ជាតិ
សិល្បះ
ទូត​កូរ៉េខាងត្បូង សង្ឃឹមថា K-Pop ជួយ​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​យុវជន​កម្ពុជា​-​កូរ៉េខាងត្បូង​
16, Jun 2018 , 11:56 am        
រូបភាព
លោក អូ ណាក់យ៉ុង អគ្គរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា
លោក អូ ណាក់យ៉ុង អគ្គរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា
​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា លោក អូ ណាក់​យ៉ុង បង្ហាញ​ក្ដី​សង្ឃឹមថា K-POP នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េខាងត្បូង តាមរយៈ​ការ​ការផ្លាស់ប្ដូរ​វប្បធម៌​ក្នុងចំណោម​យុវជន​ប្រទេស​ទាំងពីរ​។ លោក​លើកឡើង​បែបនេះ​ក្នុង​ព្រឹ​ត្ត​ការណ៍ K-POP World Festival 2018 in Changwon  វគ្គ​ដំបូង​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែមិថុនា ។ ក្រុម​រាំ NT Crew ទទួលបាន​ជ័យលាភី​លេខ​១ និង​ក្លាយជា​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​វគ្គ​បន្ទាប់​នៅ​កូរ៉េខាងត្បូង​។​



K-POP World Festival 2018 in Changwon គឺជា K-POP Festival ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង ស្ថានីយ៍ទូរទស្សន៍ KBS និង KOCIS (Korean Culture and Information Service) ។ កម្មវិធី​នេះ​ទទួលបាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ K-POP ទូទាំង​ពិភពលោក​។​



​សម្រាប់​កម្ពុជា បេក្ខជន​ប្រមាណ​៤០​ក្រុម​ដែលមាន​រាំ​និង​ច្រៀង បានដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី​នេះ ហើយ​មាន​បេក្ខជន​ចំនួន​១៦​ក្រុម​បាន​ឆ្លង​ដល់​វគ្គ​ជម្រុះ​ដំបូង​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ ឆ្លងកាត់​ការបង្ហាញ​សមត្ថភាព​រួចមក ក្រុម​រាំ NT Crew បានទទួល​ជ័យលាភី​លេខ​១ ដែល​ត្រូវ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​ធំ​វគ្គ​ទី​១ នៅ​ទីក្រុង Changwon នៅ​ដើមខែ​តុលា​ខាងមុខ​ជាមួយនឹង​បេក្ខជន​ប្រកួត​មកពី​ប្រទេស​ជាច្រើន​ទៀត​។ ទូរទស្សន៍​ល្បីឈ្មោះ KBS World របស់​កូរ៉េខាងត្បូង ផ្សាយ​ផ្ទាល់​កម្មវិធី​នេះ​។​



​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា លោក អូ ណាក់​យ៉ុង ថ្លែងថា K-POP បាន​ក្លាយជា​ទៅជា​វប្បធម៌​មួយ​លើ​ពិភពលោក​នេះហើយ​។ លោក​បានកត់សម្គាល់​ពី​ការចូល​ចិត្ត K-POP ក្នុងចំណោម​ប្រជាជន​កម្ពុជា ដែល​ស្ដែង​តាមរយៈ​ការចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ជុំ​ដំបូង​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កម្ពុជា​-​កូរ៉េ (CKCC)​។​

​លោក អូ ណាក់​យ៉ុង បញ្ជាក់ទៀតថា លោក​រីករាយ​ដែល​ប្រជាប្រិយភាព​របស់ K-POP បាន​កើន​ឡើងជា​លំដាប់​ជាពិសេស​ក្នុងចំណោម​យុវជន​កម្ពុជា​។ លោក អូ ណាក់​យ៉ុង សង្ឃឹមថា ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​យុវជន​កម្ពុជា និង​កូរ៉េខាងត្បូង​ដែល​និយម K-POP ដូចគ្នា នឹង​នាំ​ដល់​ការរីកចម្រើន​ទំនាក់ទំនង​ទ្វេភាគី​មិន​ខាន ក៏ដូចជា​ការស្វែងយល់​ពី​កូរ៉េខាងត្បូង​បាន​ទូលាយ​ផង​។ លោក​បន្តថា កម្ពុជា និង​វៀតណាម គឺជា​ប្រទេស​ដំបូង​គេ​ដែល K-POP ពេញនិយម​ជាងគេ​។



​ជាមួយនឹង​ការ​អរគុណ​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត K-POP តំណាង​កូរ៉េខាងត្បូង​ខាងលើ​សន្យាថា ស្ថានទូត​កូរ៉េខាងត្បូង​នឹង​បន្ត​រៀបចំ​កម្មវិធី K-POP រួមទាំង​កម្មវិធី​ណែនាំ​ពី​វប្បធម៌​កូរ៉េ​ជាច្រើន​ប្រភេទ​ទៀត​៕




Tag:
 កម្ពុជា​
  កូរ៉េខាងត្បូង​
  K-POP
© រក្សាសិទ្ធិដោយ thmeythmey.com