ជាតិ
បោះឆ្នោត
អង្គការសហប្រជាជាតិ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញមតិ​នៅមុន​ការបោះឆ្នោត
16, Jun 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ ដៃ​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​ត្រូវ​បាន​ដាក់​ឱ្យ​ជ្រលក់​ទឹក​ថ្នាំ ​ក្នុង​​ការិយាល័យ​​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​​មួយ​​​កន្លែង​​នៅ​​ក្រុង​​ភ្នំពេញ ​កាលពីថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ដៃ​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​ត្រូវ​បាន​ដាក់​ឱ្យ​ជ្រលក់​ទឹក​ថ្នាំ ​ក្នុង​​ការិយាល័យ​​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​​មួយ​​​កន្លែង​​នៅ​​ក្រុង​​ភ្នំពេញ ​កាលពីថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
ដោយ: VOA
 ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បារម្ភ​ពី​ការបង្ក្រាប​សារព័ត៌​មាននៅ​កម្ពុ​ជានា​មុន​ការបោះឆ្នោត​និង​ថា ក្រមសីលធម៌​អ្នកសារព័ត៌មាន ដែល​បង្កើត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អាច​នាំ​ឲ្យ​មានការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែខ្លាំង និង​ផ្ទុយទៅនឹង​បទដ្ឋាន​អន្តរជាតិ​។



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចេញ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ពី​ទីក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វ៊ី​ស ដែល VOA​ទើប​ទទួលបាន​នៅ​ថ្ងៃ​សុក្រ​នេះ បញ្ជាក់ថា កាលពី​ខែ​មុន គ​.​ជ​.​ប​. បានចេញ​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការបោះឆ្នោត ដោយ​ហាម​មិន​ឲ្យ​ចុះផ្សាយ​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ឬ​បាត់បង់​ទំនុកចិត្ត​ក្នុងការ​បោះឆ្នោត​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បន្ថែមថា ការហាមឃាត់​ក្នុង​ក្រមសីលធម៌​នោះ បាន​ប្រើ​ពាក្យពេចន៍​ក្នុងន័យ​ទូលាយ និង​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​មានការ​រឹតត្បិត​លក្ខណៈ​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ត្រូវបាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖

«​អ្នកសារព័ត៌មាន​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការធ្វើ​សេចក្តីរាយការណ៍​អំពី​បញ្ហា​ទាំងឡាយ ដែល​កើត​មាននៅ​មុនពេល​បោះឆ្នោត ជាពិសេស​បញ្ហា​ចម្រូងចម្រាស​នានា​។​ការរាយការណ៍​បែបនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរាយការណ៍​ព័ត៌មាន​ដែលមាន​តម្លាភាព​និង​មាន​ទំនួល​ខុសត្រូវ​នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ ការរាយការណ៍​នេះ​ជួយ​ដល់​អ្នកបោះឆ្នោត​ឲ្យ​ធ្វើការ​ជ្រើសរើស ដោយ​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​»​។​

​ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​បាន​ផ្សព្វផ្សាយ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ដោយមាន​ការហាម​ប្រាម​អ្នកសារព័ត៌មាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជាច្រើន​ចំណុច ព្រមទាំង​មានភ្ជាប់​នូវ​ទោ​សប្ប​បញ្ញត្តិ​ផង​។​

​ក្នុង​ចំណុច​ទី​៦ ដែល​ចែង​ពី​បម្រាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្រមសីលធម៌​នោះ​រួមមាន អ្នកសារព័ត៌មាន​ត្រូវបាន​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សម្អាង​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន​ដែល​ពុំមាន​ភស្តុតាង​បញ្ជាក់ ការបោះពុម្ពផ្សាយ ឬ​ចែកចាយ​ព័ត៌មាន​ណា ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច ឬ​បង្ក​ជា​អំពើហិង្សា​ណាមួយ​កើតឡើង ការបោះពុម្ពផ្សាយ​ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម និង​ការបញ្ចេញ​បញ្ចូល​ទស្សនៈ​ផ្ទាល់ខ្លួន ឬក៏​ធ្វើ​បុរេវិនិច្ឆ័យ​នៅក្នុង​ហេតុការណ៍​កំពុង​កើតមាន​ដែល​ខ្លួន​ធ្វើ​សេចក្តីរាយការណ៍​ជាដើម​។​

​ក្នុង​ក្រមសីលធម៌​នោះ​ក៏មាន​ស្រង់​ទោ​សប្ប​បញ្ញត្តិ​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រង់​មាត្រា ១៤២ ដែល​ចែង​ពី​ការផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ដោយ​ពុំទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូចជា ការរារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត ការធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​ការបង្ក​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​ទៅបាន​ជាដើម​។​

