ជាតិ
គម្រោងថ្មីមួយទៀត ត្រូវបានប្រកាសបោះទុនជាង ១ពាន់លានដុល្លារនៅព្រះសីហនុ
× ភ្នំពេញ៖ គម្រោង Wisney World ជាមួយទឹកប្រាក់វិនិយោគ ដែលត្រូវបានប្រកាសជាង ១ពាន់លានដុល្លារ នឹងបង្កើតតំបន់កម្សាន្តសម្បូរបែបលើផ្ទៃដី ៦៥ហិកតានៅជាប់មាត់សមុទ្រក្នុងខេត្តព្រះសីហនុ។ តែយ៉ាងណាអាជ្ញាធរខេត្តមិនបានដឹងពីគម្រោងនេះឡើយ។
គម្រោងនេះត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ នៅសាលសន្និបាតកោះពេជ្រ នៅថ្ងៃទី២០ខែមិថុនា។
នៅលើផ្ទៃដី ៦៥ហិកតា គម្រោងដ៏ធំមួយនេះ នឹងបង្កើតឲ្យមានសណ្ឋាគារ កាស៊ីណូ ផ្សារទំនើប សួនកម្សាន្ត ឧទ្យានលំហែរកាយ ជាដើម។ លោកស្រី ម៉ែន សំអន បានថ្លែងថាគម្រោងនេះនឹងធ្វើឲ្យខេត្តព្រះសីហនុ កាន់តែទាក់ទាញទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ឲ្យមកកម្សាន្តតំបន់ឆ្នេរមួយនេះ។
គម្រោងដ៏សម្បើមនេះត្រូវបានប្រកាសឡើង ស្របពេលដែលខេត្តព្រះសីហនុកំពុងទាក់ទាញខ្លាំងបណ្ដាវិនិយោគិន និងភ្ញៀវទេសចរ ពិសេសជនជាតិចិន ដែលមានទាំងមតិទិតៀនថាផលប្រយោជន៍ពីសក្ដានុពលក្នុងតំបន់ឆ្នេរមួយនេះត្រូវបានទៅអ្នកជំនួញចិន ជំនួសពលរដ្ឋចាស់ស្រុក។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អះអាងថាលោកមិនបានដឹងពីគម្រោងនេះឡើយ។ នេះបើតាមការស្រង់សំដីអភិបាលខេត្តរូបនេះដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២១ខែមិថុនា។ កាសែតមួយនេះបានផ្សាយថា គម្រោងនេះត្រូវបានវិនិយោគរួមរវាងក្រុមហ៊ុនចិន AMC International និងក្រុមហ៊ុនម៉ាឡេស៊ី SV International ដែលបង្កើតក្រុមហ៊ុន Wisney Resort City Development Co., Ltd សម្រាប់ធ្វើប្រតិបត្តិការគម្រោង៕
© រក្សាសិទ្ធិដោយ thmeythmey.com