FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋ​អ៊ី​ស្លង់​៩៩.៦​ភាគរយ​មើល​ជំ​នួប World Cup រវាង​ក្រុម​ខ្លួន​ជាមួយ​អា​ហ្ស​ង់​ទីន​
19, Jun 2018 , 4:17 pm        
រូបភាព
​ប្រជាពលរដ្ឋ​អ៊ី​ស្លង់ ៩៩.៦​ភាគរយ បាន​ទស្សនា​ការប្រកួត ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី នា​ជំនួប​បើកឆាក​រវាង​ក្រុម​ជម្រើសជាតិ​ខ្លួន​ទល់នឹង​អា​ហ្ស​ង់​ទីន តាមរយៈ​កញ្ចក់​ទូរទស្សន៍ ហើយ ០.៤​ភាគរយ​ទៀត​គឺ​គាំទ្រ​នៅ​ទីលាន​តែម្តង​។​



​ប្រទេស​អ៊ី​ស្លង់​ដែលមាន​ផ្ទៃដី​ជាង​១​ពាន់​ម៉ែត្រក្រឡា និង​មាន​ប្រជាជន​សរុប​ប្រមាណ ៣៥០៧១០​នាក់ ជា​ក្រុម​មកពី​តំបន់​អឺរ៉ុប​ដែល​បាន​កៅអី​ទៅ World Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​។​

​ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល G ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់ បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការ​ទប់​ស្មើ​ក្នុង​លទ្ធផល ១-១ ជាមួយ​អា​ហ្ស​ង់​ទីន​ដែលជា​ក្រុម​កំពូល​មួយ​នៅលើ​ពិភពលោក​។ កីឡាករ​អ៊ី​ស្លង់​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​រារាំង​ឱកាស​មាស​របស់​អា​ហ្ស​ង់​ទីន ជាពិសេស​ការវាយលុក​របស់ Lionel Messi ព្រមទាំង​រារាំង យ៉ាង​ល្អ​ពី​សំណាក់​អ្នកចាំទី​អ៊ី​ស្លង់ Hannes Halldorsson ពី​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​តារា​ឆ្នើម Barcelona នេះ​ទៀតផង​។​



​ស្របពេល​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នេះ សហ​ព័​ន្ទ​កីឡាបាល់ទាត់​អ៊ី​ស្លង់ (KSI) តាមរយៈ​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter ផ្លូវ​ការណ៍​របស់ខ្លួន បាន​បញ្ចេញ​ស្ថិតិ​អ្នកទស្សនា​ការប្រកួត​នេះ​របស់​ប្រជាជន​ខ្លួន​ថា​មាន​រហូតដល់​ទៅ ៩៩.៦​ភាគរយ​ឯណោះ ពោលគឺ​ស្ទើ​ពេញ​ផ្ទៃ​ប្រទេស​ទៅហើយ​។ តួលេខ​នេះ បញ្ជាក់ថា​ប្រជាជន​អ៊ី​ស្លង់​ពិតជា​គាំទ្រ​ក្រុម​ជម្រើសជាតិ​ខ្លួន​លើសលុប​។​

​ក្រុម​ដែលមាន​គ្រូបង្វឹក​ជា​អតីត​ពេទ្យធ្មេញ​លោក Heimir Hallgrimsson  ក៏​ធ្លាប់​នាំ​អ៊ី​ស្លង់​ធ្វើ​ព្យុះភ្លៀង​នៅ Euro 2016 ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​រួចមកហើយ ដោយ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល និង​ទម្លាក់​ក្រុម​ខ្លាំង​អង់គ្លេស​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀតផង​។​

​អ៊ី​ស្លង់​នឹងត្រូវ​តទល់​ជាមួយ​នី​ហ្សេ​រី​យ៉ា​សម្រាប់​ការប្រកួត​ជើង​ទី​២ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៅ​ថ្ងៃទី​២២ ខែមិថុនា វេលា​ម៉ោង ១០​យប់​(​ម៉ោង​នៅ​កម្ពុជា​) មុន​ប៉ះ​ក្រូ​អាស៊ី​នា​ជំនួប​ចុងក្រោយ​។ ក្នុង​ពូ​ល D នេះ ក្រូ​អាស៊ី​មាន​៣​ពិន្ទុ​នាំមុខគេ​ក្នុង​តារាង តាម​ពីក្រោយ​ដោយ​អា​ហ្ស​ង់​ទីន អ៊ី​ស្លង់ និង​នី​ហ្សេ​រី​យ៉ា​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  អ៊ី​ស្លង់
© រក្សាសិទ្ធិដោយ thmeythmey.com