អន្តរជាតិ
ឌូទើតេ ចង់បំពាក់អាវុធដល់មេសហគមន៍ដើម្បីកម្ចាត់ឧក្រិដ្ឋជន និងឈ្មួញគ្រឿងញៀន
× ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ទិញកាំភ្លើងខ្លីដើម្បីបំពាក់ដល់បណ្តាមេដឹកនាំសហគមន៍នានាដែលមានឆន្ទៈចង់ចូលរួមប្រយុទ្ធប្រឆាំងឧក្រិដ្ឋជន និងអ្នកជួញដូរគ្រឿងញៀន។ យ៉ាងណាមិញ វាមានការបារម្ភផងដែរថា ការបំពាក់អាវុធនេះអាចនឹងដុតបញ្ឆេះហិង្សាកាន់តែខ្លាំងថែមទៀតផង។
មេសហគមន៍នានានៅហ្វីលីពីនអាចនឹងទទួលបានអាវុធដើម្បីប្រើប្រាស់ប្រឆាំងបទឧក្រិដ្ឋ និងបទល្មើសជួញដូរគ្រឿងញៀនជាដើម។ នេះបើតាមការលើកឡើងរបស់មេដឹកនាំហ្វីលីពីនលោក ឌូទើតេ នៅថ្ងៃអង្គារទី ១២ ខែមិថុនា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ឌូទើតេ បញ្ជាក់ថា ចំណាត់ការនេះស្ថិតក្នុងការពិចារណា ក្រោយពេលដែលលោកបានជួបប្រឹក្សាយោបល់ជាមួយមន្ត្រីប៉ូលិស និងក្រុមចារកម្មទាំងអស់។
លោកក៏ធ្លាប់បញ្ជាក់ផងដែរថា មេសហគមន៍ទាំងនោះក៏អាចទទួលបានការធានាការពារតាមផ្លូវច្បាប់ដូចប៉ូលិស ឬទាហានដែរពេលដែលពួកគេបាញ់សម្លាប់រាល់ជនសង្ស័យជាឧក្រិដ្ឋជនពេលកំពុងអនុវត្តភារកិច្ចនោះ។
មកដល់ថ្ងៃពុធទី ១៣ ខែមិថុនា ក្រសួងមហាផ្ទៃហ្វីលីពីនបានបង្ហើបថា ខ្លួនមានផែនការទិញកាំភ្លើងខ្លីដើម្បីផ្តល់ឲ្យមេដឹកនាំសហគមន៍ដែលមានឆន្ទៈចង់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋដែរ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុកគ្រប់គ្រងមេដឹកនាំសហគមន៍ ៤២០០០នាក់នៅទូទាំងប្រទេស លោក Martin Dino បានបញ្ជាក់ថា កាំភ្លើងដៃនឹងត្រូវផ្តល់ឲ្យដល់មន្ត្រីទាំងនោះដោយមិនគិតថ្លៃ ហើយខ្លះទៀតអាចទិញខ្លួនឯងដោយមានការជួយឧបត្ថម្ភពីរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា កាំភ្លើងនេះផ្តល់ឲ្យតែមេដឹកនាំសហគមន៍ណាដែលមិនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ។
លោក ឌូទើតេ ម្តងជាពីរដងដែរបានបង្ហើបថា មន្ត្រីសហគមន៍ជាច្រើននាក់មានពាក់ព័ន្ធនឹងការជួញដូរពាណិជ្ជកម្ម ប៉ុន្តែលោកមិនបញ្ជាក់ឬបកស្រាយឲ្យច្បាស់ថា ជាពាណិជ្ជកម្មអ្វីឡើយ។ យ៉ាងណាមិញគេអាចយល់បានថា លោកចង់សំដៅលើការជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនរបស់មន្ត្រីទាំងសហគមន៍ដែរ។
ខាងសិទ្ធិមនុស្សនិងអ្នករិះគន់លោក ឌូទើតេ បានបង្ហាញក្តីបារម្ភចំពោះចំណាត់ការរបស់រដ្ឋាភិបាលហ្វីលីពីននេះដោយអះអាងថា រដ្ឋាភិបាលកំពុងជំរុញឲ្យហិង្សាប្រដាប់អាវុធផុសផុលឡើងក្នុងសហគមន៍។ ពូកគេបន្ថែមថា រដ្ឋាភិបាលមិនបានព្យាយាមដោះស្រាយមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានការជួញដូរគ្រឿងញៀនឡើយ។ ផ្ទុយវិញគេកំពុងព្យាយាមជំរុញយុទ្ធនាការកម្ចាត់អ្នកប្រើប្រាស់គ្រឿងញៀនតូចតាចនៅតាមសហគមន៍ក្រីក្រ តាមរយៈការបាញ់សម្លាប់រាល់ជនដែលគេសង្ស័យថា ប្រើប្រាស់ឬជួញដូរគ្រឿងញៀនកន្លងមកនោះ។
តាមពិតទៅ លោក ឌូទើតេ រងការទិតៀននិងថ្កោលទោសខ្លាំងដែរកន្លងមកដោយសារការអនុវត្តគោលនយោបាយសង្គ្រាមគ្រឿងញៀនព្រៃផ្សៃ និងចម្រូងចម្រាសបំផុតនោះ។ បើតាមក្រុមសិទ្ធិមនុស្ស សង្គ្រាមនេះឆក់យកជីវិតមនុស្សច្រើនពាន់នាក់រួចទៅហើយ ហើយគេក៏ចោទប្រកាន់ផងដែរថា កងកម្លាំងរដ្ឋាភិបាលបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរព្រោះគេបាញ់សម្លាប់ជនសង្ស័យដោយមិនមានព័ត៌មានចារកម្មត្រឹមត្រូវនិងច្បាស់លាស់ឡើយ។
ប៉ុន្តែអាជ្ញាធររដ្ឋបានទាត់ចោលរាល់ការចោទប្រកាន់នេះ ហើយពន្យល់ថា អ្នកដែលត្រូវបាញ់សម្លាប់នោះគឺជាអ្នកជួញដូរគ្រឿងញៀនដែលប្រើប្រាស់ហិង្សាតបតជាមួយប៉ូលិសពេលដែលគេត្រូវចាប់ខ្លួនប៉ុណ្ណោះ។ អ្នកដែលមិនតដៃជាមួយប៉ូលិសត្រឹមរងការចាត់ខ្លួន និងកាត់ទោសប៉ុណ្ណោះ៕
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
សង្គ្រាមគ្រឿងញៀន
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com