ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ FTB ក្លាយជា​ដៃគូ​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុង​ការផ្តល់សេវា​ផ្ទេរប្រាក់​ចូល​ពី​ក្រៅប្រទេស​
16, Jun 2018 , 9:40 am        
រូបភាព
​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨៖ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា (FTB) បានទទួល​លិខិតអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា (​លេខ ធ​៧.០១៨.២៩៣ ឆត​) ដើម្បី​ធ្វើជា​ដៃគូ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុង​ការផ្តល់សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ទៅដល់​អតិថិជន​ទាំងអស់​របស់ អម្រឹត​។ សេវា​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​ទាំងអស់ ក្នុង​ការផ្ញើ និង​ទទួល​ប្រាក់​នៅ​ទូទាំង​ពិភពលោក ពី​គ្រួសារ សាច់ញាតិ ឬ​ដៃគូ​របស់​ពួកគាត់​។​
 
​ភាពជា​ដៃគូ​ក្នុង​ការផ្តល់សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ទាំងឡាយ ដែល​ទទួល​ប្រាក់​ជាប្រចាំ​ពី​មិត្ត​ភ័​ក្រ​/​សាច់ញាតិ​របស់​ពួកគាត់ ដូចជា​ភាពងាយស្រួល ឆាប់រហ័ស ភាពបត់បែន តម្លៃ​សមរម្យ និង​សុវត្ថិភាព​ខ្ពស់​។ វា​ក៏​អាចជួយ​សម្រួល​អ្នកទទួល និង​អ្នក​ផ្ញើ ដើម្បី​ទទួលបាន​សេវា​នេះ​តាមរយៈ​សាខា​របស់ អម្រឹត ដែល​មាននៅ​ទូទាំងប្រទេស​ជាមួយនឹង​បុគ្គលិក​ប្រកបទៅដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​ឯកឧត្តម ហ្គី អាន​វ៉ា​និ​ថ ដែលជា​អគ្គនាយក និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល របស់​ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស នៃ​កម្ពុជា បាន​មានប្រសាសន៍ថា "​យើង​មាន​សេចក្តីរំភើប​រីករាយ​ដែល​បាន​សហការ​ជាមួយ អម្រឹត ដែល​អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ធំ​មួយ ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ ដែល​គិត​អំពី​ចំនួន​ទ្រព្យសកម្ម បណ្តាញ​សាខា និង​ចំនួន​អតិថិជន​។ តាមរយៈ​បណ្តាញ​សាខា​ចែកចាយ​ដ៏​ទូលំទូលាយ​របស់ អម្រឹត អតិថិជន​នឹងមាន​ភាព​រីករាយ​ក្នុង​ការទទួល​បានការ​ផ្ទេរប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​។ 



លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បាន​មានប្រសាសន៍​ផងដែរ​ថា "​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការអនុញ្ញាត​នេះ​។ ឥឡូវនេះ​យើង​អាច​បង្កើន​សេវាកម្ម​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដល់​សាធារណជន​។ វា​កាន់តែ​មានតម្លៃ​សម្រាប់​ទីផ្សារ​ផ្ទេរប្រាក់​ក្រៅប្រទេស​មួយ​នេះ ដោយ​យើង​អាច​ពង្រីក​លទ្ធភាព​ផ្ញើ​ប្រាក់​ក្រៅប្រទេស​ដល់​អតិថិជន​របស់​យើង​នៅ​ទូទាំងប្រទេស​។ កូន​របស់​អតិថិជន​ដែល​ធ្វើការ​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​កូរ៉េ ឥឡូវនេះ​ពួកគាត់​អាច​ផ្ញើ​ប្រាក់​ទៅផ្ទះ​/​ឪពុកម្តាយ​របស់​ពួកគាត់​ដែល​រស់​នៅតាម​ទីជនបទ​បាន តាមរយៈ​សេវា​ដែលមាន​ភាព​រហ័ស និង​មានតម្លៃ​សមរម្យ​។ យើង​ជឿជាក់ថា សេវា​ហិរញ្ញវត្ថុ​នេះ នឹង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង ប្រកបទៅដោយ​និរន្តរភាព​។ "
 


​អំពី​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា​
​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា គឺជា​ធនាគារ​ដំបូង​បំផុត និង​នាំមុខគេ​នៅ​កម្ពុជា​។ FTB គឺជា​ធនាគារឯកជន ដែល​បាន​នឹង​កំពុង​បន្ត​ផ្តល់​សេវា​ធនាគារ​ដ៏​មាន​សុវត្ថិភាព និង​ភាពជឿជាក់ ដែលមាន​អាយុកាល​ជិត​៤០​ឆ្នាំ​មកហើយ ។ ធនាគារ​ត្រូវបាន​បង្កើតឡើង​នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៩ ដោយ​អនុ​ក្រិ​ត្យ​លេខ​១២១៣ ក្នុង​អតីត​របប​រដ្ឋ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០០០ ធនាគារ​ត្រូវបាន​បំបែក​ចេញពី​ការ​គ្រប់​គ្រង់​ផ្ទាល់​របស់​ធនាគារជាតិ​នៃ​កម្ពុជា (​ធនាគារកណ្តាល​) ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) ។ ក្នុង​ឆ្នាំ​២០១៥ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ត្រូវបាន​កំលា​យ​ជា​ឯកជន​ភាវូបនីយកម្ម ដោយ​ភាគហ៊ុន​ចំនួន ៩០% ត្រូវបាន​គ្រប់គ្រង​ដោយ​សហគ្រាស​ឯកជន និង​១០%​ទៀត​ជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​
​អម្រឹត ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ដូចជា ឥណទាន​ក្រុម​ធានា ឥណទាន​បុគ្គល ឥណទាន​ខ្នាតតូច និង​មធ្យម គណនី​សន្សំ គណនី​សន្សំ​មាន​កាលកំណត់ សេវា​សន្សំ​ចល័ត សេវា​ផ្ទេរប្រាក់​រវាង​សាខា សេវា​ទូទាត់​វិក្កយបត្រ ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ សេវា​ទូទាត់​រហ័ស និង​CSS​។  បច្ចុប្បន្ននេះ អម្រឹត មាន​បុគ្គលិក​ប្រមាណ​ជិត ៤.០០០​នាក់ ដែល​បាន​បម្រើ​អតិថិជន​សរុប​ប្រមាណ​ជាង ៤០០.០០០​នាក់ តាមរយៈ​ការិយាល័យ​ប្រតិបត្តិ​ចំនួន​១៥៦​សាខា ទូទាំងប្រទេស​កម្ពុជា ដែលមាន​ប្រាក់​បញ្ញើ​សរុប​ប្រមាណ​ជាង​៣៦៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក សំពៀត​ឥណទាន​សរុប​ប្រមាណ​៧៤៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ទ្រព្យសកម្ម​ប្រមាណ​ជាង ៨៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com