អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ចេញមុខ​អរគុណ​អ្នកគាំទ្រ​ខ្លួន​តាម​បណ្តាញ​សង្គម​ជាថ្មី ក្រោយ​ស្ងប់ស្ងាត់​អស់​ច្រើន​ខែ​
22, Jun 2018 , 11:48 am        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ចេញមុខ​នៅតាម​បណ្តាញ​សង្គម​ជាថ្មី បន្ទាប់ពី​រក្សា​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​នោះ​។ ការបង្ហាញ​វត្តមាន​នៅក្នុង​បណ្តាញ​សង្គម​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​គឺ ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​របស់លោក​ស្រី ដែល​បាន​ផ្ញើ​សារ​ជូនពរ​ថ្ងៃកំណើត ក៏ដូចជា​បង្ហាញ​ការ​នឹករលឹក​លោកស្រី​ដែរ​។



​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​២១ មិថុនា បាន​វិល​ត្រលប់​មកកាន់​បណ្តាញ​សង្គម​ទាំង Facebook និង Instagram ដោយ​ថែម​បាន​អត្ថាធិប្បាយ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​របស់លោក​ស្រី ដែល​បាន​ផ្ញើ​សារ​ជូនពរ និង​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​លោក​ស្រី​នាឱកាស​ខួបកំណើត​អាយុ ៥១​ឆ្នាំ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post លោកស្រី បានសរសេរថា​៖« នេះ គឺជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​ប្រារព្ធ​ខួបកំណើត​របស់ខ្ញុំ​នៅក្រៅ​ប្រទេស​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាជន​ថៃ​ដែល​នៅតែ​នឹករលឹក​ដល់​រូបខ្ញុំ​»​។ លោកស្រី​ក៏បាន​ឆ្លៀតឱកាស​អរគុណ​បងប្រុស​ខ្លួន គឺ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​តែងតែ​មើលថែ​លោកស្រី​យ៉ាង​ល្អ​ក្នុងពេល​រស់នៅ​ក្រៅប្រទេស​នេះ​។​

​គួរ​ជម្រាប​ផងដែរ ក្រោយ​របប​សឹក​ដឹកនាំ​ប្រទេស លោកស្រី យី​ង​ឡាក់ មិនមាន​សកម្ម​នៅក្នុង​បណ្តាញ​សង្គម​ផុសផុល​ឡើយ​។ ពេល​ចុងក្រោយ​ដែល​លោកស្រី ផ្ញើ​សារ​នៅក្នុង​បណ្តាញ​សង្គម Facebook ត្រូវបាន​ធ្វើឡើង​នៅ​ខែសីហា​ឆ្នាំមុន ពេលនោះ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់លោក​ស្រី កុំ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល ក៏ដូចជា​តុលាការ​ថៃ ដែល​បាន​ជំនុំជម្រះ​សំណុំរឿង​លោកស្រី ដែល​គេ​ជឿជាក់ថា ជា​រឿង​នយោបាយ​សុទ្ធសាធ​នោះ​។

​គឺ​ក្នុង​ខែសីហា​ឆ្នាំ ២០១៧ នោះ​ហើយ ដែលជា​ពេល​លោកស្រី យី​ង​ឡាក់ សម្រេច​ចាកចេញ​ពី​ប្រទេស ស្របពេល​តុលាការ​ថៃ​បាន​បើក​ការជំនុំជម្រះ និង​ចោទប្រកាន់ថា លោកស្រី​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ធ្វេសប្រហែស​ធ្វើ​ឲ្យ​បាត់​ថវិការដ្ឋ​រាប់លាន​ដុល្លារ​។ មកទល់ពេលនេះ​លោកស្រី យី​ង​ឡាក់ ត្រូវបាន​តុលាការ​ថៃ ផ្ទ​ន្ទា​ទោស​កំបាំងមុខ និង​ថែមទាំង​ត្រូវគេ​រឹបអូស​ទ្រព្យសម្បត្តិ​ថែមទៀត​ផង​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com