អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​៖ ត្រាំ បង្ខំ​ឲ្យ​អឺរ៉ុប​បង្កើត​កិច្ចសហប្រតិបត្តិការ​យោធា​ថ្មី​
22, Jun 2018 , 9:19 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly (រូបភាព AFP)
​ភាពមិនច្បាស់លាស់​នៃ​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​មិន​ស្រណុកចិត្ត​យ៉ាងខ្លាំង ជាពិសេស​លើ​វិស័យ​យោធា​។ ការទាមទារ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​លោក ត្រាំ ឲ្យ​អឺរ៉ុប​ចេញថ្លៃ​ចំណាយ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​មិនសូវ​រីករាយ​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly នៅ​ថ្ងៃទី​២១ ខែមិថុនា និយាយថា អឺរ៉ុប​ត្រូវការ​សមាហរណកម្ម​យោធា​ខ្លួនឯង បើ​អាមេរិក​នៅតែ​មិន​ច្បាស់លាស់​បែបនេះ​។​



​តាំងពី​ឡើងកាន់តំណែង​មក​នោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនបាន​បង្ហាញ​ការប្ដេជ្ញាចិត្ត​ច្បាស់លាស់​ចំពោះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ឡើយ ទោះជា​អាមេរិក​មានឈ្មោះ​ជា​បងធំ​ក្ដី​។ ការចេញ​ថ្លៃ​ចំណាយ​របស់​ណា​តូ ជា​បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ឈឺក្បាល​ខ្លាំង​។ ជា​ញឹកញយ អាមេរិក​តែង​ទទូច​ឲ្យ​រដ្ឋ​អឺរ៉ុប​ដែលជា​សមាជិក​ណា​តូ បង្កើន​ការចំណាយ​របស់ខ្លួន​ដើម្បី​អាមេរិក​អាច​កាត់បន្ថយ​ទំហំ​ទឹកប្រាក់​ដែល​ខ្លួន​ត្រូវ​ចំណាយ​លើ​សម្ព័ន្ធ​យោធា​នេះ​។

​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly លើកឡើង​តាម​កញ្ចក់​ទូរទស្សន៍ France 2 ថា ក្នុងជំនួប​ណា​តូ​ឆ្នាំមុន លោក ត្រាំ មិនបាន​បង្ហាញ​ការគាំទ្រ​ចំហរ​ជុំវិញ​គោលការណ៍​របស់​ណា​តូ «​នៅពេល​រដ្ឋ​សមាជិក​មួយ​រង​ការវាយប្រហារ សមាជិក​ផ្សេងទៀត​ចេញ​ទ័ព​ជួយ​» ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Parly ចាត់ទុក​ជំហរ​របស់លោក ត្រាំ ជាការ​បង្ករឿង​ធ្វើ​ឲ្យ​ស្រពេចស្រពិល​។​

​ដោយសារតែ​រឿង​លុយ​ចំណាយ​នេះហើយ ទើប​ធ្វើ​ឲ្យ​អាមេរិក និង​សមាជិក​ផ្សេងទៀត​មើលមុខ​គ្នា​មិនសូវ​ត្រង់​។ លោក ត្រាំ ដែលមាន​ម្ដងនោះ​ហៅ​ណា​តូ​ជា​អង្គការ​ហួស​សម័យ និយាយថា អាមេរិក​បាន​រង​អ​ម្រែ​ក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ ហើយ​បានទាមទារ​ឲ្យ​សមាជិក​ណា​តូ​នៅ​អឺរ៉ុប​ចេញថ្លៃ​ចំណាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​ផង​។ ប្រមុខ​ការពារជាតិ​បារាំង​ខាងលើ​ទាយ​ទុក​មុន​ថា លោក ត្រាំ នឹង​និយាយ​រឿងនេះ​ម្ដងទៀត​ក្នុងជំនួប​ណា​តូ​នៅ​ខែក្រោយ​។​

​ក៏​ព្រោះតែ​ការទាមទារ​ឥត​ឈប់​នេះ លោកស្រី Parly និយាយ​ដោយ​ត្រង់​ថា ការបង្កើត​យោធា​រួម​នៅ​អឺរ៉ុប ជា​រឿង​ចាំបាច់​ក្នុង​កាលៈទេសៈ​ដែល​គេ​មិន​ច្បាស់​ពី​ការ​សន្ម​ត់​ដែល​អឺរ៉ុប​ធ្លាប់មាន​៧០​ឆ្នាំ​មកហើយ​នោះ​។ បើតាម​សម្ដី​រដ្ឋមន្ត្រី​ស្ត្រី​រូបនេះ បារាំង និង​អាល្លឺម៉ង់​បានធ្វើ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​រូ​ច​ហើយ​តាមរយៈ​ការឯកភាព​គ្នា​លើ​ការបង្កើត​រួមគ្នា​នូវ​រថក្រោះ និង​យន្តហោះ​ចម្បាំង​ជំនាន់​សម្រាប់​ប្រើ​ក្នុង​ជួរ​កងទ័ព​រៀងៗ​ខ្លួន ក៏ដូចជា​បង្កើត​កម្លាំង​ឆ្លើយតប​រួម​ផង​។​

​យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​បារាំង​ក៏​ទទួលស្គាល់​ដែរ​ថា ប្រទេស​សមាជិក​ណា​តូ​ជាច្រើន​នៅ​បន្ត​ទិញ​សម្ភារ​យោធា​ពី​ប្រទេស​មិនមែន​អឺរ៉ុប​ដដែល តែ​លោកស្រី​និយាយ​បែប​ដៀមដាម​ថា លោកស្រី​មិនចាំបាច់​និយាយ​ចំឈ្មោះ​អាមេរិក​ឡើយ​។ លោកស្រី​ចាត់ទុក​បញ្ហា​ជា​រឿង​ដែល​ត្រូវ​ផ្លាស់ប្ដូរ ព្រោះ​អឺរ៉ុប​មិនត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ប្រទេសក្រៅ​តំបន់​ឡើយ​៕


Tag:
 អាមេរិក​
  អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ​
  Florence Parly
© រក្សាសិទ្ធិដោយ thmeythmey.com