ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ស្នើទៅគ្រប់សាកលវិទ្យាល័យ ឲ្យនិស្សិតក្រីក្ររៀនជំពាក់
× ទាំងសាកលវិទ្យាល័យរបស់រដ្ឋ និងឯកជន ឬក៏គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា គួរពិនិត្យមើល ក្នុងការផ្តល់លទ្ធភាពឲ្យនិស្សិតដែលជួបការលំបាក់ ជាពិសេសនិស្សិតក្រីក្រ បានសិក្សាដោយជំពាក់ការបង់ថ្លៃ។ នេះជាអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង៣ពាន់នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
ប្រមុខរដ្ឋាភិបាល មើលឃើញទៀតថា មាននិស្សិតខ្លះ អាចមានលទ្ធភាពបង់ថ្លៃ ពេលកំពុងសិក្សាក្នុងឆ្នាំទី១ឬឆ្នាំ២។ ប៉ុន្តែ និស្សិតទាំងនោះ អាចជួបរឿងអកុលលណាមួយដោយចៃដន្យ ដូចជា ឪពុកឬម្តាយ ជួបបញ្ហា ឬបាត់បង់ជីវិត ជាដើម ក៏ធ្វើឲ្យពួកគេ លែងមានលទ្ធភាពក្នុងការបង់ថ្លៃ។ នាយករដ្ឋមន្ត្រី បានស្នើឲ្យបណ្តាគ្រឹះស្ថានសិក្សា ពិនិត្យមើលចំណុចនេះ ហើយអនុញ្ញាតឲ្យពួកគេបន្តការសិក្សា ដោយជំពាក់។
មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រៅពីការផ្តល់អាហារូបករណ៍ តើយើងអាចធ្វើទៅបានទេ [ដោយឲ្យនិស្សិត ដែលជួបការលំបាក រៀនដោយជំពាក់] ព្រោះនេះជាការសង្គ្រោះ ដើម្បីកាន់បន្ថយចំនួនអ្នក ដែលបោះបង់ចោលការសិក្សា ដោយសារគ្មានប្រាក់»។
លើសពីនេះ សម្តេច ហ៊ុន សែន ថែមទាំងជំរុញឲ្យបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ផ្តល់នូវប្រាក់កម្ចី ដែលមានការប្រាក់ទាប ដល់និស្សិត ដើម្បីយកទៅបង់ថ្លៃសម្រាប់ការសិក្សា។ ប្រមុខរដ្ឋាភិបាល និយាយបែបនេះថា៖«យើងសង្ឃឹមថា ការយោគយល់របស់ធនាគារ ក៏អាច ជួយចូលរួមចំណែក ដើម្បីឲ្យនិស្សិតក្រីក្ររបស់យើង ដែលស្វះស្វែងរកការសិក្សា ទទួលបានប្រាក់កម្ចីសម្រាប់បង់ការសិក្សា»។
គួររម្លឹកថា ក្នុងពិធីបិទសន្និសីតអន្តរជាតិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសរណ៍អាស៊ាន (ASEAN MRA-TP) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២0១៨ សម្តេច ហ៊ុន សែន បានអំពាវនាវដល់បណ្ដាធនាគារឯកទេសទាំងឡាយ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិតដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com