ជាតិ
ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣៤​នាក់ ត្រូវបាន​ឃាត់ខ្លួន ពីបទ​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា​
17, Jun 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួណ​៣៤​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ពីបទ​ឆ្លងដែន ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​



​យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន​៣៤​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់ ប្រុស​ទាំងអស់ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ក្រោម​បទ​ចោទ ឆ្លងដែន ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ក្រោយ​ចាប់ខ្លួន ជនបរទេស​ទាំង​៣៥​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​ជនបរទេស​ទាំង​៣៥​នាក់ ត្រូវបាន​ឃាត់ខ្លួន នៅ​តំបន់​ដែលមាន​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​ច្រើន នោះ​គឺ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។ តាម​ស្នងការ​នគរបាលជាតិ ការចុះ​ឃាត់ខ្លួន​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ព្រមជាមួយ​កងកម្លាំង​មូលដ្ឋាន​ខណ្ឌមានជ័យ​៕

Tag:
 សន្តិសុខ​
 ​សង្គម​
 ​ខុសច្បាប់​
 ​ជនជាតិ​ស្បែក​ខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com