អន្តរជាតិ
កុំច្រឡំ! លោក គីម ជុងអ៊ុន មិនមែនជាប្រធានាធិបតីកូរ៉េខាងជើងឡើយ ព្រោះ...
× លោក គីម ជុងអ៊ុន ឡើងកាន់អំណាចបន្តវេនពីលោក គីម ជុងអ៊ីល ជាឪពុកនៅចុងឆ្នាំ២០១១ ។ មេដឹកនាំវ័យក្មេងរូបនេះកាន់កាប់តំណែងកំពូលៗជាច្រើននៅកូរ៉េខាងជើងទាំងក្នុងបក្ស ស្ថាប័នដឹកនាំរដ្ឋ និងយោធាផង។ យ៉ាងណាមិញ ដូចឪពុករបស់ខ្លួនដែរ លោក គីម ជុងអ៊ុន មិនមានឈ្មោះជាប្រធានាធិបតីកូរ៉េខាងជើងឡើយ ដោយតំណែងនេះត្រូវបានគ្រប់គ្រងដោយបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង តែម្នាក់គត់។
ក្នុងនាមជាមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែងត្រូវបានច្រឡំថាជាប្រធានាធិបតីរបស់រដ្ឋកុម្មុយនីស្តមួយនេះ ប៉ុន្តែជាការពិតនោះ លោក គីម មិនមែនជាប្រធានាធិបតីអ្វីឡើយ។ ទោះមិនកាន់តំណែងនេះក្ដី ក៏ប្រមុខដឹកនាំដឹកនាំកូរ៉េខាងជើងជំនាន់ទីបីរូបនេះបានក្ដាប់អំណាចពេញក្នុងដៃរបស់ខ្លួន ហើយគ្រប់គ្រងស្ថាប័នទាំងអស់សំខាន់ៗរបស់កូរ៉េខាងជើង មិនថាតំណែងក្នុងបក្ស រដ្ឋ ឬស្ថាប័នកងទ័ពអ្វីឡើយ។
តាមពិតទៅ តំណែងប្រធានាធិបតីត្រូវបានប្រគល់ឲ្យជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុងក្នុងឆ្នាំ១៩៩៨ ។ យោងតាមសារព័ត៌មាន The New York Times លោក គីម ជុងអ៊ីល ដែលបន្តដឹកនាំប្រទេសពីឪពុកបានកែរដ្ឋធម្មនុញ្ញ បានតម្កើងលោក គីម អ៊ីលស៊ុង ជា «ប្រធានាធិបតីអមតៈ» តែម្ដង ហើយភារកិច្ចនានារបស់ប្រធានាធិបតីត្រូវបានផ្ទេរទៅឲ្យប្រធានសភាវិញ។ លោក គីម យ៉ុងណាម ដែលជាប្រធានសភាតាំងពីឆ្នាំ១៩៩៨ មកនោះ ក៏ក្លាយជាប្រមុខរដ្ឋកូរ៉េខាងជើងទៅ។
បើគេស្ដាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង គេនឹងឮ ឬឃើញការរៀបរាប់តួនាទី និងងារវែងអន្លាយរបស់លោក គីម ជុងអ៊ុន មិនខាន។ ជាទូទៅ លោក គីម ត្រូវបានហៅថា៖ «មេដឹកនាំកំពូលរបស់បក្ស រដ្ឋ និងកងទ័ព គីម ជុងអ៊ុន ជាប្រធានគណបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»។ ក្នុងតំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ លោក គីម មានអំណាចធំលើការងាររដ្ឋ ទាំងវិស័យយោធា និងស៊ីវិលផង។
ក្នុងទំនាក់ទំនងជាមួយបរទេស លោក គីម តែងត្រូវបានហៅដោយតួនាទីជាប្រធានគណៈកម្មការកិច្ចការរដ្ឋ។ ជាក់ស្ដែង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានហៅលោក គីម ដោយតួនាទីនេះក្នុងលិខិតលុបចោលជំនួបនៅសិង្ហបុរី និងបន្ទាប់ទៀតក្នុងការចរចានៅសណ្ឋាគារ Capella ដែរ។ ឯនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ក្នុងសារអបអរជំនួបនេះ ក៏ទទួលស្គាល់តួនាទីផ្លូវការលោក គីម ជាប្រធានគណៈកម្មការកិច្ចការរដ្ឋ។
សម្រាប់ស្ថាប័នកងទ័ពវិញ លោក គីម ជុងអ៊ុន ប្រធានគណៈកម្មការយោធាមជ្ឈិម និងត្រូវបានចាត់ទុកជាមេបញ្ជាការជាន់ខ្ពស់កងទ័ពប្រជាជនកូរ៉េ។ ចាប់ពីឆ្នាំ២០១២ មេដឹកនាំវ័យក្មេងរូបនេះក៏មានឋានន្តរសក្តិជាសេនាប្រមុខនៃកងទ័ពកូរ៉េខាងជើងផងដែរ ដែលបង្ហាញពីការពង្រឹងអំណាចរបស់ក្រកូល គីម ក្នុងជួរកងទ័ព។ ឯផ្ទៃក្នុងបក្ស ក្រៅពីតំណែងប្រធាន លោកក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែរ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
គីម អ៊ីលស៊ុង
© រក្សាសិទ្ធិដោយ thmeythmey.com