អន្តរជាតិ
លោក ត្រាំ ថា ពិភពលោករួចផុតពីមហន្តរាយនុយក្លេអ៊ែរ ដោយសាររូបលោក និងលោក គីមជួបគ្នា លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន (រូបភាព AFP)
× ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរី បានបិទបញ្ចប់ ដោយមានសេចក្ដីថ្លែងការណ៍រួមមួយជុំវិញការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មួយថ្ងៃក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ពិភពលោកបានគេចផុតពីមហន្តរាយនុយក្លេអ៊ែរដោយសារជំនួបលោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ពោលsគឺចាប់ពីពេលនេះទៅ គ្មានការបាញ់មីស៊ីល និងការសាកល្បងនុយក្លេអ៊ែរទៀតឡើយ។
ក្រោយជំនួបពេញមួយព្រឹកថ្ងៃទី១២ ខែមិថុនានៅក្នុងសណ្ឋាគារ Capella របស់សិង្ហបុរី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដើម្បីឈានទៅរំសាយអាវុធនុយក្លេអ៊ែរឆាប់ៗ។ សម្រាប់លោក ត្រាំ ជំនួបលើកដំបូងបំផុតរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានជួយសង្គ្រោះពិភពលោកទាំងមូលដែលស្ថិតនៅមាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរទៅហើយនោះ។
តាមពិតទៅនោះ គ្មាននរណានឹកស្មានថា មេដឹកនាំប្រទេសដែលត្រូវបានទទួលស្គាល់ពេញពិភពលោកជាបិតាប្រជាធិបតេយ្យ ចាប់រលាក់ដៃមេដឹកនាំប្រទេសមួយដែលឯកោ គ្មានគេរាប់រក និងធ្វើទុក្ខបុកម្នេញប្រជាជនឯងបែបនេះឡើយ។ ចុងក្រោយ នៅលើកោះកំសាន្ត Sentosa ប្រធានាធិបតីអាមេរិកបានជួបចរចាជាមួយប្រមុខដឹកនាំជំនាន់ទីបីនៃប្រទេសគូសត្រូវ និងបានជជែកពីការលុបបំបាត់នុយក្លេអ៊ែរ ដែលជាការគំរាមកំហែងសន្តិសុខអន្តរជាតិដ៏ធំមួយ។
មួយថ្ងៃក្រោយជំនួបដ៏សំខាន់នេះ លោក ត្រាំ បានបង្ហោះសារពោរពេញដោយសុទិដ្ឋិនិយមតាម Twitter របស់ខ្លួន ដោយបានលើកឡើងថា ជំនួបរវាងមេដឹកនាំក្នុងតំណែងនៃប្រទេសធ្លាប់ប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមនេះ បានទាញពិភពលោកថយក្រោយពីមហន្តរាយនុយក្លេអ៊ែរ។ «គ្មានការបាញ់មីស៊ីល សាកល្បងនុយក្លេអ៊ែរ ឬការស្រាវជ្រាវទៀតឡើយ។ ឈ្លើយសឹកក៏បានត្រឡប់ជួបជុំគ្រួសារវិញ។ អរគុណប្រធាន គីម ។ ជំនួបរបស់យើងក្លាយជារឿងប្រវត្តិសាស្ត្រ។» នេះជាសំណែរថែមទៀតរបស់លោក ត្រាំ ។
ជុំវិញការរំសាយនុយក្លេអ៊ែរដែលជាប្រធានបទធំ លោក ត្រាំ ទទួលស្គាល់ហើយថា វាត្រូវការពេលវេលាយូរទៀត។ ក្នុងសន្និសីទក្រោយជំនួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីអាមេរិករូបនិយាយច្បាស់ៗថា វានឹងចាប់ផ្តើមចាប់ពីពេលនេះទៅ ហើយយន្តការរួមជាក់លាក់មួយក្នុងត្រួតពិនិត្យនៃដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។ ក្រៅពីនេះលោក ត្រាំ បានប្រកាសដែរថា ទណ្ឌកម្មប្រឆាំងកូរ៉េជើងនឹងនៅរក្សាដូចដើម រហូតដល់អាមេរិកមើលឃើញថា អាវុធនុយក្លេអ៊ែរត្រូវរំសាយ និងលែងជាបញ្ហាចោទទៀតហើយ។
មហាអំណាចធំៗដូចជាចិន ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងរុស្ស៊ីផង សុទ្ធតែបានស្វាគមន៍ជំនួបកំពូលនេះ។ យ៉ាងណាមិញ នេះជាជំហានដំបូងប៉ុណ្ណោះក្នុងដំណើរការឈានទៅរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ខណៈក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងហាក់មិនទាន់យល់ចិត្តគ្នាលើវិធីសាស្ត្ររំសាយនុយក្លេអ៊ែរនេះឡើយ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com