កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ​ចាប់​អ្នក​ចាក់បាល់ World Cup ជាង​៣០០០​នាក់ រយៈពេល​៤​ថ្ងៃ​
19, Jun 2018 , 5:39 pm        
រូបភាព
​មនុស្ស​ជាង​៣​ពាន់​នាក់​នៅ​ថៃ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ភ្នាល់​បាល់ World Cup ខុសច្បាប់ ក្នុង​រយៈពេល​៤​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃ​ប្រកួត​បើកឆាក​រវាង​ម្ចាស់ផ្ទះ​រុស្ស៊ី​ទល់នឹង​អា​រ៉ា​ប៊ី​សា​អូឌីត​មក​។​



​ប៉ូលិស​ថៃ​កំពុង​បង្ហាញ​ពី​ការប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការលេង​ល្បែងភ្នាល់​កីឡាបាល់ទាត់​ខុសច្បាប់​អំឡុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​

​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៨ ខែមិថុនា លោក Chalermkiat Srivorakhan មេ​ប៉ូលិស​រង​នៅ​ក្រុង​បាងកក បានប្រកាសថា​អ្នកលេង​ល្បែងស៊ីសង​ចំនួន ៣​ពាន់​នាក់ និង​អ្នក​ភ្នាល់​បាល់​ខុសច្បាប់​ប្រមាណ ២៥០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​រាជធានី​របស់​ថៃ និង​តាម​បណ្តា​ខេត្ត​ជាប់​គ្នា​នោះ​។​

​ស្នងការរង​ខាងលើ ក៏បាន​កត់សម្គាល់ឃើញ​ថា សកម្មភាព​ភ្នាល់​បាល់​លើក​នេះ​មាន​កម្រិត​ខ្ពស់ជាង​ការប្រកួត​កាលពី​ឆ្នាំ​២០១៤ ដែលមាន​អ្នក​ភ្នាល់ ៧% នៃ​ប្រជាជន​ថៃ​សរុប ដោយ​ដាក់​ប្រាក់​ភ្នាល់​មួយចំនួន​លើ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​។ កម្រិត​ខ្ពស់​ដោយសារតែ​ប្រជាជន​បច្ចុប្បន្ន​មាន​ភាពងាយស្រួល​ចូលទៅ​កាន់​គេហទំព័រ​ភ្នាល់​អន​ឡាញ​តាមរយៈ​ទូរ​សព្ទ​ដៃ​។



​បញ្ហា​នេះដែរ ការិយាល័យ​ប្រឆាំង​ការលាង​លុយ (AMLO) របស់​ថៃ​បាន​សហការ​ជាមួយ​ធនាគារ​ចំនួន ៣ និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​ដើម្បី​តាមដាន​សកម្មភាព​គណ​នី​ណា​ដែល​គួរ​ឲ្យ​សង្ស័យ​ក្នុងអំឡុងពេល​ការប្រកួត World Cup នេះ​។ ប៉ូលិស​ក៏បាន​ដាក់​បញ្ជីរាយឈ្មោះ​គេហទំព័រ​ភ្នាល់​ល្បែង​ខុសច្បាប់​ខុសៗ​គ្នា​ជាង ៣០០ ដែលជា​អ្នកផ្តល់​សេវា​អ៊ី​ន​ធឺ​ណែ​ត​ក្នុងស្រុក​ក​ឲ្យ​បញ្ចប់​ដំណើរការ​ផងដែរ​។​

​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២ ដែល​ធ្វើឡើង​ក្នុង​ក្រុង​ចំនួន​១២ របស់​រុស្ស៊ី បាន​ដំណើរការ​ប្រកួត​រយៈពេល​៦​ថ្ងៃ​ហើយ បើ​គិត​ទាំង​ថ្ងៃទី​១៩​នេះ​ទៀត​។ ការប្រកួត​ក៏បាន​ឈានដល់​ជុំ​ទី​២​ដែរ​នា​ថ្ងៃទី ១៩ ខែមិថុនា​នេះ សម្រាប់​ជំនួប​រវាង​ម្ចាស់ផ្ទះ​រុស្ស៊ី និង​អេ​ហ្ស៊ី​ប​ក្នុង​ពូ​ល A នៅវេលា​ម៉ោង ១​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់ពី​ការប្រកួត​ពីរ​គូ​ចុងក្រោយ​ជុំ​ទី​១​ក្នុង​ពូ​ល H រវាង​ជម្រើសជាតិ​កូ​ឡុំ​ប៊ីទ​ល់​នឹង​ជប៉ុន (​ម៉ោង ៧​យប់​) មុន​ជំនួប ប៉ូឡូញ និង​សេ​ណេ​ហ្គា​ល់​នៅ​ម៉ោង ១០​យប់​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  ភ្នាល់​បាល់​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com