FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប៉ូលិស​រុស្ស៊ី បណ្តេញ​អ្នកគាំទ្រ​អង់គ្លេស​២​នាក់​ពី​រថភ្លើង​ដែល​ធ្វើដំណើរ​ទៅ​មើល​ជំនួប អង់គ្លេស​-​ទុយ​នី​ស៊ី​
19, Jun 2018 , 11:55 am        
រូបភាព
​ប៉ូលិស​រុស្ស៊ី​នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​បណ្តេញ និង​ហាម​អ្នកគាំទ្រ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​២​នាក់​ឲ្យ​ចុះ​ពី​រថភ្លើង​ដែល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ក្រុង Volgograd ដើម្បី​ទស្សនា​ការប្រកួត​បើកឆាក​រវាង​អង់គ្លេស​ទល់នឹង​ទុយ​នី​ស៊ី​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល H នៃ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨​។​



​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកគាំទ្រ​ទាំងពីរ​រូបនោះ​ត្រូវបាន​ចោទប្រកាន់ថា​មាន​ស្ថាន​ភាពស្រវឹង និង​មាន​ឥរិយាបថ​មិន​សមរម្យ ហើយ​ប៉ូលិស​រុស្ស៊ី​ក៏បាន​សម្រេច​ឲ្យ​អ្នក​ទាំងពីរ​ចុះ​ពីលើ​រថភ្លើង​។ ប៉ុន្តែ​ភ្លាមៗ​នោះ​បុរស​ម្នា​ក់បាន​ដណ្តើម​កាំភ្លើង​ពី​ប៉ូលិស ខណៈដែល​ម្នាក់ទៀត​វាយ​បំបែក​កញ្ចក់​រថភ្លើង ហើយក៏​ត្រូវបាន​ចាប់ខ្លួន​ទាំងពីរ​នាក់​តែម្តង​។​

​ប៉ូលិស​បាន​រាយការណ៍​ថា អ្នកគាំទ្រ​មួយរូប​ដែល​វាយ​កញ្ចក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រោះ​បាន​យក​អំបែង​កញ្ចក់​ដែល​ខ្លួន​វាយ​បំបែក​មក​អា​ដៃ​ខ្លួនឯង​។ រីឯ​ម្នាក់ទៀត​ដែល​ព្យាយាម​ចាក​ចេញពី​រថភ្លើង​ត្រូវបាន​ឃុំខ្លួន និង​ចោទប្រកាន់​ពីបទ​មិន​គោរព​តាម​បញ្ជា​របស់​សម្ថ​កិច្ច​។​

​ករណីនេះ កើតឡើង​មុនពេល​ការប្រកួត​រវាង​អង់គ្លេស​ទល់នឹង​ទុយ​នី​ស៊ីក្នុង​ការប្រកួត​ពានរ​ង្វាន់​ពិភពលោក​នៅលើ​ទឹកដី​រុស្ស៊ី​ជា​លើកដំបូង បន្ទាប់ពី​មាន​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ​បាន​ផ្ទុះឡើង​រវាង​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី និង​អង់គ្លេស​នៅ​ទីក្រុង Marseille ប្រទេស​បារាំង​អំឡុង​ការប្រកួត​ពានរង្វាន់​អឺរ៉ុប Euro 2016​។​

​បើ​និយាយ​ពី​នយោបាយ​វិញ ប្រទេស​ទាំងពីរ​ក៏​កំពុងមាន​បញ្ហា​ការទូត​ជាមួយគ្នា​ខ្លាំងខ្លា​ដែរ ជុំវិញ​ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal និង​កូនស្រី​។ ជុំវិញ​ការប៉ុនប៉ង​ធ្វើឃាត​លោក Skripal នេះ អង់គ្លេស​បាន​ចោទ​រុស្ស៊ី​ទាំងស្រុង ទោះជា​មិនអាច​រក​ភស្តុតាង​បញ្ជាក់​ពី​កំហុស​ក្ដី​៕


Tag:
 បាល់ទាត់​
  FIFA Word Cup
  អង់គ្លេស​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com