ឌូ​ទើ​តេ ចង់​បំពាក់អាវុធ​ដល់​មេ​សហគមន៍​ដើម្បី​កម្ចាត់​ឧក្រិដ្ឋជន និង​ឈ្មួញ​គ្រឿងញៀន​
អន្តរជាតិ
ឌូ​ទើ​តេ ចង់​បំពាក់អាវុធ​ដល់​មេ​សហគមន៍​ដើម្បី​កម្ចាត់​ឧក្រិដ្ឋជន និង​ឈ្មួញ​គ្រឿងញៀន​
14, Jun 2018 , 11:32 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទិញ​កាំភ្លើងខ្លី​ដើម្បី​បំពាក់​ដល់​បណ្តា​មេដឹកនាំ​សហគមន៍​នានា​ដែលមាន​ឆន្ទៈ​ចង់​ចូលរួម​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋជន និង​អ្នកជួញដូរ​គ្រឿងញៀន​។ យ៉ាងណាមិញ វា​មានការ​បារម្ភ​ផងដែរ​ថា ការបំពាក់​អាវុធ​នេះ​អាច​នឹង​ដុត​បញ្ឆេះ​ហិង្សា​កាន់តែខ្លាំង​ថែម​ទៀតផង​។



​មេ​សហគមន៍​នានា​នៅ​ហ្វីលីពីន​អាចនឹងទទួល​បាន​អាវុធ​ដើម្បី​ប្រើប្រាស់​ប្រឆាំង​បទឧក្រិដ្ឋ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់មេ​ដឹកនាំ​ហ្វីលីពីន​លោក ឌូ​ទើ​តេ នៅ​ថ្ងៃ​អង្គារ​ទី ១២ ខែមិថុនា​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ឌូ​ទើ​តេ បញ្ជាក់ថា ចំណាត់ការ​នេះ​ស្ថិតក្នុង​ការពិចារណា ក្រោយ​ពេលដែល​លោក​បាន​ជួប​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រីប៉ូលិស និង​ក្រុម​ចារកម្ម​ទាំងអស់​។​

 លោក​ក៏​ធ្លាប់​បញ្ជាក់​ផងដែរ​ថា មេ​សហគមន៍​ទាំងនោះ​ក៏​អាច​ទទួលបាន​ការធានា​ការពារ​តាមផ្លូវ​ច្បាប់​ដូច​ប៉ូលិស ឬ​ទាហាន​ដែរ​ពេលដែល​ពួកគេ​បាញ់សម្លាប់​រាល់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ពេល​កំពុង​អនុវត្ត​ភារកិច្ច​នោះ​។

​មកដល់​ថ្ងៃ​ពុធ​ទី ១៣ ខែមិថុនា ក្រសួងមហាផ្ទៃ​ហ្វីលីពីន​បាន​បង្ហើប​ថា ខ្លួន​មាន​ផែន​ការទិញ​កាំភ្លើងខ្លី​ដើម្បី​ផ្តល់​ឲ្យ​មេដឹកនាំ​សហគមន៍​ដែលមាន​ឆន្ទៈ​ចង់​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​ដែរ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​គ្រប់គ្រង​មេដឹកនាំ​សហគមន៍ ៤២០០០​នាក់​នៅ​ទូទាំងប្រទេស លោក Martin Dino បាន​បញ្ជាក់ថា កាំភ្លើង​ដៃ​នឹងត្រូវ​ផ្តល់​ឲ្យ​ដល់​មន្ត្រី​ទាំងនោះ​ដោយ​មិន​គិតថ្លៃ ហើយ​ខ្លះទៀត​អាច​ទិញ​ខ្លួនឯង​ដោយមាន​ការជួយឧបត្ថម្ភ​ពីរ​ដ្ឋ​។ លោក​បាន​សង្កត់ធ្ងន់ថា កាំភ្លើង​នេះ​ផ្តល់​ឲ្យ​តែ​មេដឹកនាំ​សហគមន៍​ណា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ប៉ុណ្ណោះ​។​

