ជាតិ
ពលរដ្ឋ​ដែល​ពុល​នំ​បញ្ចុក​នៅ​សៀម​រាបបាន​សះស្បើយ​វិញ​ហើយ​
19, Jun 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ ពលរដ្ឋ​ចំនួន​៨​នាក់ ដែល​សង្ស័យ​ពុល​នំ​បញ្ចុក​នោះ បានជា​សះស្បើយ​វិញ​ហើយ បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ពលរដ្ឋ​ទាំងនោះ បាន​ហូប​នំ​បញ្ចុក​រួមគ្នា​ក្នុង​ពិធីបុណ្យ​មួយ​ក្នុងភូមិ ដែល​ស្ថិតនៅ​ភូមិ បុស្ស​តា​ត្រាវ ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប​។​



​ករណី​ពុល​នំ​បញ្ចុក​កើតឡើង​នៅ​ថ្ងៃទី​១៨ មិថុនា ដែល​បណ្តាលឱ្យ​ពលរដ្ឋ​ចំនួន​៨​នាក់ (​ស្រី​៦​នាក់​) មាន​អាកា​រៈ​ក្អួតចង្អោរ វិលមុខ និង​រាគរូស​។ ភ្លាមៗ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព ស្វាយចេក​។ តាម​របាយការណ៍​រប​ស់​ស្នងការ​នគរ​បាន​ខេត្តសៀមរាប ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពិធីបុណ្យ​ភូមិ​មួយ ដែល​ពួកគេ​ហូប​ជុំគ្នា​។​

​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​១៩ មិថុនា​ថា ពលរដ្ឋ​ដែល​ពុល​ខាងលើ​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។ លោក​បញ្ជាក់ថា ករណីនេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​លោក​សុំឱ្យ​ពលរដ្ឋ​ទាំងអស់ មាន​អនាម័យ​ខ្ពស់​ក្នុង​ការបរិភោគ​អ្វីមួយ​។​

​ទាក់ទង​នឹង​ករណីនេះ ពុំទាន់​មានការ​បញ្ជាក់​ពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ពុល​នំ​បញ្ចុក​នេះ​នៅឡើយ​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រួស សារ៉ាត់ មិនអាច​ទាក់ទង​បានទេ​នៅ​រសៀល​ថ្ងៃនេះ​៕

Tag:
 ពុល​នំ​បញ្ចុក​
© រក្សាសិទ្ធិដោយ thmeythmey.com