អន្តរជាតិ
លោក ជេ​ក ម៉ា ភ្ញាក់ផ្អើល​ដែល​លោក មហា​ធៀ មានចំណេះដឹង​ខ្ពស់​ពី​បច្ចេកវិទ្យា​
18, Jun 2018 , 2:06 pm        
រូបភាព
រូបភាព៖ គណនី Twitter លោកនាយករដ្ឋមន្ត្រី មហាធៀ
រូបភាព៖ គណនី Twitter លោកនាយករដ្ឋមន្ត្រី មហាធៀ
​ថ្ងៃ​ចន្ទ​ទី ១៨ មិថុនា ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា លោក ជេ​ក ម៉ា បាន​ចូលជួប​ពិភាក្សា​ជាមួយ​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី ៧​របស់​ម៉ាឡេស៊ី ។ ក្នុងជំនួប​ពិសេស​នេះ មហាសេដ្ឋី​ចិន​រូបនេះ​បង្ហាញ​អារម្មណ៍​រំភើប និង​ភ្ញាក់ផ្អើល​ដែល​នាយករដ្ឋមន្ត្រី​មាន​វ័យ​៩២​ឆ្នាំមាន​ចំណេះដឹង​ជ្រៅជ្រះ​ពី​បច្ចេកវិទ្យា​នោះ​។​



​ជំនួប​រវាង​លោក ជេ​ក ម៉ា និង​លោក មហា​ធៀ គឺធ្វើឡើង​នៅ​ការិយាល័យ​នាយ​រដ្ឋមន្ត្រី​នៅ Putrajaya​។ មហាសេដ្ឋី​ចិន​នេះ​នាំ​ប្រតិភូ​មួយក្រុម​ផងដែរ​ក្នុងពេល​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​សមាជិក​គណរដ្ឋមន្ត្រី​សំខាន់ៗ​មួយចំនួន​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោក ជេ​ក ម៉ា បាន​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​ផ្លាស់ប្តូរ និង​ចែករម្លែក​គំនិត​យោបល់​នានា​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​យុវវ័យ​ក្នុង​អាជីវកម្ម​ខ្នាតតូច និង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផង​។

​លោក ជេ​ក ម៉ា បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​ដដែល​ថា ជំនួប​លើកដំបូង​របស់លោក​ជាមួយ​លោក មហា​ធៀ មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ ហើយ​អ្វីដែល​លោក​ពេញចិត្ត និង​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ​ចំណេះដឹង​របស់លោក មហា​ធៀ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​តែម្តង​។​

​ក្រៅពី​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី មហា​ធៀ លោក ជេ​ក ម៉ា ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ថ្មី​លោក  Lim Guan Eng កាលពី​ថ្ងៃអាទិត្យ​ក្នុង​អាហារ​ពេល​ល្ងាច​រួមគ្នា​ដែរ​។​

​តាមពិតទៅ ដើមឡើយ លោក ជេ​ក ម៉ា ត្រូវ​ជួប​ជាមួយ​លោក មហា​ធៀ តាំងពីដើម​ខែមិថុនា​ម្ល៉េះ ប៉ុន្តែ​សំណើរ​សុំ​នេះ​ត្រូវបាន​ពន្យារ​សិន​ដោយសារ​លោក មហា​ធៀ ចង់​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​ឲ្យ​បាន​រួចរាល់​សិន​។ ការចូល​សម្តែង​ការគួរសម​ជាមួយ​មេដឹកនាំ​ម៉ាឡេស៊ី​នេះ ក៏​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​សន្យា​ត្រួតពិនិត្យ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​រដ្ឋាភិបាល​មុន​ចុះ​ជាមួយ​ចិន​ដែរ​ក្នុងនោះ​មាន​គម្រោង​សង់​ផ្លូវ​រថភ្លើង​តំបន់​សមុទ្រ​ភាគខាងកើត (East Coast Rail Line)​។

​ដោយឡែក មហាសេដ្ឋី​ចិន​ស្ថាបនិក​ក្រុមហ៊ុន អា​លី​បា​បា នេះ​ត្រូវបានតែងតាំង​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មុន​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ឌីជីថល (Digital Economic Adviser) ហើយ​លោក​មាន​តួនាទី​សំខាន់​ក្នុង​ការជួយជ្រោមជ្រែងរ​ដ្ឋា​ភិ​បាល​ម៉ាឡេស៊ី​អនុវត្ត​តំបន់​សេដ្ឋកិច្ច​សេរី​ឌីជីថល (Digital Free Trade Zone) ដែលមាន​គោលដៅ​លើកស្ទួយ​ពាណិជ្ជកម្ម​អ៊ីនធឺណិត និង​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំងប្រទេស​ផង​៕
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ជេ​ក ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com