ពីនេះ ពីនោះ
ត្រីខ្យារស់នៅតំបន់ទឹកជ្រៅមានផ្ទាំងថ្មធំៗ ក្នុងទន្លេសេកុង សេសាន និងស្រែពក ត្រីខ្យា។ រូបភាព៖ Thach Phanara
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេចៅប្រាយ៉ា និងក្នុងអាងទន្លេមេគង្គជាដើម។
ត្រីខ្យា មានឈ្មោះវិទ្យាសាស្ត្រ (Hemibagrus wyckioides) និងឈ្មោះជាភាសាអង់គ្លេស Asian Red Tailed Catfish, Red fin bagrus មានប្រវែងដងខ្លួនអតិបរមា ១៣០ស.ម និងទម្ងន់អតិបរិមា ៨៦គីឡូក្រាម។
ត្រីខ្យារស់នៅតាមទន្លេតាមដងទន្លេ អូរធំៗ ក្នុងតំបន់ខ្ពង់រាបដែលមានទឹកជ្រៅ និងផ្ទាំងថ្មធំៗ។ នៅក្នុងប្រទេសកម្ពុជា ត្រីខ្យាមានរស់នៅច្រើនក្នុងទន្លេ (ស៣) គឺសេកុង សេសាន និងស្រែពក។ ជាក់ស្តែងត្រីប្រភេទនេះ មិនធ្វើចរាចរផ្លាស់ទីទេ ប៉ុន្តែពួកវាបន្តពូជនៅនឹងកន្លែង រួចចូលទៅក្នុងតំបន់ព្រៃលិចទឹកក្នុងអំឡុងខែកក្កដា ដល់ខែតុលាដើម្បីរកចំណី និងរស់នៅទីនោះមួយរយៈខ្លី។ រដូវប្រាំងចូលមកដល់ ពួកវាក៏វិលមកលាក់ខ្លួននៅតាមអន្លង់ក្នុងទន្លេ និងអូរ។ វាស៊ីកំពឹស ត្រីតូចៗ និងសត្វល្អិតជាអាហារ។
ត្រីខ្យា ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com