ជាតិ
បោះឆ្នោត
គ​.​ជ​.​ប. ថា តំណាង UN និយាយ​គ្មាន​មូលដ្ឋាន​ស្តីពី​សិទ្ធិសេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​
17, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) បានចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​ការសោកស្ដាយ​មួយ ចំពោះ​ការយល់​ខុស​របស់​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី Rhona Smith​។ បន្ទាប់ពី​តំណាង​UN នៅ​កម្ពុជា​រូបនេះ ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្រមសីលធម៌​អ្នកសារព័ត៌មាន​របស់ គ​.​ជ​.​ប. គឺ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុងពេល​បោះឆ្នោត​ខាងមុខ​។



​សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ត្រូវបាន គ​.​ជ​.​ប. ឲ្យ​តម្លៃ​ថា ជា​សេចក្ដីថ្លែងការណ៍ ដែល​គ្មាន​មូលដ្ឋាន និង​មិនបាន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​។ ទន្ទឹម​និង​ការសោកស្ដាយ​ចំពោះ​សេចក្ដីថ្លែងការណ៍​នេះ គ​.​ជ​.​ប. បាន​លើក​អំណះអំណាង​ចំនួន​២​ចំណុច និយាយ​ពី​ក្រមសីលធម៌​នៃ​អ្នកសារព័ត៌មាន​របស់ គ​.​ជ​.​ប. ដែល​ចេញ​ដោយ​អ្នកជំនាញ​ផ្នែក​ច្បាប់បោះឆ្នោត នៅ​ឆ្នាំ​១៩៩៨ និង​២០០២​។

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា ក្រមសីលធម៌​សម្រាប់​អ្នកសារព័ត៌មាន​របស់ គ​.​ជ​.​ប. ធ្វើឡើង​តាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​កតិកា​រសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុង​មាត្រា​១៩ ដែលមាន​ចែងថា «​ការប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញមតិ  តម្រូវ​ឲ្យ​មាន​ករណី​កិច្ច និង​ការទទួលខុសត្រូវ​ដោយ​ពិចារណា ទៅលើ​សិទ្ធិ​អ្នកដទៃ សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​»​។​

​ដោយ​លើកយក​ក្រមសីលធម៌​ទាំង​២​ចំណុច​នេះ គ​.​ជ​.​ប. បាន​អះអាង គ​.​ជ​.​ប. មិនបាន​រំលោភ​លើ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ឡើយ ផ្ទុយទៅវិញ គឺជា​ការជួយ​សម្រួល​ឲ្យ​មាន​ព័ត៌មាន​ដែលមាន​តម្លាភាព និង​ទំនួល​ខុសត្រូវ​ក្នុងពេល​បោះឆ្នោត ដូច​អ្វីដែល​លោកស្រី​Rhona Smith ចង់បាន​ទៅវិញ​ទេ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា​។​

​ក្រោយ​បញ្ជាក់​ពី​ភាពច្បាស់លាស់​របស់ខ្លួន ក្នុង​ការគោរព​សិទ្ធិ​សារព័ត៌មាន គ​.​ជ​.​ប. ក៏បាន​បន្ថែមថា កន្លងមក​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប. ក៏​ធ្លាប់​ស្នើ​ឲ្យ​លោកស្រី Rhona Smith នាំពាក្យ​ទៅប្រាប់ UN ឲ្យ​បង្កើត​ការិយាល័យ UN នៅ គ​.​ជ​.​ប. ផ្ទាល់​តែម្ដង នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៨​។​

​នៅ​មិនទាន់​អស់​សេចក្ដី គ​.​ជ​.​ប. បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​បន្ថែម​អំពី​តួនាទី និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន​ចំនួន​៤​ទំព័រ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍​រប​ស់ គ​.​ជ​.​ប.  ធ្វើឡើង​បន្ទាប់ពី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ព្រួយបារម្ភ​ពី​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន ក្នុងអំឡុងពេល​បោះឆ្នោត​ខាងមុខ​៕


Tag:
 គ​.​ជ​.​ប​
 ​អ្នកព័ត៌មាន​
 ​ក្រមសីលធម៌​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com