ជាតិ
សេដ្ឋកិច្ច
ផែ​ពហុ​បំណង​របស់​កំពង់ផែ​ព្រះសីហនុ នឹង​ដំណើរការ​នៅ​ចុងខែ​មិថុនា​នេះ​
14, Jun 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចំណត​ផែ​ពហុ​បំណង​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS)   នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៥​ខែមិថុនា ខាងមុខនេះ ។​



​លោក លូ គឹមឈន់ អគ្គនាយក PAS ឲ្យ​ដឹងថា ផែ​ថ្មី​នេះ​អាច​ទទួល​ចត​ពី​នាវា​ផ្ទុកទំនិញ​ចំណុះ ៤​ម៉ឺន​តោន ទៅ​៥​ម៉ឺន​តោន​។ សមត្ថភាព​របស់​ផែ​ថ្មី​នេះ នឹង​កើនឡើង​ជាង ២​ដង​បើ​ធៀប​នឹង​ផែ​សព្វថ្ងៃ​ដែល​អាច​ស្វាគមន៍​ត្រឹម​នាវា​ចំណុះ ១,៥​ម៉ឺន​តោន ទៅ ២​ម៉ឺន​តោន​។

​លោក លូ គឹមឈន់ ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៤​ខែមិថុនា​ថា ការដាក់​ឲ្យ​ប្រើប្រាស់​ផែ​សមុទ្រ​ទឹក​ជ្រៅ​មួយ​នេះ នឹងធ្វើ​ឲ្យ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​កាន់តែ​ទាប តាមរយៈ​ការដែល​នាវា​ធំៗ​អាច​ចូល​ចត​នៅ​កំពង់ផែ​នេះ​។​

​ចំណត​ផែ​ពហុ​បំណង ត្រូវបាន​សាងសង់​ចាប់តាំងពី​ឆ្នាំ​២០១៥ ក្រោម​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន ៧៤​លាន​ដុល្លារ​អាមេរិក​។

​ក្រៅពី​គម្រោង​មួយ​នេះ PAS មាន​ផែនការ​ស្ថាបនា​ចំណត​ផែ​កុងតឺន័រ​ជម្រៅ ១៤,៥​ម៉ែត្រ ដោយ​អាច​ទទួល​កប៉ាល់​ធំៗ​ប្រមាណ ៩៣​ភាគរយ​ពី​ជុំវិញ​ពិភពលោក​។ ផែ​នេះ គ្រោង​នឹង​សាងសង់​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​។ កាលពី​ខែសីហា​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​ប្ដូរ​សារ​ផ្ដល់​ប្រាក់កម្ចី​លើ​គម្រោង​នេះ​ចំនួន ២០៩​លាន​ដុល្លារ​អាមេរិក​៕


Tag:
 កំពង់ផែ​
© រក្សាសិទ្ធិដោយ thmeythmey.com