អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង ប្រគល់​មូលនិធិ​ជាង ២៤៧ លាន​រៀល​ទៅ​អាជ្ញាធរ​អប្សរា ដើម្បី​រៀបចំ​តំបន់​សៀមរាប​-​អង្គរ​
21, Jun 2018 , 10:18 am        
រូបភាព
​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិ​ក​ត្រូ​និក បានប្រគល់​ទឹកប្រាក់ ចំនួន ២៤៧,០៨០,០០០​លាន​រៀល (​ប្រមាណ​៦១,៧៧០ ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​រៀបចំ​រមណីយដ្ឋាន​នៅ​តំបន់​សៀមរាប​-​អង្គរ និង​កិច្ចការ​អភិរក្ស​មួយចំនួនទៀត​។ ពិធី​ប្រគល់​ប្រាក់​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នា​ការិយាល័យ​ក្រុមហ៊ុន​សាម​សុង ក្នុង​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់​ផងដែរ​ថា ថវិកា​ចំនួន​២៤៧,០៨០,០០០​លាន​រៀល ដែល​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​នាពេលនេះ គឺ​ទឹកប្រាក់​ដែល​ប្រមូលបាន​ពី​មូលនិធិ នៃ​ការលក់​ទូរស័ព្ទ Samsung Galaxy «J» សេរី ២០១៦  ដែល​ក្រុមហ៊ុន​បាន​សន្យា នឹង​ឧបត្ថម្ភ​ទឹកប្រាក់ ១០,០០០​រៀល ពី​ការលក់​ផលិតផល ១ គ្រឿង ។ ការប្រគល់​មូលនិធិ​នេះ ក៏​ធ្វើឡើង​នៅពេលដែល​ក្រុមហ៊ុន សាម​សុង​ជឿជាក់ថា ផលិតផល Samsung Galaxy «J» សេរី​២០១៦ ត្រូវបាន​លក់​អស់ពី​ទីផ្សារ​ប្រទេស​កម្ពុជា ហើយក៏​ជា​ពេលវេលា បិទ​បញ្ចប់​មូលនិធិ Samsung Galaxy «J» សេរី​២០១៦ នេះ​ផងដែរ​។​

​លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា មូលនិធិ​នេះ ត្រូវប្រគល់​ជូនទៅ​អាជ្ញាធរ​អប្សរា ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​រៀបចំ​រមណីយដ្ឋាន​នៅ​តំបន់​សៀមរាប​-​អង្គរ និង​កិច្ចការងារ​ផ្សេងៗ​ទៀត តាម​ទិសដៅ​ការងារ​របស់​អាជ្ញាធរ​អ​ប្សា​រា​។ ក្រៅពី​ការប្រមូល​មូលនិធិ លោក Seungho Choi ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង ក៏បាន​ផ្សព្វផ្សាយ និង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ស្រលាញ់ និង​មាន​មោទកភាព​ចំពោះ​ប្រាង្គ​ប្រាសាទ​ដ៏​មហា​អច្ឆរិយ​របស់​កម្ពុជា តាមរយៈ​យុទ្ធនាការ «​មោទនភាព​ជាតិ​ក្នុង​ដៃ​អ្នក​» ដោយ​ប្រើប្រាស់​រូបភាព​អង្គរវត្ត នៅលើ​ប្រអប់ (box) និង​នៅលើ​ផ្ទាំង​មុខ (theme) នៃ​ទូរស័ព្ទដៃ​ម៉ាក Samsung Galaxy «J»​សេរី​២០១៦ ផងដែរ​។



​បើតាម លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា​ដដែល រូបភាព​អង្គ​វត្ត ដែល​បានបង្ហាញ​នៅលើ​ប្រអប់ (box) និង​នៅលើ​ផ្ទាំង​មុខ (theme) នៃ​ទូរស័ព្ទដៃ​ម៉ាក Samsung Galaxy «J» សេរី (J3 J5 និង J7) គឺ​បង្ហាញ​ពី​ចេតនា​របស់​ក្រុមហ៊ុន ដែល​ចង់​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា ក្នុងការ​បំផុសទឹកចិត្ត​ស្រលាញ់ អភិរក្ស និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​មួយ​នេះ​។

​លោក សុខ  សង្វារ អគ្គនាយករង​អាជ្ញាធរ​អប្សរា បាន​ថ្លែងអំណរគុណ និង​បាន​កោតសរសើរ​យា់ង​ក្រៃលែង ដែល​ក្រុមហ៊ុន​សាម​សុង​បាន​បង្កើត​គម្រោង​នេះ​ឡើង​។ «​យើង​រីករាយ​ក្នុងការ​ទទួលយក​មូល​និ​ធិ​នេះ នឹង​ប្រើប្រាស់​មូលនិធិ​នេះ សម្រាប់​កិច្ចការងារ​ប្រសើរ ក្នុង​ការថែទាំ​ប្រាង្គ​ប្រាសាទ​របស់​យើង​ឲ្យ​បានល្អ​ប្រសើរ​។ ខ្ញុំ​រីករាយ​ណាស់ ដែល​ក្រុមហ៊ុន​សាម​សុង ដែល​ត្រូវបានគេទទួលស្គាល់ ទូទាំង​ពិភពលោក ថា​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំជាងគេ បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​ល្អៗ ដើម្បី​សង្គម​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ សង្វារ ដោយ​លោក​បាន​បន្ត​អំពាវនាវ ដល់​ក្រុមហ៊ុន​សាម​សុង ក៏ដូចជា​ក្រុមហ៊ុន​ដទៃទៀត ឲ្យ​បន្ត​កម្មវិធី​នេះ ឬ​បង្កើត​កម្មវិធី​សង្គម​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ 

​សូមបញ្ជាក់ថា ក្រៅ​តែ​ការបង្កើត​មូលនិធិ​ដើម្បី​ចូលរួម​អភិ​រក្សា​តំបន់​ទេសចរណ៍វប្បធម៌​អង្គរ របស់​កម្ពុជា ក្រុមហ៊ុន​សាម​សុង ក៏បាន​ចូលរួម​ជួយ​សង្គមជាតិ​ជាច្រើន ដូចជា​ការបរិច្ចាគ​ឈាម យុទ្ធ​ការចែក​មួកសុវត្ថិភាព  យុទ្ធនាការ Love & Care និង​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com