FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ុយអែត ប៉ះ កូរ៉េខាងត្បូង បែលហ្ស៊ិក ជួប ប៉ា​ណា​ម៉ា ទុយ​នី​ស៊ី តទល់ អង់គ្លេស​
18, Jun 2018 , 11:25 am        
រូបភាព
ដោយ: រួបរួម
​បន្ទាប់ពី​ស្វី​ស​តាម​ស្មើ​ប្រេ​ស៊ី​ល ១-១ ស៊ុយអែត ត្រូវ​តទល់​ជាមួយ​កូរ៉េខាងត្បូង​សម្រាប់​ជំនួប​បើកឆាក​ពូ​ល F មួយគូ​ទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ សម្រាប់​ជំនួប​ជា​បន្តបន្ទាប់​ទៀត​នា​រាត្រី​នេះ គឺជា​ការ​ប៉ះគ្នា​នៅក្នុង​ពូ​ល G រវាង​បែលហ្ស៊ិក និង​ប៉ា​ណា​ម៉ា ទុយ​នី​ស៊ី និង​អង់គ្លេស​។



​ស៊ុយអែត ជួប កូរ៉េខាងត្បូង ម៉ោង​៧​យប់ នៅ​កីឡដ្ឋាន Nizhny Novgorod Stadium
​ស៊ុយអែត​បង្ហាញខ្លួន​លើកដំបូង​នៅ World Cup ក្រោយ​ខកខាន​អស់​១២​ឆ្នាំ ដោយ​មិនមាន​វត្តមាន Zlatan Ibrahimovic ដែលជា​វីរបុរស​របស់ខ្លួន​នោះឡើយ ប៉ុន្តែ​ដំណើរ​ទៅកាន់​ទឹកដី​រុស្ស៊ី​របស់​ពួកគេ​បាន​ជម្នះ​ឧបសគ្គ​ដ៏​ធំ​មួយ គឺ​អ៊ីតាលី​។ សម្រាប់​កូរ៉េខាងត្បូង​វិញ វត្តមាន​លើក​ទី​១០​នៅ World Cup ជា​បេសកកម្ម​មួយ​ដើម្បី​ស្តារ​ការខកចិត្ត​កាលពី​៤​ឆ្នាំ ដែល​ពួកគេ​រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ នា​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​១៩៤៨ ស៊ុយអែត​ឈ្នះ​កូរ៉េខាងត្បូង​រហូតដល់​ទៅ ១២-០ ហើយ​ជំនួប​មិត្តភាព​បី​លើក​ក្រោយមកទៀត ស៊ុយអែត​បន្ត​ឈ្នះ ២-០ និង​ស្មើគ្នា​២​ប្រកួត​។​

​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​ស៊ុយអែត​: Olsen; Lustig, Granqvist, Lindelof, Augustinsson; Claesson, Larsson, Ekdal, Forsberg; Berg, Toivonen.

-​កូរ៉េខាងត្បូង​: Kim Seunggyu; Lee Yong, Kim Younggwon, Jang Hyunsoo, Park Jooho; Ki Sungyueng, Jung Wooyoung; Hwang Heechan, Lee Jaesung, Son Heungmin; Kim Shinwook​។​

​បែលហ្ស៊ិក ជួប ប៉ា​ណា​ម៉ា ម៉ោង​១០​យប់​នៅ​កីឡដ្ឋាន Fisht Stadium
​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល G មនុស្ស​ជាច្រើន​សំឡឹង​ឃើញ​បែលហ្ស៊ិក ដោយ​មើលរំលង​ប៉ា​ណា​ម៉ា​។ បែលហ្ស៊ិក​ដែល​ដឹកនាំ​ដោយ​លោក Roberto Martinez មាន​កីឡាករ​ដ៏​ពោរពេញ​ទៅដោយ​បទពិសោធន៍​លំដាប់​ពិភពលោក  ខណៈដែល​ប៉ា​ណា​ម៉ា​ទើប​មានឱកាស​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ក្រោយ​ចាញ់​ម៉ិ​ក​ស៊ិ​ក​កាលពី​ឆ្នាំ​១៩៨៦ បែលហ្សិក​​មិនដែល​បរាជ័យ​ក្នុងជំនួប​ជាមួយ​ក្រុម​ពី​តំបន់ CONCACAF ឡើយ ដោយ​ឈ្នះ​៩​លើក ស្មើ​២​លើក ខណៈ​កំណត់ត្រា​របស់​ប៉ា​ណា​ម៉ា​ជាមួយ​ក្រុម​នៅ​តំបន់​អឺរ៉ុប គឺ​ស្មើ​៤​លើក និង​ចាញ់​៥​លើក​។​

​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​បែលហ្ស៊ិក​: Thibaut Courtois; Jan Vertonghen, Dedryck Boyata, Toby Alderweireld; Axel Witsel, Kevin De Bruyne, Yannick Carrasco, Thomas Meunier; Dries Mertens, Eden Hazard; Romelu Lukaku

-​ប៉ា​ណា​ម៉ា​: Jaime Penedo; Roman Torres, Fidel Escobar, Eric Davis, Michael Murillo; Gabriel Gomez, Anibal Godoy, Armando Cooper, Edgar Barcenas, Jose Luis Rodriguez; Blas Perez​។​

​ទុយ​នី​ស៊ី ជួប អង់គ្លេស ម៉ោង​១​យប់​នៅ​កីឡដ្ឋាន Volgograd Arena
​ទុយ​នី​ស៊ីវិល​ត្រឡប់​មកកាន់ World Cup វិញ ក្រោយ​អវត្តមាន​១២​ឆ្នាំ​។ ក្រុម​ពី​អាមេរិក​ខាងជើង​មួយ​នេះ ប្រឹងប្រែង​យ៉ាងខ្លាំង​នៅមុន​ជំនួប​ផ្លូវការ​ដោយបាន​លទ្ធផល​ពី​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំងៗ​។ សម្រាប់​អង់គ្លេស​វិញ ក្រោម​ការដឹកនាំ​របស់​លោក Gareth Southgate សមាសភាព​កីឡាករ​ចាស់ៗ​នៅសល់តែ​៥​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​សមាសភាព​នៅ​ប្រេ​ស៊ី​ល​កាលពី​៤​ឆ្នាំមុន​។ កាលពី​ឆ្នាំ​១៩៩៨ ក្រុម​ទាំង​ពីរបាន​ប៉ះគ្នា​នៅក្នុង​ពូ​ល​តែមួយ​ផងដែរ ដោយ Alan Shearer និង Paul Scholes នាំ​ជ័យជម្នះ ២-០ សម្រាប់​តោ​កំណាច​។​

​កីឡាករ​ដែល​អាច​ស្ថិតក្នុង​ជម្រើស​ដំបូង​៖
-​ទុយ​នី​ស៊ី​: Mouez Hassen; Yassine Meriah, Syam Ben Youssef, Dylan Bronn, Ali Maaloul; Ellyes Skhiri, Anice Badri, Ferjani Sassi; Fakhreddine Ben Youssef, Wahbi Khazri, Naim Sliti.

-​អង់គ្លេស​: Jordan Pickford; Kyle Walker, John Stones, Harry Maguire; Kieran Trippier, Dele Alli, Jordan Henderson, Jesse Lingard, Ashley Young; Raheem Sterling, Harry Kane៕


Tag:
 FIFA World Cup
  GroupF
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com