ជាតិ
បឹងយក្ខឡោម ក្លាយជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្រោយរដ្ឋាភិបាលចេញអនុក្រិត្យការពារ
× ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យ កំណត់ឲ្យបឹងយក្ខឡោម ដែលមានផ្ទៃដីសរុបចំនួន ២២៥ហិកតា ក្លាយជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីរក្សាប្រព័ន្ធជីវៈចម្រុះ និងដែនជម្រកសត្វព្រៃ។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ សម្រាប់ទំហំផ្ទៃដីនៅក្នុងតំបន់នេះ មិនបានរាប់បញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។
ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ ជាពិសេសជីវៈចម្រុះដែលមានដូចជា ព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិជាច្រើនទៀត នៅតំបន់ «បឹងយក្ខឡោម» រដ្ឋាភិបាលបានចេញអនុក្រឹត្យ កំណត់ប្រែក្លាយ «បឹងយក្ខឡោម» ឲ្យទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ មានផ្ទៃដីសរុបចំនួន ២២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
មាត្រា២នៃអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យនេះ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ, ធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ហើយនិងផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព។
មាត្រាដដែលក៏បានបន្ថែមថា តំបន់នេះ លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព, បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ និងផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន។
ចំពោះផ្ទៃដីដែលអនុក្រឹត្យឲ្យមានតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្ខឡោម» នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។
តំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្ខឡោម» នេះ ត្រូវបានកំណត់ឲ្យក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ជាអ្នកធានាគាំពារ៕
Tag:
បឹងយក្ខឡោម
អនុក្រិត្យ
តំបន់ការពារ
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com