FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត Hat-trick លើក​ទី​៥១​ក្នុង​អាជីព​, អ៊ីរ៉ង់ និង​អ៊ុយ​រូ​ហ្គា​យ ស៊ី​ចុង​ម៉ោង​
16, Jun 2018 , 6:29 am        
រូបភាព
Ronaldo សម្រេចបាន Hat-trick លើកទី​៥១ក្នុងអាជីព។ រូបថត FIFA.com
Ronaldo សម្រេចបាន Hat-trick លើកទី​៥១ក្នុងអាជីព។ រូបថត FIFA.com
ដោយ: រួបរួម
Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​រហូតដល់​ទៅ​៣​គ្រាប់​នា​ជំនួប​ដែល​បញ្ចប់​លទ្ធផល​ស្មើ ៣-៣ ជាមួយ​អេ​ស្ប៉ា​ញ បន្ទាប់ពី​អ៊ីរ៉ង់ ឈ្នះ​ម៉ា​រ៉ុ​ក ១-០ ដោយ​គ្រាប់​បាល់ Own Goal ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី​។ រីឯ​ការប្រកួត​គូ​ដំបូង​កាលពី​ថ្ងៃ​សុក្រ មុន​ឈានចូល​ថ្ងៃ​សៅរ៍ អ៊ុយ​រូ​ហ្គា​យ បាន​យកឈ្នះ​អេ​ហ្ស៊ី​ប ១-០ សម្រាប់​ជំនួប​ពូ​ល A​។​



អត្ថបទទាក់ទង

​សម្រាប់​ការប្រកួត​នៅលើ​ទីលាន  Stadium Sochi ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​នាំមុខ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់​នៅ​៤​នាទី​ដំបូង ហើយ​២០​នាទី​ក្រោយមក Diego Costa តាម​ស្មើ​សម្រាប់​អេ​ស្ប៉ា​ញ​។ ជិត​បញ្ចប់​តង់​ទីមួយ Ronaldo ថែម​បាន​១​គ្រាប់​ទៀត​។​

​ក្រោយ​សម្រាក​តង់ Costa បាន​តាម​ស្មើ​សារជាថ្មី​នៅ​នាទី​៥៥ ហើយ​៣​នាទី​ក្រោយមក Nacho បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ឲ្យ​អេ​ស្ប៉ា​ញ​នាំមុខ​វិញ​។ ឈានដល់​នាទី​៨៨ Ronaldo បាន​ទាត់​បាល់​ហ្វ្រី​ឃី​ត​ពី​ចម្ងាយ ដើម្បី​សម្រេច Hat-trick របស់ខ្លួន និង​ជា​គ្រាប់​បាល់​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣​។​

​ការសម្រេចបាន​នា​ការប្រកួត​នេះ នាំ​ឲ្យ Ronaldo រកបាន Hat-trick សរុប​៥១​លើក​ក្នុង​អាជីព​របស់ខ្លួន​ទាំង​ក្នុង​ក្លិប និង​ជម្រើសជាតិ ហើយ​រូបគេ​បាន​ក្លាយជា​កីឡា​ករទី​៤​ផងដែរ​បន្ទាប់ពី Pele, Miroslave Klose និង Uwe Seeler ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup ៤​លើក​ផ្សេងៗ​គ្នា​។​


លទ្ធផល​ស្មើ​រវាង​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ បាន​ហុច​ឱកាស​ឲ្យ​អ៊ីរ៉ង់​ឡើងឈរ​លើ​កំពូល​តារាង​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល B​។ ក្រុម​តំណាង​អាស៊ី​មួយ​នេះ ទទួលបាន​កំណត់ត្រា​នៃ​ជ័យជម្នះ​លើកដំបូង​ក្នុង World Cup បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​។​

​ការទទួលបាន​៣​ពិន្ទុ​ដ៏​រំភើប​សម្រាប់​អ៊ីរ៉ង់ ដោយសារតែ​កីឡាករ​បម្រុង​របស់​ម៉ា​រ៉ុ​ក Aziz Bouhaddouz ភ្លាត់​ធ្វើ​ឲ្យ​បាល់​ចូល​សំណាញ់​ទី​ខ្លួនឯង​នៅ​នាទី​៩០+៥ ពោលគឺ​ប៉ុន្មាន​វិនាទី​ចុងក្រោយ​មុន​បញ្ចប់​ការប្រកួត​ផ្លូវការ​។​



ម៉ា​រ៉ុ​ក​ក្លាយជា​ក្រុមទី​ពីរ​ពី​តំបន់​អាហ្វ្រិក​ដែល​រង​ការខកចិត្ត​នា​ជំនួប​បើកឆាក World Cup បន្ទាប់ពី​អេ​ហ្ស៊ី​ប បាន​ចាញ់​អ៊ុយ​រូ​ហ្គា​យ ១-០ ក្នុង​ពូ​ល A នៅ​ថ្ងៃ​ដូចគ្នា​។ Jose Gimenez បានតែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​៩០ ដែល​នាំ​ឲ្យ​អ៊ុយ​រូ​ហ្គា​យ បាន​៣​ពិន្ទុ លើ​អេ​ហ្ស៊ី​ប ស្រប​ពេលដែល Mohamed Salah ស្ថិតនៅលើ​កៅអី​កីឡាករ​បម្រុង​។​


អ៊ុយ​រូ​ហ្គា​យ​ឡើងឈរ​លេខ​ពីរ​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល  A បន្ទាប់ពី​ម្ចាស់ផ្ទះ​រុស្ស៊ី បាន​លត់​អា​រ៉ា​ប៊ី​សា​អូឌីត​រហូតដល់​ទៅ ៥-០ នា​ជំនួប​បើក​ព្រឹត្តិការណ៍ FIFA World Cup 2018 កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕


Tag:
 FIFA World Cup
  GroupA
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com