កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​១២០ នៅ​UN ថ្កោលទោស​អ៊ីស្រាអែល​ជុំវិញ​អំពើហិង្សា​នៅ​ហ្កា​ស្សា​

អន្តរជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​១២០ នៅ​UN ថ្កោលទោស​អ៊ីស្រាអែល​ជុំវិញ​អំពើហិង្សា​នៅ​ហ្កា​ស្សា​
14, Jun 2018 , 2:16 pm         1162
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១២០​ប្រទេស​ក្នុងចំណោម​ប្រទេស ១៩៣ នៅ​ថ្ងៃទី​១៣ ខែមិថុនា បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​របស់​ប្រទេស​មូស្លីម និង​អារ៉ាប់​ដែល​ថ្កោលទោស​អ៊ីស្រាអែល​ចំពោះ​អំពើហិង្សា​នៅ​ទឹកដី​ហ្កា​ស្សា​របស់​ប៉ា​ឡេ​ស្ទី​ន​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ច្រើនជាង​មួយរយ​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ដ៏​ហិង្សា​របស់​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​នាពេល​ថ្មីៗ​នេះ​។ សមាជិក​ភាគច្រើន​ក៏​ទាត់ចោល​ដំណោះស្រាយ​ដាច់ដោយឡែក​របស់​អាមេរិក​ដែល​ទម្លាក់កំហុស​នេះ​ឲ្យ​ក្រុម​ហា​ម៉ាស់​ដែរ​។


​បន្ទាប់ពី​បរាជ័យ​មិនអាច​ធ្វើ​អ្វី​អ៊ីស្រាអែល​បាន​នៅក្នុង​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ​ព្រោះ​អាមេរិក​ចេញមុខ​ជួយ ក្រុម​ប្រទេស​មូស្លីម និង​អារ៉ាប់​ក៏​ងា​ករក​ជំនួយ​ពី​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​វិញ​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៣ ខែមិថុនា មហាសន្និបាត​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​មួយ​ដោយបាន​ថ្កោលទោស​ទង្វើ​ហិង្សា​របស់​អ៊ីស្រាអែល​ក្នុងការ​បង្ក្រាប​ការតវ៉ា​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​តំបន់​ព្រំដែន​អ៊ីស្រាអែល​-​ហ្កា​ស្សា​។

​ស្នើ​ដោយ​អាល់​ហ្ស៊េ​រី និង​តួ​ក​គី ដែលជា​តំណាង​ដោយ​ប្រទេស​មី​ស្លី​ម និង​អារ៉ាប់ ដំណោះស្រាយ​ថ្កោលទោស​អ៊ីស្រាអែល​នេះ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១២០ ដែល​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផងដែរ​។ ប្រទេស ៨ ប្រឆាំង និង ៤៥ ផ្សេងទៀត​អនុប្បវាទ​។ ប្រទេស​អឺរ៉ុប​១២​បាន​គាំទ្រ​ដំណោះស្រាយ​នេះ ខណៈ​១៣​ប្រទេស​ទៀត​បោះឆ្នោត​អនុប្បវាទ ឯ​ចិន និង​រុស្ស៊ី​គាំទ្រ​។ អាមេរិក អ៊ីស្រាអែល និង​ប្រទេស​៦​ទៀត​បោះឆ្នោត​ប្រឆាំង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ដំណោះស្រាយ​ខាងលើនេះ​បានបង្ហាញ​នូវ​សកម្មភាព​ហិង្សា និង​ការឆ្លើយតប​ហួសហេតុ​របស់​ទាហាន​អ៊ីស្រាអែល​លើ​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន និង​បានស្នើ​ឲ្យ​មានការ​ការពារ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​រស់នៅ​តំបន់​ហ្កា​ស្សា និង​ទឹកដី​ត្រើយ​ខាងកើត​ផង​។ ក្នុងការ​ប៉ះទង្គិច​ថ្មី​នេះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​១២៩​នាក់​បាន​បាត់​បង់ជីវិត​ក្រោម​ស្នាដៃ​របស់​ទាហាន​អ៊ីស្រាអែល ខណៈ​ពុំមាន​ជនជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ស្លាប់​ឡើយ​។​

​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ អាមេរិក​ក៏បាន​ស្នើ​ដំណោះស្រាយ​មួយ​ផ្សេង​លើ​ករណី​ដូចគ្នានេះដែរ តែ​បាន​ចោទ​ក្រុម​ហា​ម៉ាស់​ថា នៅ​ពីក្រោយ​ទៅវិញ​។ ប៉ុន្តែ​សំណើ​របស់​អាមេរិក​មិន​បានទទួល​ការគាំទ្រ​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ឡើយ​។ ប្រទេស​គាំទ្រ​មានតែ​៦២ ប្រឆាំង​៥៨ និង​អនុប្បវាទ​៤២​។ ទោះជា​បរាជ័យ​មែន តំណាង​អាមេរិក Nikki Haley និយាយថា មាន​ប្រទេស​នៅ​ខាង​ត្រូវ​ច្រើនជាង​ខាង​ខុស​។ ឯ​តំណាង​អ៊ីស្រាអែល​លើកឡើងថា នេះ​ជាការ​ប៉ុនប៉ង​ដកសិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​។​

​តាមរយៈ​ដំណោះស្រាយ​ដែល​ត្រូវ​បានអនុម័ត​ដោយ​សំឡេង​លើស​ពីរភាគបី អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មាន​ភារៈ​បង្កើត​សេចក្ដីព្រាង​មួយ​សំដៅ​បង្កើត​យន្តការ​គាំពារ​ជា​អន្តរជាតិ​សម្រាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​រស់នៅ​តំបន់​ហ្កា​ស្សា និង​ត្រើយ​ខាងកើត​។ ទោះជា​ដំណោះស្រាយ​នេះ​មាន​គ្មាន​ការបង្ខំ​ឲ្យ​អនុវត្ត​ក្ដី វា​បានបង្ហាញ​ជំហរ​របស់​ប្រទេស​ភាគច្រើន​ក្នុងការ​គាំទ្រ​សិទ្ធិ​របស់​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវ​អ៊ីស្រាអែល​សង្កត់សង្កិនរ​ហូត​មក​៕  


Tag:
 ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  អាមេរិក​
  មហាសន្និបាត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next