FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុម​ពី​អឺរ៉ុប ស៊ុយអែត បែ​ល​ហ្សិ​ក និង​អង់គ្លេស សុទ្ធតែ​ឈ្នះ​ការប្រកួត​
19, Jun 2018 , 6:29 am        
រូបភាព
បែលហ្ស៊ិក អង់គ្លេស និងស៊ុយអែត សុទ្ធតែឈ្នះការប្រកួត។ រូបថត FIFA
បែលហ្ស៊ិក អង់គ្លេស និងស៊ុយអែត សុទ្ធតែឈ្នះការប្រកួត។ រូបថត FIFA
ដោយ: រួបរួម
​ការប្រកួត FIFA World Cup នៅ​រាត្រី​ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃ​អង្គារ នេះ ផ្តល់នូវ​លទ្ធផល​ដ៏​គាប់ចិត្ត​សម្រាប់​ក្រុម​ពី​តំបន់​អឺរ៉ុប​។ ស៊ុយអែត បើក​ការប្រកួត​ពូ​ល F ដោយ​ឈ្នះ​កូរ៉េខាងត្បូង ១-០ ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី មុនពេល​ដែល បែលហ្ស៊ិក​បំបាក់​ក្រុម​ចំណូល​ថ្មី ប៉ា​ណា​ម៉ា ៣-០ ហើយ​អង់គ្លេស​ឈ្នះ​ទុយ​នី​ស៊ី ២-១ នៅ​នាទី​បន្ថែម សម្រាប់​ជំនួប​ពូ​ល G​។​



VAR នាំ​សំណាង​ដល់​ស៊ុយអែត​
​ប្រធាន​ក្រុម​ស៊ុយអែត Andreas Granqvist បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៦៥ ដើម្បី​នាំ​ជ័យជម្នះ ១-០ លើ​កូរ៉េខាងត្បូង សម្រាប់​ការប្រកួត​ក្នុង​ពូ​ល F នៅ​កីឡដ្ឋាន Nizhny Novgorod Stadium​។ គ្រាល់​បាល់​នេះ​កើតឡើង​បន្ទាប់​រូបភាព​វីដេអូ VAR បង្ហាញ​អាជ្ញាកណ្តាល​ឲ្យ​ឃើញថា Kim Min-woo បាន​ធាក់​ចំ​ជើង​របស់ Viktor Claesson នៅ​តំបន់​គ្រោះថ្នាក់​។ នេះ​ជា​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក World Cup លើកដំបូង​របស់​ស៊ុយអែត បើ​គិត​ចាប់តាំងពី​ពួកគេ​បាន​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក ៣-០ កាលពី​ឆ្នាំ​១៩៥៨​។




Romelu Lukaku រកបាន​២​គ្រាប់​ក្នុងជ័យជម្នះ ៣-០
​ខ្សែប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ លើ​ប៉ា​ណា​ម៉ា ដែលជា​ក្រុម​ចំណូល​ថ្មី​នៅ World Cup សម្រាប់​ការប្រកួត​បើកឆាក​នៅ​ពូ​ល G​។ គ្រាប់​បញ្ចូល​ទី​បានកើត​ឡើង​នៅ​តង់​ទី​ពីរ ដែល​រកបាន​ដំបូង​ដោយ Dries Mertens ហើយ Lukaka បន្ថែម​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​។​



Harry Kane តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​បន្ថែម​នាំ​ជ័យជម្នះ​ដល់​អង់គ្លេស​
​ប្រធាន​ក្រុម Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅ​ដើមតង់ និង​នៅ​នាទី​បន្ថែម ដើម្បី​នាំ​ឲ្យ​អង់គ្លេស​ទទួល​ជ័យជម្នះ ២-១ លើ​ទុយ​នី​ស៊ី សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល G​។
​អង់គ្លេស​បើក​ការវាយលុក​យ៉ាងខ្លាំង ដោយ Kane រកបាន​គ្រាប់​ដំបូង​នៅ​នាទី​១១​។  នៅ​នាទី​៣៥ ទុយ​នី​ស៊ី​តាម​ស្មើ​វិញ ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់ Ferjani Sassi បន្ទាប់ពី Kyle Walker បង្ករ​កំហុស​លើ Fakhreddine Ben Youssef​។ បញ្ហា​របួស​នាំ​ឲ្យ​អ្នកចាំទី Hassen ត្រូវបាន​ដាក់ជំនួស​ដោ​យ Farouk Ben Mustapha ដែល​ជួយសង្គ្រោះ​បាល់​គ្រោះថ្នាក់​ដ៏​ច្រើន មុនពេល​ដែល Kane បានតែ​ត​បញ្ចូល​ទី​នៅ​នាទី​បន្ថែម​ដំបូង​៕

Tag:
 FIFA World Cup
  GroupG
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com