អន្តរជាតិ
លោក ត្រាំ ថា ពិភពលោក​រួចផុត​ពី​មហន្តរាយ​នុយក្លេអ៊ែរ ដោយសារ​រូបលោក និង​លោក គីម​ជួបគ្នា​
14, Jun 2018 , 9:19 am        
រូបភាព
លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន (រូបភាព AFP)
លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន (រូបភាព AFP)
​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី បាន​បិទ​បញ្ចប់ ដោយមាន​សេចក្ដីថ្លែងការណ៍​រួមមួយ​ជុំវិញ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​។ មួយថ្ងៃ​ក្រោយមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា ពិភពលោក​បានគេច​ផុត​ពី​មហន្តរាយ​នុយក្លេអ៊ែរ​ដោយសារ​ជំនួប​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ពោល​s​គឺ​ចាប់ពីពេលនេះ​ទៅ គ្មាន​ការបាញ់​មី​ស៊ី​ល និង​ការសាកល្បង​នុយក្លេអ៊ែរ​ទៀតឡើយ​។



​ក្រោយ​ជំនួប​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា​នៅក្នុង​សណ្ឋាគារ Capella របស់​សិង្ហ​បុរី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ឆាប់ៗ​។ សម្រាប់​លោក ត្រាំ ជំនួប​លើកដំបូង​បំផុត​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​ជួយសង្គ្រោះ​ពិភពលោក​ទាំងមូល​ដែល​ស្ថិតនៅ​មាត់ជ្រោះ​សង្គ្រាម​នុយក្លេអ៊ែរ​ទៅហើយនោះ​។​

​តាមពិត​ទៅនោះ គ្មាន​នរណា​នឹកស្មានថា មេដឹកនាំ​ប្រទេស​ដែល​ត្រូវបាន​ទទួលស្គាល់​ពេញ​ពិភពលោក​ជា​បិតា​ប្រជាធិបតេយ្យ ចាប់​រលាក់​ដៃ​មេដឹកនាំ​ប្រទេសមួយ​ដែល​ឯកោ គ្មាន​គេ​រាប់រក និង​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ឯង​បែបនេះ​ឡើយ​។ ចុងក្រោយ នៅលើ​កោះ​កំសាន្ត Sentosa ប្រធានាធិបតី​អាមេរិក​បាន​ជួបចរចា​ជាមួយ​ប្រមុខ​ដឹកនាំ​ជំនាន់​ទី​បី​នៃ​ប្រទេស​គូសត្រូវ និង​បាន​ជជែក​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ ដែលជា​ការគំរាមកំហែង​សន្តិសុខ​អន្តរជាតិ​ដ៏​ធំ​មួយ​។​

​មួយថ្ងៃ​ក្រោយ​ជំនួប​ដ៏​សំខាន់​នេះ លោក ត្រាំ បាន​បង្ហោះ​សារ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​តាម Twitter របស់ខ្លួន ដោយបាន​លើកឡើងថា ជំនួប​រវាង​មេដឹកនាំ​ក្នុង​តំណែង​នៃ​ប្រទេស​ធ្លាប់​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​នេះ បាន​ទាញ​ពិភពលោក​ថយក្រោយ​ពី​មហន្តរាយ​នុយក្លេអ៊ែរ​។ «​គ្មាន​ការបាញ់​មី​ស៊ី​ល សាកល្បង​នុយក្លេអ៊ែរ ឬ​ការស្រាវជ្រាវ​ទៀតឡើយ​។ ឈ្លើយសឹក​ក៏បាន​ត្រឡប់​ជួបជុំ​គ្រួសារ​វិញ​។ អរគុណ​ប្រធាន គីម ។ ជំនួប​របស់​យើង​ក្លាយជា​រឿង​ប្រវត្តិសាស្ត្រ​។​» នេះ​ជា​សំ​ណែរ​ថែមទៀត​របស់លោក ត្រាំ ។​

​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​ដែលជា​ប្រធានបទ​ធំ លោក ត្រាំ ទទួលស្គាល់​ហើយ​ថា វា​ត្រូវការ​ពេលវេលា​យូរ​ទៀត​។ ក្នុង​សន្និសីទ​ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​អាមេរិក​រូប​និយាយ​ច្បាស់ៗ​ថា វា​នឹង​ចាប់ផ្តើម​ចាប់ពីពេលនេះ​ទៅ ហើយ​យន្ត​ការរួម​ជាក់លាក់​មួយ​ក្នុង​ត្រួតពិនិត្យ​នៃ​ដំណើរការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ ក្រៅពីនេះ​លោក ត្រាំ បានប្រកាស​ដែរ​ថា ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ជើង​នឹង​នៅ​រក្សា​ដូចដើម រហូតដល់​អាមេរិក​មើលឃើញថា អាវុធ​នុយក្លេអ៊ែរ​ត្រូវ​រំសាយ និង​លែង​ជា​បញ្ហា​ចោទ​ទៀតហើយ​។​

​មហាអំណាច​ធំៗ​ដូចជា​ចិន ជប៉ុន កូរ៉េខាងត្បូង សហភាព​អឺរ៉ុប និង​រុស្ស៊ី​ផង សុទ្ធតែ​បាន​ស្វាគមន៍​ជំនួប​កំពូល​នេះ​។ យ៉ាងណាមិញ នេះ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​ក្នុង​ដំណើរការ​ឈានទៅរក​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​ពី​ឧបទ្វីប​កូរ៉េ ខណៈ​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​ហាក់​មិនទាន់​យល់ចិត្ត​គ្នា​លើ​វិធីសាស្ត្រ​រំសាយ​នុយក្លេអ៊ែរ​នេះឡើយ​៕


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com