ជាតិ
អ្នកបើក​រថយន្តបុក​សម្ដេចក្រុមព្រះ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ទាំង​នៅក្នុង​មន្ទីរពេទ្យ
19, Jun 2018 , 2:45 pm        
រូបភាព
ដោយ:
​ខេត្ត​ព្រះសីហនុ​៖ អ្នករត់​តាក់ស៊ី ដែល​បង្ក​គ្រោះថ្នាក់​ដល់​សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង ព្រមជាមួយ​អ្នករួមដំណើរ​៤​នាក់​ផ្សេងទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​ព្រះសីហនុ ចេញ​ដីការ​ឃុំខ្លួន​បណ្ដោះអាសន្ន​។ ការឃុំខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ ដោយសារតែ​ជនបង្ក កំពុងមាន​របួសធ្ងន់ ដែល​ត្រូវការ​ការព្យាបាល​ពី​គ្រូពេទ្យ​។​



​លោក ម៉ិ​ល សារ៉េត អ្នកបើករថយន្ត​តាក់ស៊ី ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​រងរបួស និង​អ្នក​ម្នាង អ៊ុក ផល្លា ឲ្យ​បាត់​បង់ជីវិត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃតុលាការក្រុង​ព្រះសីហនុ លោក ប្លុង វិសាល សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន បើទោះជា​ពេលនេះ​អ្នករត់​តាក់ស៊ី​ខាងលើ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏ដោយ​។ ជនបង្ក​ហេតុ​ខាងលើ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ម្នាង​បាត់បង់​ជីវិត និង​សម្ដេចក្រុមព្រះ​រងរបួស​នោះទេ តែ​ក៏បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​រថយន្ត​៤​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​និង​ស្រាល​ផងដែរ​។​

​គេ​សង្កេតឃើញ ជើង​របស់​ជនបង្ក​ហេតុ​នោះ ត្រូវ​បានដាក់​ខ្នោះ​។ លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា មាន​សមត្ថកិច្ច​មួយចំនួន នៅចាំ​ឃ្លាំមើល​ជនបង្ក​ហេតុ​នោះ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​ការប្រកាស​ឃុំខ្លួន​នេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​ជនបង្ក​ទាំង​ស្ថានភាព​សន្លប់ នៅក្នុង​បន្ទប់​សវនាកាល នៃ​តុលាការខេត្ត​ព្រះសីហនុ​ផ្ទាល់​។ យ៉ាងណា នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការវិវឌ្ឍ​នៃ​ស្ថានភាព​ជនបង្ក ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា លោក ម៉ិ​ល សារ៉េត អ្នក​បើ​រថយន្ត​តាក់ស៊ី បាន​បង្ក​គ្រោះថ្នាក់​ដល់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​រងរបួស និង​បាន​បណ្ដាល​ឲ្យ​អ្នក​ម្នាង​របស់​ព្រះអង្គ បាត់បង់​ជីវិត ព្រមទាំង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល​ផងដែរ​។ ហេតុការណ៍​នេះ បាន​លើ​ត​ឡើង​នៅ​ម៉ោង​ជិត​១០​ព្រឹក នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០០ និង​២០១ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨៕



Tag:
 សម្ដេចក្រុមព្រះ​
 ​អ្នក​ម្នាង​អ៊ុក​ផល្លា​
 ​គ្រោះថ្នាក់​ចរាចរណ៍​
 ​រត់​តាក់ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com