ជាតិ
សេដ្ឋកិច្ច
មហាវិថី​មួយ​ខ្សែ នឹងត្រូវ​សង់​នៅ​តំបន់​បឹងទំពុន ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ក្បាលថ្នល់
14, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​មហាវិថី​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​មហាវិថី​សម្ដេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទៅ​ផ្លូវ ៣៧១ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ទីតាំង​ច្រមុះជ្រូក ក្បាលថ្នល់​។



​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្ដី ហ៊ុន នាង (​ផ្លូវ ៣០​ម៉ែត្រ​) នឹងត្រូវ​សាងសង់​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​តំបន់​ក្បាលថ្នល់​។  អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ឯកភាព​លើ​គម្រោង​នេះ​រួចរាល់​ហើយ ក្នុង​អង្គប្រជុំ​ស្ដីពី​ការសាងសង់​មហាវិថី​មួយ​នេះ នៅ​ថ្ងៃទី​១២​ខែមិថុនា​។​

​អ្នកនាំពាក្យ​សាលា​រាជធានី លោក ម៉េ​ត មាស​ភក្ដី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មហាវិថី​អ្នកឧកញ៉ា​មហា​ភក្ដី ហ៊ុន នាង នឹងត្រូវ​ស្ថាបនា​ដោយ​ត​ភ្ជាប់​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ម្ដុំ​អគារ showroom របស់​ក្រុមហ៊ុន​រថយន្ត Mercedes Benz ទៅ​ផ្លូវ ៣៧១ (​ម្ដុំ​ចំណុច​ពាក់កណ្ដាល​នៃ​ផ្លូវ​នេះ​)​។ ក្រៅពី​សង់​ផ្លូវ ស្ពាន​មួយ​ក៏​នឹងត្រូវ​ស្ថាបនា​តាម​បណ្ដោយ​ផ្លូវ​ថ្មី​នេះ​ផងដែរ​។​



​លោក ម៉េ​ត មាស​ភក្ដី មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​ថវិកា​សាងសង់​ផ្លូវ និង​ស្ពាន នៃ​គម្រោង​មួយ​នេះ​បានឡើយ ព្រោះ​គម្រោង​នេះ​ទាមទារ​ការសិក្សា​បន្ថែម​។​

​ការស្ថាបនា​មហាវិថី​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កំពុង​មមាញឹក​ខ្លាំង​នៅ​តំបន់​ក្បាលថ្នល់ ដោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ ៣៧១ អាចធ្វើ​ចរាចរ​ទៅ​ផ្លូវ​៦០​ម៉​ត្រ និង​ផ្លូវជាតិ​លេខ​២ បាន​ងាយស្រួល ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​កាត់​តាម​ច្រមុះជ្រូក​ក្បាលថ្នល់​។​

​នេះ​ជា​គម្រោង​មួយ​នៃ​ការអភិវឌ្ឍ​តំបន់ភ្នំ​ពេញ​ភាគខាងត្បូង ដែល​កំពុង​បង្ហាញ​សក្ដានុពល និង​បាន​ទាក់ទាញ​ការវិនិយោគ​ធំៗ ដូចជា បុរី ផ្សារ​ទំនើប​ជាដើម ជា​បន្តបន្ទាប់​។ ហើយ​តំបន់​នេះ​ក៏​កំពុង​ស្ថិតក្រោម​ការសិក្សា​រៀបចំ​ទីក្រុង ដោយ​រដ្ឋបាល​ក្រុងប៉ារីស​របស់​ប្រទេស​បារាំង​ផងដែរ​៕
 

Tag:
 ផ្លូវ​៣០​ម៉ែត្រ​
  បឹងទំពុន​
  ផ្លូវ​៦០​ម៉ែត្រ​
  ជើងឯក​
© រក្សាសិទ្ធិដោយ thmeythmey.com