine Lagarde កាលពីខែមុន។ នាយិការប្រតិបត្តិនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះបានព្រមានថា គម្រោងខ្សែក្រវាត់មួយវិថីមួយរបស់ចិន អាចនឹងបង្កើតជាបញ្ហាធ្ងន់ធ្ងរជាពិសេសការផុងខ្លួននឹងបញ្ហាបំណុលងើបមិនរួច របស់ប្រទេសពាក់ព័ន្ធ ដែលក្នុងនោះរួមមានទាំងឡាវផងនោះ។
សូមជម្រាបផងដែរថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមវិថីមួយ ខ្សែក្រវាត់មួយមានរយៈពេលប្រាំឆ្នាំ ហើយគម្រោងនេះបានចាប់ផ្តើមដំណើរការតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ។ គម្រោងផ្លូវរថភ្លើងនេះ មានចម្ងាយសរុប ៤២៧,២ គីឡូម៉ែត ដែលជាការតភ្ជាប់ពីព្រំដែនចិនរហូតដល់រដ្ឋធានីវៀងចន្ទន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com