អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ ICC ដោះលែង​អតីត​មេក្រុម​ឧទ្ទាម​កុង​ហ្គោ​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​សង្គ្រាម​
14, Jun 2018 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​លោក Jean-Pierre Bemba បាន​ចាក​ចេញពី​មន្ទីរឃុំឃាំង​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ហើយ ក្រោយ​ស្ថាប័ន​យុត្តាធិការ​អន្តរជាតិ​នេះ​សម្រេច​កាត់ក្តី​ថា លោក​គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​សង្គ្រាម​ទេ​។ ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​កើតឡើង​នៅ​ចន្លោះ​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៣​។



​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានសម្រេច​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា លោក Jean-Pierre Bemba មិនមាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម​ក្នុងការ​សម្លាប់​រង្គាល​និង​ធ្វើទុក្ខបុកម្នេញ​ជន​ស៊ីវិល​ដែល​បង្កឡើង​ដោយ​កងទ័ព​របស់លោក​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ឡើយ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការសម្រេច​ឲ្យ​អតីត​មេក្រុម​ឧទ្ទាម​ក្លាយជា​អ្នកនយោបាយ Bemba រួច​ទោស​នេះ​ធ្វើឡើង​ក្រោយ​មាន​បណ្តឹងតវ៉ា ក្រោយ​តុលាការ​កាត់ក្តី​ឲ្យ​លោក​ជាប់ពន្ធនាគារ ១៨ ឆ្នាំ​កាលពី​ឆ្នាំ ២០១៦​នោះ​។​

​មេធាវី​ផ្ទាល់​លោក Haynes បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​ទី ១៣ ខែមិថុនា​ថា អតីត​អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​កុង​ហ្គោ​វ័យ ៥៥​ឆ្នាំ​ខាងលើ បាន​ចាក​ចេញពី​មន្ទីរឃុំឃាំង​នៃ​តុលាការអន្តរជាតិ​នៅ​ក្រុងឡាអេ​រួចហើយ ក្រោយ​ការសម្រេចសេចក្តី​នេះ​។

​លោក Haynes បន្តថា លោក Bemba នឹង​ត្រឡប់​ទៅកាន់​ក្រុង​ព្រុ​ច​សែ​ល ដើម្បី​ទៅ​រស់នៅ​ជួបជុំ​ជាមួយ​ភរិយា និង​កូន​ចំនួន​ប្រាំ​នាក់​ផងដែរ​។ ប៉ុន្តែ​លោក​ស្ថិតក្រោម​ការឃ្លាំមើល​ដោយ​តុលាការអន្តរជាតិ​នេះ​រហូតដល់​គេ​អាច​ដឹង​ច្បាស់លាស់​ពី​ប្រទេស​ដែលមាន​ឆន្ទៈ​ទទួលយក​លោក​ឲ្យ​ជ្រកកោន​។​

​បច្ចុប្បន្ននេះ លោក Bemba កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បែលហ្ស៊ិក ហើយ​ការស្នើសុំ​នេះ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​។ លោក​ចង់​ស្នាក់នៅ​ទីនោះ​បណ្តោះអាសន្ន​ប៉ុណ្ណោះ មុននឹង​រៀបចំ​ការធ្វើដំណើរ​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​កំណើត​វិញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ភរិយា​និង​កូនលោក Bemba កំពុង​រស់នៅ​ផ្ទះ​វីឡា​មួយ​នៅ​ជាយក្រុង​ស្ថិត​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ពី​ព្រុ​ច​សែ​ល​។ ឆ្នាំ ២០០៨ លោក Bemba ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​ព្រុយ​សែ​ល​ដោយ​អាជ្ញាធរ​បែលហ្ស៊ិក​ដែរ ក្រោម​ការស្នើសុំ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​។​

​ត្រឡប់មកវិញ ក្នុង​ឆ្នាំ ២០១៦ ចៅក្រម​តុលាការ​កាត់ក្តី​ឲ្យ​លោក​ជាប់ទោស ១៨​ឆ្នាំ ក្រោយ​រកឃើញថា លោក Bemba មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ស៊ីឈ្នួល​របស់លោក​ផ្ទាល់​ក្នុង​ជម្លោះ​រយៈពេល​៥​ខែ នៅ​អាហ្វ្រិក​កណ្តាល​។ 

​លោក Bemba បាន​បញ្ជូនទាហាន​ស៊ីឈ្នួល​ដែលជា​កម្លាំង​ឧទ្ទាម​ទៅ​អាហ្វ្រិក​កណ្តាល​ខែតុលា​ឆ្នាំ ២០០២ ដើម្បី​រៀបចំ​រដ្ឋប្រហារ​មួយ​ប្រឆាំង​ប្រធានាធិបតី Ange-Felix Patasse​។ ក្រោយមក លោក Bemba បាន​ប្តូរ​ទាហាន​ស៊ីឈ្នួល​ទាំងនោះ​ទៅជា​អង្គការ​ចាត់តាំង​នយោបាយ​ត្រឹមត្រូវ​ផងដែរ ហើយ​នៅ​ខែកក្កដា​ឆ្នាំ ២០០៣ លោក​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​ក្នុង​រដ្ឋាភិបាល​អន្តរកាល​មួយ​រហូតដល់​ចុងឆ្នាំ ២០០៦​។

​បន្ទាប់មក អ្នកនយោបាយ​នេះ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ប្រជែង​លោក Joseph Kabila ដែលជា​ប្រធានាធិបតី ប៉ុន្តែ​លោក​បរាជ័យ​។ នៅក្នុង ២០០៧ លោក​ប្រើប្រាស់​កម្លាំងយោធា​របស់​ខ្លួន​ប្រឆាំង​កម្លាំង​រដ្ឋាភិបាល ហើយ​បរាជ័យ​ទៀត​រហូតដល់​ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​បរទេស​។ យ៉ាងណាក៏ដោយ អ្នកនយោបាយ​រូបនេះ​នៅ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​សាធារណរដ្ឋ​ប្រ​ធា​ធិបតេយ្យ​កុង​ហ្គោ​ដដែល​មកដល់​ឥឡូវនេះ​៕


Tag:
 សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​
  ICC
  Jean-Pierre Bemba
© រក្សាសិទ្ធិដោយ thmeythmey.com