ជាតិ
បោះឆ្នោត
ប្រធាន គ​.​ជ​.​ប រម្លឹក​អ្នកបោះឆ្នោត​ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​ការបោះឆ្នោត​កាន់តែ​កៀក​
16, Jun 2018 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក គ.ជ.ប
រូបភាពពីហ្វេសប៊ុក គ.ជ.ប
ដោយ:
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទាំងអស់​ត្រៀម​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។



​ប្រធាន គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក បាន​រម្លឹក​ដូច្នេះ​ថា ការបោះឆ្នោតជាតិ កាន់តែ​ខិតជិត​មកដល់​ហើយ ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​នេះ​បាន ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ទាំងអស់​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ (​ឯ​.​អ​)​បម្រើ​ឲ្យ​ការបោះឆ្នោត​។​

​សេចក្ដីអំពាវនាវ របស់ លោក ស៊ិ​ក ប៊ុន​ហុក ចុះ​ថ្ងៃទី​១៣ ខែមិថុនា បាន​បញ្ជាក់ថា ៖«​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ខូច​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ឬ​បាត់ ត្រូវ​រូស​រាន់​ទៅសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ​ពី​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) និង​អាជ្ញាធរ​ឃុំ ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខ​»​។​

​ប្រធាន គ​.​ជ​.​ប បាន​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ដោយ​ប្រើប្រាស់ ឯ​.​អ បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៧ ហើយ​ពុំមាន អ​.​ខ អាច​យក ឯ​.​អ បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​ទៅ​ជួប គឃ​.​សប ផ្ទាល់ខ្លួន​ត្រូវសុំ គឃ​.​សប បញ្ជាក់​អំពី​ការ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចុះហត្ថលេខា និង​ថ្ងៃ​ផ្ដល់​សុ​ព​ភាព​លើ​ឯកសារ​ដើម្បី​ប្រើប្រាស់​ក្នុង​ថ្ងៃ​បោះឆ្នោត​។​

​លោក ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់​បន្ថែមថា ៖«​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បណ្ណ​បម្រើការ​បោះឆ្នោត នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨»៕


Tag:
 បោះឆ្នោតជាតិ​
  ស៊ិ​ក ប៊ុន​ហុក
© រក្សាសិទ្ធិដោយ thmeythmey.com