ជាតិ
សេដ្ឋកិច្ច
CDC ចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុន៥ដែលមានទុនវិនិយោគសរុបជាង៣០០លានដុល្លារ ទីស្នាក់ការ CDC
× គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ បើករោងចក្រ និងសាងសង់សណ្ឋាគារ ក្នុងទំហំទឹកប្រាក់សរុប ៣០១,២លានដុល្លារ ព្រមទាំងបង្កើតការងារបានជិត ៥ម៉ឺនកន្លែង នៅកម្ពុជា។
CDC បានឲ្យដឹង តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ ២១០៨ ថាក្រុមហ៊ុនទាំង៥នោះ រួមមាន ក្រុមហ៊ុន KAMPONG SPEU PLANTATION CO.,LTD មានគម្រោងបង្កើតកសិដ្ឋានដាំដំណាំអំពៅកសិ-ឧស្សាហកម្ម និងសង់រោងចក្រកែច្នៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៨៥,៥៥លានដុល្លារ និង បង្កើតការងារបានជាង ២ពាន់កន្លែង។
ក្រុមហ៊ុន SCHNEITEC ENERGY CO.,LTD គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល ពីខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានអនុស្ថានីយនៅខេត្តឧត្តរមានជ័យ និងនៅ បែកចាន ខណ្ឌពោធិ៍សែនជ័យ ដែលមានទុនវិនិយោគ ៨០,៦០លានដុល្លារ និងបង្កើតការងារបាន ៤១៣កន្លែង។
ក្រុមហ៊ុន LYLY KAMEDA CO.,LTD គម្រោងបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់ មានទីតាំងនៅ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ ៩,១២លានដុល្លារ និងអាចបង្កើតការងារបាន ១៥៣កន្លែង។
ជាមួយនឹងគ្នានេះ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន២ បើកសណ្ឋាគារ នៅក្រុងព្រះសីហនុផងដែរ។ ក្នុងនោះគឺ ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO.,LTD គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ និងជម្ឈមណ្ឌលពាណិជ្ជកម្ម ដែលមាន៥០០បន្ទប់ មានទុនវិនិយោគ ៨៦,៥៦លានដុល្លារ និងបង្កើតការងារបានជិត ២ពាន់កន្លែង និងក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយបួន និងរីសត មាន១៤៩បន្ទប់ មានទុនវិនិយោគ ៣៩,៣៧លានដុល្លារ និងបង្កើតការងារបាន ២៤១កន្លែង។
កាលពីថ្ងៃទី ១៤ ខែមិថុនា CDC បានសម្រេចចុះបញ្ជីឲ្យក្រុមហ៊ុន៤ ដែលមានគម្រោងបើករោងចក្រ និងគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោមទំហំវិនិយោគសរុប ១,៩០០លានដុល្លារអាមេរិក ផងដែរ ៕
Tag:
រោងចក្រ
សណ្ឋាគារ
ផ្លូវល្បឿនលឿន
CDC
© រក្សាសិទ្ធិដោយ thmeythmey.com