អន្តរជាតិ
សហភាព​អឺរ៉ុប ប្តេជ្ញា​បន្ត​គាំពារ​ប្រជាជន​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ និង​ដោះស្រាយ​បញ្ហា​ដែល​បង្ខំ​ឲ្យ​ប្រជាជន​ភៀសខ្លួន​
22, Jun 2018 , 10:16 am        
រូបភាព
រូបភាព៖ EU Observer
រូបភាព៖ EU Observer
ដោយ: ថ្មីៗ
​គណៈកម្មាការ​អឺរ៉ុប បានបង្ហាញ​ការប្តេជ្ញាចិត្ត​បន្ត​ចូលរួម​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ពិភពលោក​នៅ​ថ្ងៃ ២០ ខែមិថុនា​ឆ្នាំ ២០១៨​នេះ​។ ក្នុងនាម​ជា​ភាគី​ម្ចាស់ជំនួយ សហភាព​អឺរ៉ុប​សន្យា​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌ គាំទ្រ​ដល់​ជនភៀសខ្លួន និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដែលជា​ឬ​សគល់​នៃ​វិបត្តិ​ជនភៀសខ្លួន​ថែមទៀត​ផង​។



​សេចក្តីថ្លែងការណ៍​រួមមួយ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ដើម្បី​អបអរ​ថ្ងៃ​«​ជនភៀសខ្លួន​ពិភពលោក​»​ឆ្នាំ ២០១៨ បាន​បង្ហាញថា គិត​ត្រឹម​ឆ្នាំ ២០១៨ នេះ​ចំនួន​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ​នៅ​ទូទាំង​ពិភពលោក​កើនឡើង​លើស ៦៨ លាន​នាក់​ហើយ​។ បញ្ហា​ចម្បង​ដែល​បង្ក​ឲ្យ​មានការ​បម្លាស់​ទី​ដោយ​បង្ខំ​នេះ​មានដូចជា​សង្គ្រាមស៊ីវិល ជម្លោះ និង​ប្រែប្រួល​អាកាសធាតុ​ផងដែរ ហើយ​វា​ក៏​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​សហគមន​អន្តរជាតិ​ផងដែរ​។ 

«​រៀងរាល់​នាទី រៀងរាល់ថ្ងៃ មនុស្ស​ប្រហែល ៣១​នាក់​ត្រូវ​រង​ការបង្ខិតបង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​។ ថ្ងៃនេះ​មនុស្ស​យ៉ាងហោចណាស់ ៦៨,៥ លាន​នាក់​ត្រូវ​ចាក​ចេញពី​ផ្ទះសម្បែង​ដោយសារតែ​ជម្លោះ ការធ្វើ​ទុក​បុក​ម្នេញ និង​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ ឬ​ផលប៉ះពាល់​នានា​ដែល​បង្កើតឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងចំណោម​នោះ ២៥,៤ លាន​នាក់​ជា​ជនភៀសខ្លួន​»​។ នេះ​ជាការ​លើកឡើង​នៃ​សេចក្តីថ្លែងការណ៍​រួម​គណៈកម្មការ​អឺរ៉ុប​នេះ​។

​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល គណៈកម្មការ​អឺរ៉ុប​បាន​អធិប្បាយ​ថា បណ្តា​សមាជិក​សហភាព​អឺរ៉ុប​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើយ៉ាងណា​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន និង​ជួយ​គាំពារ​ពួកគេ ដោយ​អនុលោម​តាម​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ ១៩៥១ ដែល​ចែង​ពី​ឋានៈ​នៃ​ជនភៀសខ្លួន​នោះ​។​

​ក្នុងនាម​ជា​ម្ចាស់ជំនួយ​នាំមុខគេ​លើ​ពិភពលោក សហភាព​អឺរ៉ុប​បានផ្តល់​ជំនួយ​មនុស្សធម៌ និង​ការគាំទ្រ​នានា​ត្រូវ​ដល់​ជនភៀសខ្លួន អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន អ្នក​ផ្លាស់​ទីជម្រក​ដោយ​បង្ខំ ទោះជា​នៅក្នុង​និង​ក្រៅ​អឺរ៉ុប​ក្តី​។ ដូច​ឃើញស្រាប់ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ជនអន្តោប្រវេសន៍​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ សហភាព​អឺរ៉ុប​បានផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនភៀសខ្លួន​រាប់សែន​នាក់​ដែល​រត់គេច​ពី​សង្គ្រាម ជម្លោះ​ប្រដាប់អាវុធ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផងដែរ​។

​មកដល់​ពេលបច្ចុប្បន្ន​នេះ អឺរ៉ុប​ក៏​បន្ត​ផ្តល់​ការការពារ ការគាំទ្រ និង​បន្ត​ឈរ​នៅ​ជាមួយ​រាល់​ប្រជាជន​ទាំងឡាយណា​ដែល​ត្រូវការ​ជំនួយ​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៧ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​បានផ្តល់​ការការពារ​ខ្លួន​ដល់​ប្រជាជន​យ៉ាងហោចណាស់ ៥៣៨០០០​នាក់​ឯណោះ​។

​ដោយឡែក ជា​តួអង្គ​សំខាន់​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ដែរនោះ សហភាព​អឺរ៉ុប​ក៏​ព្យាយាម​បង្កើន​តួនាទី​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​មូលហេតុ​ចម្បង​នានា​ដែល​ធ្វើ​ឲ្យ​កើតមាន​វិបត្តិ​ទាំង​នេះដែរ​។ សហភាព​អឺរ៉ុប​តែងតែ​ប្រើប្រាស់​មធ្យោបាយ​ការទូត​ដើម្បី​បញ្ចប់​ជម្លោះ និង​បង្កើត​ស្ថិរភាព និង​សន្តិភាព​លើ​ពិភពលោក​ទាំងមូល​ផង​។

​សេចក្តីថ្លែងការណ៍​ដដែល​នោះ​គូសបញ្ជាក់ថា​៖«​ក្នុងពេលដែល​មានការ​កើនឡើង​នៃ​ការប្រើប្រាស់​វោហា​សព្ទ​ប្រឆាំង​ជនភៀសខ្លួន​ជា​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​និង​ការធ្វើ​ទ​ក្ខ​បុក​ម្នេញ សហភាព​អឺរ៉ុប​នឹង​បន្ត​ការពារ​ប្រជាជន​ដែល​ត្រូវការ​ជំនួយ ហើយ​យើង​ក៏​នឹង​បន្ត​ប្រឹងប្រែង​នាំ​ស្ថិរភាព​ទៅកាន់​តំបន់​ដែល​កំពុងមាន​ជម្លោះ​ផងដែរ​»៕



Tag:
 គណៈកម្មការ​អឺរ៉ុប​
  ជនភៀសខ្លួន​ពិភពលោក​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com