កីឡាជាតិ
ជាតិ
រស់ សំអឿន ជួយវិសាខាប្រជែងជាមួយអតីតមិត្តរួមក្លិប ដែលខ្លួនធ្លាប់ចំណាយពេលរស់នៅ៦ឆ្នាំ រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
× ក្រុមបាល់ទាត់វិសាខាចំហទ្វារកីឡដ្ឋានវេស្ទើនភ្នំពេញរង់ចាំទទួលស្វាគមន៍ក្រុមការពារជើងឯកបឹងកេត សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានៅម៉ោង៣រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ជំនួបនេះ ជាឱកាសដែល រស់ សំអឿន បានជួបអតីតមិត្តរួមក្លិបដែលខ្លួនធ្លាប់រស់នៅ៦ឆ្នាំផងដែរ។ ប៉ុន្តែជួបលើកនេះ ក្នុងនាមគូបដិបក្ខ។ នៅម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះដែរ ក្រុមភ្នំពេញក្រោនបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍អគ្គិសនីកម្ពុជា ខណៈណាហ្គាវើលតទល់ជាមួយវេស្ទើនភ្នំពេញនៅពហុកីឡដ្ឋានជាតិ។
ក្រោយផ្ទេរពីក្លិបបឹងកេតទៅកាន់ក្លិបចំណូលថ្មីវិសាខាកាលពីដើមរដូវកាលឆ្នាំ២០១៨ ខ្សែការពារ រស់ សំអឿន ត្រូវបំពេញតួនាទីដ៏ធំមួយ គឺរារាំងកុំឲ្យមានការបំប៉ោងសំណាញ់ទីវិសាខាពីសំណាក់អតីតមិត្តរួមក្លិបបឹងកេត ដែលខ្លួនធ្លាប់ចំណាយពេល៦ឆ្នាំក្នុងការរួមរស់។ នេះជាលើកទី១សម្រាប់កីឡាករ រស់ សំអឿន ដែលបានជួបអតីតមិត្តរួមក្លិបក្នុងនាមជាគូបដិបក្ខ។
រស់ សំអឿន បានចំណាយពេលរួមរស់ជាមួយក្លិបបឹងកេតពីឆ្នាំ២០១៣-២០១៨ ដោយបានបង្ហាញខ្លួនចំនួន១៧៣លើក និងរកបាន២១គ្រាប់។ រូបគេបានជួយក្លិបនេះ លើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគចំនួន២លើកនៅឆ្នាំ២០១៦, ២០១៧។ រូបគេត្រូវបានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិបចំណូលថ្មីវិសាខា សម្រាប់រដូវកាល ២០១៨-២០១៩។
វិសាខា បើកទ្វារកីឡដ្ឋានវេស្ទើនភ្នំពេញ ស្វាគមន៍ក្រុមការពារជើងឯកបឹងកេត សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា នាវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ បច្ចុប្បន្នវិសាខាឈរលេខរៀងទី៣មាន១៩ពិន្ទុ ខណៈបឹងកេតឈរកំពូលតារាងមាន២៣ពិន្ទុ។ សម្រាប់ជំនួបសប្តាហ៍មុនក្រុមទាំងពីរបានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៣-២ ដូចគ្នា ក្នុងនោះវិសាខាយកឈ្នះព្រះខ័នរាជស្វាយរៀង រីឯបឹងកេតយកឈ្នះភ្នំពេញក្រោន។
ក្រៅពីជំនួបដ៏ជក់ចិត្តខាងលើ នៅថ្ងៃអាទិត្យនេះដែរ ភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជានាវេលាម៉ោង៦ល្ងាច ខណៈណាហ្គាវើលប្រើពហុកីឡដ្ឋានជាតិទទួលក្រុមបាតតារាងវេស្ទើនភ្នំពេញ។
សម្រាប់ជំនួបកាលពីថ្ងៃសៅរ៍ ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២-១ ដែលពីរគ្រាប់របស់អាស៊ីអឺរ៉ុបសម្រេចដោយកីឡាករកាមេរូន Privat ខណៈ Booysen Shane សម្រេចគ្រាប់បាល់សម្រាប់ព្រះខ័នរាជស្វាយរៀង។ ចំណែកក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមចំណូលថ្មីសូលទីឡូអង្គរក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានស្តាតចាស់ ខណៈក្រុមអគ្គស្នងការនគរបាលជាតិបានយកឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ៕
Tag:
Cambodian League 2018
រស់ សំអឿន
វិសាខា
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com