​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បានប្រកាស​ចាត់វិធានកា​រលើ​អ្នក​ដែល​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ឬ​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​អត្ថន័យ​ថា «​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​»​ដោយ​ក្រសួង​អះអាងថា ការ​បង្ហោះ​សារ​បែបនេះ​ជាស​កម្ម​ភាពផ្ទុយ​ពី​ច្បាប់ បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​និង​ក្រុម​ជំទាស់​ដែល​កំពុង​ស្ថិតនៅ​បរទេស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត ប្រសិនបើ​មិនមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បន្ថែមថា ការហាម​ប្រាម​នោះ​ក៏មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ផងដែរ ទៅលើ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម​និង​ការជួបប្រជុំ​ដោយ​សន្តិវិធី ដែលជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការចូលរួម​ជា​សាធារណៈ​ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​។ អ្នកជំនាញ​ក៏​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញមតិ និង​ទស្សនៈ​នយោបាយ​ដោយ​សេរី រួមទាំង​ការមិន​បោះឆ្នោត​ឲ្យ​គណបក្សនយោបាយ​ណាមួយ​ផង​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ដដែល​បន្ថែម​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​តាមន័យ​ដើម​ថា​៖ «​ទោះជា​ច្បាប់​សិទ្ធិមនុស្ស​កម្ពុជា​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ហាមប្រាម​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ការបំភិតបំភ័យ ឬ​ការគំរាមកំហែង​អ្នកបោះឆ្នោត​ក៏ដោយ ក៏​ការអំពាវនាវ​ឲ្យ​ធ្វើពហិការ​មិន​ទៅ​បោះឆ្នោត មិនមែនជា​ការបង្ខិតបង្ខំ ឬ​បំភិតបំភ័យ​ឡើយ​ហើយ​ការអំពាវនាវ​នោះ​ទៀតសោត ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ​។ ផ្ទុយទៅវិញ ការអំពាវនាវ​នេះ​គឺ​ទុក​ឲ្យ​អ្នកបោះឆ្នោត​សម្រេច​ដោយ​សេរី​ថា​ត្រូវ​ចូលរួម​ឬ​មិន​ចូលរួម​ការបោះឆ្នោត​»​។​

VOA មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហង្ស ពុទ្ធា និង​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប បានទេ រហូតដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​

​យ៉ាងណាក៏ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រាប់ VOA ថា កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ដែល​ប្រើប្រាស់​ច្បាប់​ប្រឆាំង​ទៅនឹង​សកម្មភាព​ទុច្ចរិត​ផ្សេងៗ​និង​ថា មិនមាន​ស្ថាប័ន​អន្តរជាតិ​ណាមួយ​អាចមក​ត្រួតត្រា​កម្ពុជា​បាន​នោះទេ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា​៖

«​អង្គការសហប្រជាជាតិ​មិនមែនជា​ម៉ែឪ​របស់​រដ្ឋ​អធិបតេយ្យ​កម្ពុជា​នោះទេ​។ ការព្រួយបារម្ភ​ជា​សិទ្ធិ​របស់គាត់ ហើយ​កម្ពុជា​ធ្វើតាម​ច្បាប់​របស់​កម្ពុជា​មាន​។ ហើយ​ជាការ​បញ្ចេញយោបល់ ហើយ​និង​ការអំពាវនាវ ពីរ​ហ្នឹង​ខុសគ្នា​ដូច​មេឃ​និង​ដី​។ ទាំងអស់គ្នា​មាន​សិទ្ធិសេរីភាព​ចេញទៅ​បោះឆ្នោត និង​មិន​ចេញទៅ​បោះឆ្នោត​។ ប៉ុន្តែ​ការអំពាវនាវ​ជាការ​រំលោភច្បាប់ ដែល​ប្រឆាំងនឹង​ច្បាប់​ការបោះឆ្នោត​។ ជន​ណា​ដែល​បង្ក​ឲ្យ​មាន​ឧបសគ្គ​ការបោះឆ្នោត ដំណើរការ​ការបោះឆ្នោត ជន​ហ្នឹង​ត្រូវ​ទទួលទោស អាហ្នឹង​ច្បាប់​យើង​មាន​ហើយ​»​។​

​ការបោះឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវបាន​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ធំៗ​មួយចំនួន​យល់ឃើញថា ជាការ​បោះឆ្នោត​ដែល​មិនមាន​ភាពសេរី​និង​យុត្តិធម៌ បន្ទាប់ពី​គណបក្សប្រឆាំង​ដែលមាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស ត្រូវបាន​តុលាការ​កំពូល​រំលាយ​ទៅតាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដោយ​ចោទថា គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាងថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺធ្វើឡើង​ទៅតាម​ច្បាប់ ខណៈ​គ​.​ជ​.​ប​.​ដែល​លែងមាន​សមាជិក​មកពី​គណបក្សប្រឆាំង​បាន​អះអាងថា ខ្លួន​រៀបចំ​ការបោះឆ្នោត​ទៅតាម​ច្បាប់​កម្ពុជា​ដែលមាន​ចែង​ជា​ធរមាន​។​

​ទាំ​ងគ​.​ជ​.​ប​.​និង​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែ​បានលើកឡើង​ថា ការបោះឆ្នោត​នឹង​នៅតែ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក បើទោះជា​មិនមាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិនមាន​ការចូលរួម​សង្កេតការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល និង​មិនមាន​ការទទួលស្គាល់​លទ្ធផល​ឆ្នោត​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​មួយចំនួន​ក៏ដោយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com