ជាតិ
សេដ្ឋកិច្ច
មហាវិថីមួយខ្សែ នឹងត្រូវសង់នៅតំបន់បឹងទំពុន ដើម្បីសម្រួលចរាចរណ៍នៅក្បាលថ្នល់
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ គ្រោងសាងសង់មហាវិថីមួយខ្សែ ដែលតភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅផ្លូវ ៣៧១ ដើម្បីសម្រួលចរាចរណ៍នៅទីតាំងច្រមុះជ្រូក ក្បាលថ្នល់។
មហាវិថីអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) នឹងត្រូវសាងសង់ក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីសម្រួលចរាចរណ៍នៅតំបន់ក្បាលថ្នល់។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឯកភាពលើគម្រោងនេះរួចរាល់ហើយ ក្នុងអង្គប្រជុំស្ដីពីការសាងសង់មហាវិថីមួយនេះ នៅថ្ងៃទី១២ខែមិថុនា។
អ្នកនាំពាក្យសាលារាជធានី លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មហាវិថីអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង នឹងត្រូវស្ថាបនាដោយតភ្ជាប់ចេញពីផ្លូវ៦០ម៉ែត្រ ម្ដុំអគារ showroom របស់ក្រុមហ៊ុនរថយន្ត Mercedes Benz ទៅផ្លូវ ៣៧១ (ម្ដុំចំណុចពាក់កណ្ដាលនៃផ្លូវនេះ)។ ក្រៅពីសង់ផ្លូវ ស្ពានមួយក៏នឹងត្រូវស្ថាបនាតាមបណ្ដោយផ្លូវថ្មីនេះផងដែរ។
លោក ម៉េត មាសភក្ដី មិនទាន់អាចបញ្ជាក់ពីទំហំថវិកាសាងសង់ផ្លូវ និងស្ពាន នៃគម្រោងមួយនេះបានឡើយ ព្រោះគម្រោងនេះទាមទារការសិក្សាបន្ថែម។
ការស្ថាបនាមហាវិថីនេះឡើង គឺដើម្បីសម្រួលចរាចរណ៍ដែលកំពុងមមាញឹកខ្លាំងនៅតំបន់ក្បាលថ្នល់ ដោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ៣៧១ អាចធ្វើចរាចរទៅផ្លូវ៦០ម៉ត្រ និងផ្លូវជាតិលេខ២ បានងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើរកាត់តាមច្រមុះជ្រូកក្បាលថ្នល់។
នេះជាគម្រោងមួយនៃការអភិវឌ្ឍតំបន់ភ្នំពេញភាគខាងត្បូង ដែលកំពុងបង្ហាញសក្ដានុពល និងបានទាក់ទាញការវិនិយោគធំៗ ដូចជា បុរី ផ្សារទំនើបជាដើម ជាបន្តបន្ទាប់។ ហើយតំបន់នេះក៏កំពុងស្ថិតក្រោមការសិក្សារៀបចំទីក្រុង ដោយរដ្ឋបាលក្រុងប៉ារីសរបស់ប្រទេសបារាំងផងដែរ៕
Tag:
ផ្លូវ៣០ម៉ែត្រ
បឹងទំពុន
ផ្លូវ៦០ម៉ែត្រ
ជើងឯក
© រក្សាសិទ្ធិដោយ thmeythmey.com