​លោក ឌូ​ទើ​តេ ម្តង​ជា​ពីរដង​ដែរ​បាន​បង្ហើប​ថា មន្ត្រី​សហគមន៍​ជាច្រើន​នាក់​មាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឬ​បកស្រាយ​ឲ្យ​ច្បាស់​ថា ជា​ពាណិជ្ជកម្ម​អ្វី​ឡើយ​។ យ៉ាងណាមិញ​គេ​អាច​យល់បាន​ថា លោក​ចង់​សំដៅលើ​ការជាប់​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀនរ​បស់​មន្ត្រី​ទាំង​សហគមន៍​ដែរ​។​

​ខាង​សិទ្ធិមនុស្ស​និង​អ្នក​រិះគន់​លោក ឌូ​ទើ​តេ បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នេះ​ដោយ​អះអាងថា រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ហិង្សា​ប្រដាប់អាវុធ​ផុសផុល​ឡើង​ក្នុង​សហគមន៍​។ ពូកគេ​បន្ថែមថា រដ្ឋាភិបាល​មិនបាន​ព្យាយាម​ដោះស្រាយ​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​កើតមាន​ការជួញដូរ​គ្រឿង​ញៀន​ឡើយ​។ ផ្ទុយ​វិញ​គេ​កំពុង​ព្យាយាម​ជំរុញ​យុទ្ធនាការ​កម្ចាត់​អ្នកប្រើប្រាស់​គ្រឿងញៀន​តូចតាច​នៅតាម​សហគមន៍​ក្រីក្រ តាមរយៈ​ការបាញ់សម្លាប់​រាល់​ជន​ដែល​គេ​សង្ស័យថា ប្រើប្រាស់​ឬ​ជួញដូរ​គ្រឿងញៀន​កន្លង​មក​នោះ​។

​តាមពិតទៅ លោក ឌូ​ទើ​តេ រង​ការទិតៀន​និង​ថ្កោលទោស​ខ្លាំង​ដែរ​កន្លងមក​ដោយសារ​ការអនុវត្ត​គោលនយោបាយ​សង្គ្រាម​គ្រឿងញៀន​ព្រៃផ្សៃ និង​ចម្រូងចម្រាស​បំផុត​នោះ​។ បើតាម​ក្រុម​សិទ្ធិមនុស្ស សង្គ្រាម​នេះ​ឆក់យក​ជីវិត​មនុស្ស​ច្រើន​ពាន់​នាក់​រួចទៅហើយ ហើយ​គេ​ក៏​ចោទប្រកាន់​ផងដែរ​ថា កងកម្លាំង​រដ្ឋាភិបាល​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ព្រោះ​គេ​បាញ់សម្លាប់​ជនសង្ស័យ​ដោយ​មិនមាន​ព័ត៌មាន​ចារកម្ម​ត្រឹមត្រូវ​និង​ច្បាស់លាស់​ឡើយ​។

​ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​នេះ ហើយ​ពន្យល់ថា អ្នក​ដែល​ត្រូវ​បាញ់សម្លាប់​នោះ​គឺជា​អ្នកជួញដូរ​គ្រឿងញៀន​ដែល​ប្រើប្រាស់​ហិង្សា​តបត​ជាមួយ​ប៉ូលិស​ពេលដែល​គេ​ត្រូវ​ចាប់ខ្លួន​ប៉ុណ្ណោះ​។ អ្នក​ដែល​មិន​តដៃ​ជាមួយ​ប៉ូលិស​ត្រឹម​រង​ការចាត់​ខ្លួន និង​កាត់ទោស​ប៉ុណ្ណោះ​៕ 



Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  សង្គ្រាម​គ្រឿងញៀន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65872 [1] => 10 [2] => ឌូ​ទើ​តេ ចង់​បំពាក់អាវុធ​ដល់​មេ​សហគមន៍​ដើម្បី​កម្ចាត់​ឧក្រិដ្ឋជន និង​ឈ្មួញ​គ្រឿងញៀន​ [3] => content [4] => [5] => រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​, សង្គ្រាម​គ្រឿងញៀន​, ហ្វីលីពីន [6] => 39 [7] => 0 [8] => )