FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គំរូ​! អ្នកគាំទ្រ​សេ​ណេ​ហ្គា​ល់​នាំគ្នា​សំអាត​កីឡដ្ឋាន ក្រោយ​ក្រុម​ខ្លួន​ឈ្នះ​ប៉ូឡូញ​
20, Jun 2018 , 11:42 am        
រូបភាព
​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​បាន​អបអរ​ជ័យជម្នះ​របស់ខ្លួន​ក្រោយ​យកឈ្នះ ប៉ូឡូញ ២-១ នៃ​ការប្រកួត​បើកឆាក​ពូ​ល H ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ដោយ​ការសំអាត​កីឡដ្ឋាន Spartak Stadium ក្រុង​មូ​ស្គូ បន្ទាប់ពី​ការប្រកួត​ចប់​។​



​សេ​ណេ​ហ្គា​ល់ បាន​ស្តារ​មុខមាត់​ដល់​ក្រុម​ពី​អាហ្វ្រិក​ដោយ​រកបាន​៣​ពិន្ទុ​ក្នុងជំនួប​ដំបូង​។ នៅ​ពាក់កណ្តាល​តង់​ទីមួយ ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ Thiaga Cionek មាន​ទុន​នាំមុខ​១​គ្រាប់ ហើយ M’Baye Niang បន្ថែម​គ្រាប់​ទី​ពីរ ខណៈ​ការប្រកួត​ដំណើរការបាន​១​ម៉ោង និង​ជា​គ្រាប់​បាល់​ដ៏​ចម្រូងចម្រាស់​មួយ​។ ៤​នាទី​មុន​បញ្ចប់​ការប្រកួត ប៉ូឡូញ តាម​ពីក្រោយ​បាន​១​គ្រាប់ ដែល​ការ​តែ​ត​បញ្ចូល​ទី​របស់ Grzegorz Krychowiak​។​

​បន្ទាប់ពី​ជ័យជម្នះ​នេះ ក្រុម​អ្នកគាំទ្រ​សេ​ណេ​ហ្គា​ល់​មួយចំនួន​ដែល​ទៅ​ទស្សនា​ផ្ទាល់​មិនបាន​ចាក​ចេញពី​ទីលាន​ភ្លាម​នោះទេ​ដោយនៅ​រង់ចាំ​សម្អាត និង​រើស​សំរាម​ដែល​នៅ​រាយប៉ាយ​ក្នុង​កីឡដ្ឋាន​ដើម្បី​ជាការ​អបអរ​ដល់​ក្រុម​ខ្លួន​។​



​សកម្មភាព​របស់​ពួកគេ​បានទទួល​ការកោតសរសើរ​យ៉ាងច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ស្របពេល​ក្រុម​ដែល​មកពី​តំបន់​អាហ្វ្រិក​បាន​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ ហើយ​អ្នកគាំទ្រ​ទៀត​នោះ​ក៏បាន​បង្ហាញ​ពី​ការគិតគូ​បរិ​ដ្ឋា​ន​ដ៏​គួរ​ឲ្យ​គោរព​ទៀតផង​។​

​លើសពីនេះទៅទៀត មនុស្ស​ជាច្រើន​បាន​អបអរ​សារ​ទរ​ចំពោះ​ទង្វើ​របស់​អ្នកគាំទ្រ​សេ​ណេ​ហ្គា​ល់ ដោយ​លើកឡើងថា​នេះ​ជាស​ញ្ញា​នៃ​ការគោរព​ដែល​ប្រទេស​ដទៃ​គួរ​យក​គំរូ​តាម​។​

​សេ​ណេ​ហ្គា​ល់ នឹងត្រូវ​តទល់​ជាមួយ​ជប៉ុន​ដែល​រកបាន​៣​ពិន្ទុ​ដូចគ្នា​នៅ​ថ្ងៃទី​២៤ ខែមិថុនា សម្រាប់​ការប្រកួត​ជុំ​ទី​២ វេលា​ម៉ោង ១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)។

ដោយឡែក​ក្រុមអ្នកគាំទ្រជប៉ុន ក៏តែងតែផ្តល់គំរូ​លើ​ការសំអាតកីឡដ្ឋាននៅរៀងរាល់ក្រោយការប្រកួត រួមទាំងជ័យ​ជម្នះ​ ២-១ លើកូឡុំប៊ី ផងដែរ៕



Tag:
 បាល់ទាត់​
  FIFA World Cup
  សេ​ណេ​ហ្គា​ល់​
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com