FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកជំនាញ​៖ រញ្ជួយ​ដី​៧​វិនាទី​នៅ​ម៉ិ​ក​ស៊ី​កូ ដោយសារ​ការអបអរ​គ្រាប់​បញ្ចូល​ទី​លើ​អាល្លឺម៉ង់​
18, Jun 2018 , 4:32 pm        
រូបភាព
​រញ្ជួយ​ដី​កម្រិត​៤.៣​រិច​ទ័​រ បាន​កើតឡើង​ក្រោយពេល​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​យ៉ាងច្រើន​កុះករ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​អាល្លឺម៉ង់​ក្នុង​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ក្រុម​មកពី​អាមេរិក​ឡាទីន ម៉ិ​ក​ស៊ិ​កបាន​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ ១-០ យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការប្រកួត​បើកឆាក​ពូ​ល F​។

​ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ Harving Lazona នៅ​នាទី​៣៥ នៅ​កីឡដ្ឋាន LuzhnikI Stadium ប្រទេស​រុស្ស៊ី បានធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​នៅមុខ​អេក្រង់​ផ្សាយ​បន្ត​ផ្ទាល់​ដ៏​ធំ​នៅឯ​វិមានឯករាជ្យ​ក្នុង​ក្រុង​ម៉ិ​ក​ស៊ី​កូ សប្បាយរីករាយ​យ៉ាងខ្លាំង ហើយ​បាន​លោត​ចុះឡើង ដោយ​នាំគ្នា​គ្រវីទង់ជាតិ និង​ច្រៀង​ចម្រៀង​ភ្លេង​ប្រពៃណី​ដើម្បី​អបអរ​គ្រាប់​បាល់​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​។​



​វិទ្យាស្ថាន​ស៊ើបអង្កេត​ភូមិសាស្ត្រ និង​ឧតុនិយម បាន​និយាយថា​ឧបករណ៍​ចាប់​សញ្ញា​រញ្ជួយ​ដី​មានប្រតិកម្ម​យ៉ាងខ្លាំង​នៅ​ទីតាំង​ពីរ​កន្លែង​នៅក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ​រយៈពេល​៧​វិនាទី បន្ទាប់ពី​នាទី​ទី ៣៥ នៃ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​។ ក្រុម​អ្នកជំនាញ បាន​ហៅ​ហេតុ​ការ​នោះ​ថា​ជាការ​រញ្ជួយ​ដី «​សិប្បនិម្មិត​» ដែល​អាច​បណ្តាលមកពី «​ការ​លោត​អបអរ​របស់​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​»​។​



​នេះ​ជា​បរាជ័យ​លើកដំបូង​របស់​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ក្នុង​ការប្រកួត​បើកឆាក World Cup បើ​គិត​ចាប់តាំងពី​អាល្លឺម៉ង់​ខាងលិច​ចាញ់​អាល់​ហ្សេ​រី​យ៉ា​នៅ​ឆ្នាំ​១៩៨២​។ ជាមួយគ្នានេះ ខ្សែការពារ​ម៉ិ​ក​ស៊ិ​ក Rafael Marquez បង្ហាញខ្លួន​នៅ World Cup លើក​ទី​៥ ស្មើ​កីឡាករ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ទៀត គឺ Antonio Carbajal និង​កីឡាករ​អាល្លឺម៉ង់ Lothar Matthaus​។​

​ម៉ិ​ក​ស៊ិ​ក នឹង​ប្រកួត​ជើង​ទី​២​ទល់នឹង​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៣ ខែមិថុនា វេលា​ម៉ោង ១០​យប់ (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​អាល្លឺម៉ង់​ត្រូវ​ជួប​ស៊ុយអែត នៅ​ថ្ងៃទី​២៤ វេលា​ម៉ោង​១​អា​ធ្រា​ត្រ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
  រញ្ជួយ​ដី​
  ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com