អន្តរជាតិ
កម្ពុជាស្ថិតក្នុងចំណោមប្រទេស១២០ នៅUN ថ្កោលទោសអ៊ីស្រាអែលជុំវិញអំពើហិង្សានៅហ្កាស្សា កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
× សមាជិកអង្គការសហប្រជាជាតិចំនួន១២០ប្រទេសក្នុងចំណោមប្រទេស ១៩៣ នៅថ្ងៃទី១៣ ខែមិថុនា បានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់ប្រទេសមូស្លីម និងអារ៉ាប់ដែលថ្កោលទោសអ៊ីស្រាអែលចំពោះអំពើហិង្សានៅទឹកដីហ្កាស្សារបស់ប៉ាឡេស្ទីន។ ជនជាតិប៉ាឡេស្ទីនច្រើនជាងមួយរយនាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបង្ក្រាបដ៏ហិង្សារបស់កម្លាំងសន្តិសុខអ៊ីស្រាអែលនាពេលថ្មីៗនេះ។ សមាជិកភាគច្រើនក៏ទាត់ចោលដំណោះស្រាយដាច់ដោយឡែករបស់អាមេរិកដែលទម្លាក់កំហុសនេះឲ្យក្រុមហាម៉ាស់ដែរ។
បន្ទាប់ពីបរាជ័យមិនអាចធ្វើអ្វីអ៊ីស្រាអែលបាននៅក្នុងវេទិកាក្រុមប្រឹក្សាសន្តិសុខព្រោះអាមេរិកចេញមុខជួយ ក្រុមប្រទេសមូស្លីម និងអារ៉ាប់ក៏ងាករកជំនួយពីកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិវិញ។ ក្នុងកិច្ចប្រជុំថ្ងៃទី១៣ ខែមិថុនា មហាសន្និបាតបានបោះឆ្នោតគាំទ្រដំណោះស្រាយមួយដោយបានថ្កោលទោសទង្វើហិង្សារបស់អ៊ីស្រាអែលក្នុងការបង្ក្រាបការតវ៉ារបស់ជនជាតិប៉ាឡេស្ទីនតំបន់ព្រំដែនអ៊ីស្រាអែល-ហ្កាស្សា។
ស្នើដោយអាល់ហ្ស៊េរី និងតួកគី ដែលជាតំណាងដោយប្រទេសមីស្លីម និងអារ៉ាប់ ដំណោះស្រាយថ្កោលទោសអ៊ីស្រាអែលនេះទទួលបានសំឡេងគាំទ្រចំនួន១២០ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ ប្រទេស ៨ ប្រឆាំង និង ៤៥ ផ្សេងទៀតអនុប្បវាទ។ ប្រទេសអឺរ៉ុប១២បានគាំទ្រដំណោះស្រាយនេះ ខណៈ១៣ប្រទេសទៀតបោះឆ្នោតអនុប្បវាទ ឯចិន និងរុស្ស៊ីគាំទ្រ។ អាមេរិក អ៊ីស្រាអែល និងប្រទេស៦ទៀតបោះឆ្នោតប្រឆាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ដំណោះស្រាយខាងលើនេះបានបង្ហាញនូវសកម្មភាពហិង្សា និងការឆ្លើយតបហួសហេតុរបស់ទាហានអ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីន និងបានស្នើឲ្យមានការការពារជនជាតិប៉ាឡេស្ទីនដែលរស់នៅតំបន់ហ្កាស្សា និងទឹកដីត្រើយខាងកើតផង។ ក្នុងការប៉ះទង្គិចថ្មីនេះ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១២៩នាក់បានបាត់បង់ជីវិតក្រោមស្នាដៃរបស់ទាហានអ៊ីស្រាអែល ខណៈពុំមានជនជាតិអ៊ីស្រាអែលណាម្នាក់ស្លាប់ឡើយ។
ក្នុងកិច្ចប្រជុំដដែលនេះ អាមេរិកក៏បានស្នើដំណោះស្រាយមួយផ្សេងលើករណីដូចគ្នានេះដែរ តែបានចោទក្រុមហាម៉ាស់ថា នៅពីក្រោយទៅវិញ។ ប៉ុន្តែសំណើរបស់អាមេរិកមិនបានទទួលការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តឡើយ។ ប្រទេសគាំទ្រមានតែ៦២ ប្រឆាំង៥៨ និងអនុប្បវាទ៤២។ ទោះជាបរាជ័យមែន តំណាងអាមេរិក Nikki Haley និយាយថា មានប្រទេសនៅខាងត្រូវច្រើនជាងខាងខុស។ ឯតំណាងអ៊ីស្រាអែលលើកឡើងថា នេះជាការប៉ុនប៉ងដកសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។
តាមរយៈដំណោះស្រាយដែលត្រូវបានអនុម័តដោយសំឡេងលើសពីរភាគបី អគ្គលេខាធិការអង្គការសហប្រជាជាតិមានភារៈបង្កើតសេចក្ដីព្រាងមួយសំដៅបង្កើតយន្តការគាំពារជាអន្តរជាតិសម្រាប់ជនជាតិប៉ាឡេស្ទីនរស់នៅតំបន់ហ្កាស្សា និងត្រើយខាងកើត។ ទោះជាដំណោះស្រាយនេះមានគ្មានការបង្ខំឲ្យអនុវត្តក្ដី វាបានបង្ហាញជំហររបស់ប្រទេសភាគច្រើនក្នុងការគាំទ្រសិទ្ធិរបស់ប៉ាឡេស្ទីនដែលត្រូវអ៊ីស្រាអែលសង្កត់សង្កិនរហូតមក៕
Tag:
ប៉ាឡេស្ទីន
អ៊ីស្រាអែល
អាមេរិក
មហាសន្និបាត
© រក្សាសិទ្ធិដោយ thmeythmey.com