FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់​ចាញ់​ម៉ិចស៊ិក ស៊ែ​ប៊ី​ឈ្នះ​កូ​ស្តា​រី​កា ស្វី​ស​តាម​ស្មើ​ប្រេ​ស៊ី​ល​
18, Jun 2018 , 6:29 am        
រូបភាព
រូបភាពពី FIFA.COM
រូបភាពពី FIFA.COM
ដោយ: រួបរួម
ជំនួប​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨​នៅ​រុស្ស៊ី ឈានដល់​ជំនួប​ពូ​ល E និង F​។ ក្នុង​ពូ​ល E ស៊ែ​ប៊ី​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១-០ លើ​កូ​ស្តា​រី​កា មុនពេល​ប្រេ​ស៊ី​លស្មើស្វី​ស ១-១​។ រីឯ​ក្នុង​ពូ​ល F ម្ចាស់​ការពារ​តំណែង​អាល្លឺម៉ង់ រង​នូវ​ការខកចិត្ត​ដោយ​ចាញ់​ម៉ិ​ក​ស៊ិ​ក ១-០ ។​




​ការទា​ត់បាល់​ហ្វ្រី​ឃី​ក​ចូល​ទី​នៅ​តង់​ទី​ពីរ​របស់ Aleksandar Kolarov នាំ​ឲ្យ​ស៊ែ​ប៊ីទ​ទួលបាន​៣​ពិន្ទុ​យ៉ាង​ពេញចិត្ត​ពី​ជំនួប​បើកឆាក​ពូ​ល E ជាមួយ​កូ​ស្តា​រី​កា នៅ​កីឡដ្ឋាន Samara Arena​។ ក្នុងការ​ប្រកួត​នេះ Branislav Ivanovic បង្ហាញខ្លួន​ជា​លើក​ទី​១០៤​សម្រាប់​ស៊ែ​ប៊ី ហើយ​បាន​ក្លាយជា​កីឡាករ​ដែល​ចូល​លេង​ច្រើនជាងគេ​ក្នុង​ជម្រើសជាតិ​ជំនួស Dejan Stankovic (១០៣)​។​



ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់ រង​នូវ​ការខកចិត្ត​នា​ការប្រកួត​បើកឆាក​ពូ​ល F ដោយ​កីឡាករ​ម៉ិ​ក​ស៊ិ​ប Harving Lazona បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ​នៅ​កីឡដ្ឋាន Luzhniki Stadium​។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់​អាល្លឺម៉ង់​ក្នុងការ​ប្រកួត​បើកឆាក World Cup បើ​គិត​ចាប់តាំងពី​អាល្លឺម៉ង់​ខាងលិច​ចាញ់​អាល់​ហ្សេ​រី​យ៉ា​នៅ​ឆ្នាំ​១៩៨២ ។ ជាមួយគ្នានេះ​ផងដែរ ខ្សែការពារ​ម៉ិ​ក​ស៊ិ​ក Rafael Marquez បង្ហាញខ្លួន​នៅ World Cup លើក​ទី​៥ ស្មើ​កីឡាករ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ទៀត គឺ Antonio Carbajal និង​កីឡាករ​អាល្លឺម៉ង់ Lothar Matthaus​។​



សម្រាប់​ការប្រកួត​ដែល​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ម្ចាស់​ជើងឯក​៥​ជំនាន់​ប្រេ​ស៊ី​ល ត្រូវបាន​ស្វី​ស​តាម​ស្មើ​លទ្ធផល ១-១ សម្រាប់​ជំនួប​ពូ​ល E​។ Philippe Coutinho រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ប្រេ​ស៊ី​ល​នៅ​តង់​ទីមួយ ហើយ Steven Zuber បានតែ​ត​តាម​ស្មើ​វិញ​នៅ​តង់​ទី​ពីរ ខណៈ​ឱកាស​របស់ Neymar ជាច្រើន​ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​ស្វី​ស​។ នេះ​ជាការ​ខកខាន​ទទួល​ជ័យជម្នះ​លើកដំបូង​របស់​ប្រេ​ស៊ី​លពី​ការប្រកួត​បើកឆាក បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៨​មក​៕



Tag:
 FIFA World Cup
  GroupE
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com