អន្តរជាតិ
តុលាការព្រហ្មទណ្ឌ ICC ដោះលែងអតីតមេក្រុមឧទ្ទាមកុងហ្គោដែលពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាម
× អតីតអនុប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Jean-Pierre Bemba បានចាកចេញពីមន្ទីរឃុំឃាំងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ហើយ ក្រោយស្ថាប័នយុត្តាធិការអន្តរជាតិនេះសម្រេចកាត់ក្តីថា លោកគ្មានទោសពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្គ្រាមទេ។ ឧក្រិដ្ឋកម្មសង្គ្រាមនេះកើតឡើងនៅចន្លោះពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣។
ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិបានសម្រេចនៅថ្ងៃសុក្រសប្តាហ៍មុនថា លោក Jean-Pierre Bemba មិនមានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋសង្គ្រាមក្នុងការសម្លាប់រង្គាលនិងធ្វើទុក្ខបុកម្នេញជនស៊ីវិលដែលបង្កឡើងដោយកងទ័ពរបស់លោកនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើយ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការសម្រេចឲ្យអតីតមេក្រុមឧទ្ទាមក្លាយជាអ្នកនយោបាយ Bemba រួចទោសនេះធ្វើឡើងក្រោយមានបណ្តឹងតវ៉ា ក្រោយតុលាការកាត់ក្តីឲ្យលោកជាប់ពន្ធនាគារ ១៨ ឆ្នាំកាលពីឆ្នាំ ២០១៦នោះ។
មេធាវីផ្ទាល់លោក Haynes បានបញ្ជាក់នៅថ្ងៃពុធទី ១៣ ខែមិថុនាថា អតីតអនុប្រធានាធិបតីសាធារណរដ្ឋកុងហ្គោវ័យ ៥៥ឆ្នាំខាងលើ បានចាកចេញពីមន្ទីរឃុំឃាំងនៃតុលាការអន្តរជាតិនៅក្រុងឡាអេរួចហើយ ក្រោយការសម្រេចសេចក្តីនេះ។
លោក Haynes បន្តថា លោក Bemba នឹងត្រឡប់ទៅកាន់ក្រុងព្រុចសែល ដើម្បីទៅរស់នៅជួបជុំជាមួយភរិយា និងកូនចំនួនប្រាំនាក់ផងដែរ។ ប៉ុន្តែលោកស្ថិតក្រោមការឃ្លាំមើលដោយតុលាការអន្តរជាតិនេះរហូតដល់គេអាចដឹងច្បាស់លាស់ពីប្រទេសដែលមានឆន្ទៈទទួលយកលោកឲ្យជ្រកកោន។
បច្ចុប្បន្ននេះ លោក Bemba កំពុងសុំសិទ្ធិជ្រកកោននៅបែលហ្ស៊ិក ហើយការស្នើសុំនេះស្ថិតក្រោមការត្រួតពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ។ លោកចង់ស្នាក់នៅទីនោះបណ្តោះអាសន្នប៉ុណ្ណោះ មុននឹងរៀបចំការធ្វើដំណើរត្រឡប់ទៅរស់នៅប្រទេសកំណើតវិញ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ភរិយានិងកូនលោក Bemba កំពុងរស់នៅផ្ទះវីឡាមួយនៅជាយក្រុងស្ថិតចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីព្រុចសែល។ ឆ្នាំ ២០០៨ លោក Bemba ក៏ត្រូវបានចាប់ខ្លួននៅក្រុងព្រុយសែលដោយអាជ្ញាធរបែលហ្ស៊ិកដែរ ក្រោមការស្នើសុំពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។
ត្រឡប់មកវិញ ក្នុងឆ្នាំ ២០១៦ ចៅក្រមតុលាការកាត់ក្តីឲ្យលោកជាប់ទោស ១៨ឆ្នាំ ក្រោយរកឃើញថា លោក Bemba មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាមដែលប្រព្រឹត្តដោយកងទ័ពស៊ីឈ្នួលរបស់លោកផ្ទាល់ក្នុងជម្លោះរយៈពេល៥ខែ នៅអាហ្វ្រិកកណ្តាល។
លោក Bemba បានបញ្ជូនទាហានស៊ីឈ្នួលដែលជាកម្លាំងឧទ្ទាមទៅអាហ្វ្រិកកណ្តាលខែតុលាឆ្នាំ ២០០២ ដើម្បីរៀបចំរដ្ឋប្រហារមួយប្រឆាំងប្រធានាធិបតី Ange-Felix Patasse។ ក្រោយមក លោក Bemba បានប្តូរទាហានស៊ីឈ្នួលទាំងនោះទៅជាអង្គការចាត់តាំងនយោបាយត្រឹមត្រូវផងដែរ ហើយនៅខែកក្កដាឆ្នាំ ២០០៣ លោកបានក្លាយជាអនុប្រធានាធិបតីក្នុងរដ្ឋាភិបាលអន្តរកាលមួយរហូតដល់ចុងឆ្នាំ ២០០៦។
បន្ទាប់មក អ្នកនយោបាយនេះឈរឈ្មោះជាប្រធានាធិបតីប្រជែងលោក Joseph Kabila ដែលជាប្រធានាធិបតី ប៉ុន្តែលោកបរាជ័យ។ នៅក្នុង ២០០៧ លោកប្រើប្រាស់កម្លាំងយោធារបស់ខ្លួនប្រឆាំងកម្លាំងរដ្ឋាភិបាល ហើយបរាជ័យទៀតរហូតដល់ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅបរទេស។ យ៉ាងណាក៏ដោយ អ្នកនយោបាយរូបនេះនៅទទួលបានការគាំទ្រច្រើនពីប្រជាជនសាធារណរដ្ឋប្រធាធិបតេយ្យកុងហ្គោដដែលមកដល់ឥឡូវនេះ៕
Tag:
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
ICC
Jean-Pierre Bemba
© រក្សាសិទ្ធិដោយ thmeythmey.com